សហគមន៍​អះអាង​ថា​ក្រុមហ៊ុន​ចិន​រំលោភ​កិច្ចព្រមព្រៀង​ឈប់​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​រស់​នៅ​ភូមិ​ប៉ាតក់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ចោទ​ប្រកាន់​ក្រុមហ៊ុន​ចិន ឈ្មោះ ជីង ហ្យុង រី (Jing Zhong Ri) ថា បាន​បំពាន​កាប់​យក​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​ហាមឃាត់ ​រំលោភ​កិច្ចសន្យា​ដែល​ក្រុមហ៊ុន​បាន​ព្រមព្រៀង​ជាមួយ​សហគមន៍។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ជា​សាក្សី​ក្នុង​កិច្ចសន្យា​អំពាវនាវ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ស៊ើប​អង្កេត​រឿង​នេះ។

តំណាង​សហគមន៍​ភូមិ​ប៉ាតក់ ព្រមាន​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ថា នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​សកម្មភាព​លួច​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស ប្រសិន​ក្រុមហ៊ុន​សម្បទាន ជីង ហ្យុង រី នៅ​តែ​បំពាន​កិច្ចសន្យា​ឈប់​កាប់​ឈើ​គ្រា​ដែល​សមត្ថកិច្ច​បរិស្ថាន​មិន​ទាន់​កំណត់​ព្រំ​ដី​សម្បទាន និង​ដី​ព្រៃ​សហគមន៍​បាន​ជាក់លាក់។

កាល​ពី​ចុង​ខែ​កក្កដា សហគមន៍​ភូមិ​ប៉ាតក់ ជាង ១០០​នាក់ បាន​ឯកភាព​គ្នា​ប្រគល់​រថយន្ត​ស្ទូច​ឈើ​មួយ​គ្រឿង​ដែល​សហគមន៍​រឹប​អូស​ពី​ក្រុមហ៊ុន ជីង ហ្យុង រី ដែល​បាន​ចូល​កាប់​យក​ឈើ​ក្នុង​ព្រៃ​សហគមន៍។ បន្ទាប់​ពី​ការ​រឹប​អូស​នោះ មាន​កិច្ច​ប្រជុំ​សម្របសម្រួល​រវាង​ក្រុមហ៊ុន និង​សហគមន៍ និង​មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចូល​រួម។ ដោយ​ឡែក​តំណាង​ក្រុមហ៊ុន​ក៏​បាន​សន្យា​ថា ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ប្រសិន​ក្រុមហ៊ុន​កាប់​ឈើ​ឈរ​ក្នុង​តំបន់​ព្រៃ​សម្បទាន និង​កាប់​ឈើ​មូល​ពី​ក្រៅ​ដី​សម្បទាន។

តំណាង​សហគមន៍ លោក អិន ខាំបែក មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ជា​ថ្មី​ទៀត ក៏​ប៉ុន្តែ​កម្មករ​ក្រុមហ៊ុន​បាន​ព្យាយាម​ទម្លាក់​ឈើ​ចោល ហើយ​បើក​រថយន្ត​រត់​គេច ខណៈ​សហគមន៍​ប៉ុនប៉ង​ស្ទាក់​ចាប់​រថយន្ត​នោះ៖ «អារ​រំលំ​ឈើ​ក្នុង​ដី​សហគមន៍​ហាម​ឃាត់ ហើយ​មាន​កិច្ចសន្យា​មិន​ទាន់​យល់​គ្នា។ រាប់​រយ​ដើម រាប់​មិន​អស់​មួយ​ថ្ងៃ​ពីរ​បី​ឡាន សហគមន៍​ឃើញ​ដឹក​ចូល»

ក្រុមហ៊ុន ជីង ហ្យុង រី ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ៩​ពាន់​ហិកតារ នៅ​​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ក៏ប៉ុន្តែ​មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​មិន​ទាន់​មាន​ការ​អនុញ្ញាត​​កាប់​ឈើ​ឈរ​ក្នុង​តំបន់​ដី​សម្បទាន ជា​ពិសេស​កាប់​ឈើ​ក្រៅ​តំបន់​ដី​សម្បទាន។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ជីង ហ្យុង រី សុំ​អធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។

