នគរបាល​ព្រហ្មទណ្ឌ​ចាប់ខ្លួន​យុវជន​២​នាក់​ពាក់ព័ន្ធ​ករណី​ចាប់បង្ខំ​រួម​ភេទ​លើ​ក្មេង​ស្រី​អនីតិជន

ព្រះ​វិហារ ៖ យុវជន​២​នាក់​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ចាប់ខ្លួន​ពី​បទ​បង្ខំ​រួម​ភេទ​លើ​ក្មេង​ស្រី​អនីតិជន​រហូត​បាន​សម្រេច ដែល​ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៥ ។

ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មាន ១-​ឈ្មោះ ធិ​ន ថោ​ង  ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កសិករ និង ២-​ឈ្មោះ ហ៊ិ​ន ភាព ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កសិករ អ្នក​ទាំង​២​រស់នៅ​ភូមិបុស្ស ឃុំ​រីករាយ ស្រុក​រវៀង ខេត្តព្រះវិហារ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ជា​សិស្ស​សាលា ទើប​តែ​មាន​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ ។

លោក សាយ ដេ​ត អធិការ​នគរបាល​ស្រុក​រវៀង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩​វិច្ឆិកា​នេះ​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ម្តាយ​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ពាក់ព័ន្ធ​នឹង​ការ​ចាប់បង្ខំ​រួម​ភេទ​លើ​ក្មេង​ស្រី​អ​និ​តិ​ជន​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ លោក​ក៏​បាន​ដាក់​កម្លាំង​នគរបាល​ស៊ើបអង្កេត​អស់​រយៈពេល​២​ថ្ងៃ ។ រហូត​មក​ដល់​​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​ ទើប​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ខាងលើ ដើម្បី​ធ្វើការ​សាកសួរ ។

ប្រភព​ពី​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ពួក​ខ្លួន​មាន​គ្នា​៣​នាក់​បាន​នាំ​គ្នា​ទៅ​លេង​បុណ្យកឋិន​នៅ​វត្ត​ស្រះ​ចក ស្ថិត​នៅ​ក្នុងស្រុក​រវៀង ពេល​បុណ្យ​ចប់ ពួក​គេ​បាន​បបួល​គ្នា​មក​លេង​ផ្ទះ​នារី​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ដែល​ត្រូវជា​បងជីដូនមួយ ពេល​មក​ដល់​ផ្ទះ​ឪពុកមា និង​ម្ដាយមីង តែ​ពួក​គាត់​បាន​ទៅ​ចំការ​អស់ ហើយ​ក៏​បាន​ជួប​ជនសង្ស័យ​ទាំង​២​ខាងលើ​ដែល​ធ្លាប់​ស្គាល់គ្នា បាន​ជជែក​គ្នា​លេង នៅ​ពេល​នោះ​គ្នីគ្នា​២​នាក់​ទៀត​ដែល​មក​ជាមួយ​ខ្លួន​បាន​នាំ​គ្នា​ឡើង​ទៅ​លើ​ផ្ទះ​បង​ជីដូនមួយ ខណៈ​នោះ​ជនសង្ស័យ​ឈ្មោះ ធិ​ន ថោ​ង បាន​បបួល​លួងលោម​រូប​នាង​ឲ្យ​ដើរទៅ​ក្រោយ ហើយ​ចាប់​រំ​លោប​រូប​នាង​តែ​ម្ដង​ដោយ​គំរាម​ថាបើ​ហ៊ាន​ស្រែក និង​សម្លាប់​ចោល ពេល​រំលោភ​បាន​សំរេច​ម្ដង​ហើយ ជនសង្ស័យ​នោះ​បាន​ចាប់​រំ​លោភ​នាង​ម្ដងទៀត នាង​ក៏​បាន​ស្រែក​ឲ្យ​គេ​ជួយ​ពេល​នោះ​ជនសង្ស័យ​ឈ្មោះ ហ៊ិ​ន ភាព ឮ​ក៏​បាន​រត់​មក​ដល់​ឃើញ​កំពុង​ប្រតាយប្រតប់​គ្នា ស្រាប់តែ​ឈ្មោះ ហ៊ិ​ន ភាព បែរ​ជា​​ជួយ​ចាប់ និង​បិត​មាត់​នាង​មិន​ឲ្យ​ស្រែក និង​ឲ្យ​ជនសង្ស័យ​ឈ្មោះ ធិ​ន ថោ​ង រំលោភ​នាង​បាន​សំរេច​ម្ដងទៀត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​រៀបរាប់​របស់​ក្មេង​ស្រី​រង​គ្រោះ​ពិតប្រាកដ​មែន ។

យើង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​ក៏​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​កាល​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ២០១៥ ៕