ទោះ​ជា​យ៉ាង​ក្តី ប្រធាន​ទីស្នាក់ការ​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​លំផាត់ លោក ធឹម ចិត្រ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​ករណី​នេះ​នៅ​ឡើយ។ បន្ថែម​លើ​នេះ លោក​អះអាង​ថា កិច្ច​ព្រមព្រៀង​រវាង​សហគមន៍​ហាម​កាប់​ឈើ​នៅ​តំបន់​ត្រួត​ស៊ី​គ្នា​រវាង​ដី​សម្បទាន និង​ព្រៃ​សហគមន៍ នៅ​តែ​ជា​ធរមាន ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មាន​អាជ្ញាប័ណ្ណ​ដាក់​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ដែល​ប្រមូល​ក្នុង​ដី​សម្បទាន លើកលែង​តំបន់​ត្រួត​ស៊ី​គ្នា​ដែល​ត្រូវ​ផ្អាក​ការ​ប្រមូល​ឈើ​ជា​បណ្ដោះអាសន្ន៖ «ខ្លាច​មាន​បញ្ហា​ហ្នឹង​ធ្វើ​កិច្ច​សន្យា​ខាង​ណា​ក៏​អត់​ទាន់​ធ្វើ​ដែរ តែ​ប្រជាជន​កាប់​ចង់​អស់ យើង​នៅ​តែ​នេះ ព្រោះ​អត់​ទាន់​ដោះស្រាយ​គ្នា ប្រជាជន​គាត់​ថា ដី​របស់​គាត់។ ចាំ​មើល​ខ្ញុំ​ស៊ើប​សួរ​ខាង​ក្រុមហ៊ុន​មើល»

ដូច​គ្នា​នេះ​ដែរ ជំទប់​ទី​១ ឃុំ​សេដា លោក ធូន សុវណ្ណ មាន​ប្រសាសន៍​ដែរ​ថា ព្រៃ​នៅ​តំបន់​នោះ​ត្រូវ​គេ​​កាប់​យក​ឈើ​មាន​តម្លៃ​ទាំង​សមាជិក​សហគមន៍ និង​ក្រុមហ៊ុន​សម្បទាន​នៅ​ក្បែរ​នោះ។ លោក​ថា នេះ​​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​អនុរក្ស​ដែន​ជម្រក​សត្វព្រៃ​លំផាត់៖ «ក្រុមហ៊ុន ​ចូល​កាប់​ក៏​ខុស​ សហគមន៍​ចូល​កាប់​ក៏​ខុស។ សហគមន៍​កាប់​ក្រុមហ៊ុន​មក​ចាប់ ដល់​ក្រុមហ៊ុន​កាប់​សហគមន៍​ចាប់​វិញ។ ទាំង​អស់​គ្នា​អ៊ីចឹង​ពិបាក»

​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) លោក ឆាយ ធី និង​មន្ត្រី​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មាស សុភា សុទ្ធតែ​បាន​ចូល​ល​រួម​ជា​សាក្សី​ទាក់ទិន​ការ​សម្របសម្រួល​រវាង​សហគមន៍ និង​ក្រុមហ៊ុន​ស្ដីពី​កិច្ច​ព្រមព្រៀង​បញ្ឈប់​​ការ​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស។ មន្ត្រី​ទាំង​ពីរ​ចាត់​ទុក​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ប្រសិន​ភាគី​ណា​មួយ​បាន​រំលោភ​កិច្ច​ព្រមព្រៀង៖ «សមត្ថកិច្ច ​ហ្នឹង​ត្រូវ​ចាត់​វិធានការ ក៏​ដូចជា​ក្រុមហ៊ុន​ដែរ ត្រូវ​តែ​អនុវត្ត​កិច្ច​សន្យា​មាន​ពី​មុន​មក។បើ​សិន​ករណី​ហ្នឹង​ជា​ករណី​ ក្រុមហ៊ុន​ធ្វើ​មែន យើង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​នៅ​តំបន់​ហ្នឹង​ស៊ើប​អង្កេត​មើល»

តំណាង​សហគមន៍​ដដែល​ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​ឃើញ​គំនរ​ឈើ​មូល​រាប់​រយ​ដើម​ត្រូវ​បាន​ក្រុមហ៊ុន​កាប់ ហើយ​ដឹក​ជញ្ជូន​ចូល​រោង​អារ​ឈើ​មាន​ទីតាំង​នៅ​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន ដើម្បី​អារ​ច្រៀក​នាំ​ចេញ​ទៅ​ទីផ្សារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។