ពលរដ្ឋ​ភូមិ​តានី​ខេត្ត​សៀមរាប​ចោទ​អាជ្ញាធរ​អប្សរា​ថា​យក​គ្រឿងចក្រ​ជីក​ផ្ដាច់​ផ្លូវ​បរ​រទេះ

ការ​ខ្វែង​គំនិត​គ្នា​រវាង​អ្នក​ភូមិ​ខ្លះ​នៃ​ភូមិ​តានី នៃ​ឃុំ​រុនតាឯក ជាមួយ​នឹង​អាជ្ញាធរ​អប្សរា បាន​កើត​មាន និង​អូស​បន្លាយ​រយៈពេល ៤-៥​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​ស្ថាប័ន​នេះ​បាន​ចូល​ទៅ​ធ្វើ​ភូមិ​អភិវឌ្ឍន៍​ធម្មជាតិ​រុនតាឯក ដោយ​កាន់​កាប់ និង​គ្រប់គ្រង​ផ្ទៃ​ដី​ច្រើន​រយ​ហិកតារ​នៅ​ទីនោះ​មក។

កាល​ពី​ដើម​ខែ​វិច្ឆិកា ក្រុម​អ្នក​ភូមិ​តានី ជាច្រើន​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​បិទ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ មិន​ឲ្យ​រថយន្ត​ដឹក​ដី​ធំៗ ព្រម​ទាំង​រថយន្ត​របស់​អាជ្ញាធរ​អប្សរា​ចេញ​ចូល​បាន​ទេ។ ក្រុម​អ្នក​ភូមិ ទាមទារ​ឲ្យ​អាជ្ញាធរ​អប្សរា​ដោះស្រាយ​លើ​បញ្ហា​ដែល​ធ្វើ​ឲ្យ​ខូច​ផល​ប្រយោជន៍​របស់​ពួក​គេ​មួយ​ចំនួន ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ដោះស្រាយ​អ្វី​ឡើយ។

អ្នក​ភូមិ​មួយ​ចំនួន​នៅ​ភូមិ​តានី ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៣៧​គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប បាន​ចោទ​ប្រកាន់​អាជ្ញាធរ​អប្សរា​ដែល​ទទួល​បន្ទុក​គ្រប់គ្រង​ភូមិ​អភិវឌ្ឍន៍​នៅ​តំបន់​ក្បែរ​នោះ ថា​បាន​ប្រើ​គ្រឿងចក្រ​កាយ​ផ្ដាច់​ផ្លូវ​ដែល​ពួក​គាត់​ធ្លាប់​តែ​បរ​រទេះ និង​បើក​គោយន្ត​ចេញ​ចូល​ទៅ​ស្រែ មិន​ឲ្យ​ឆ្លង​កាត់​បាន​ទៀត​ទេ។

ក្រុម​អ្នក​ភូមិ​សម្ដែង​កំហឹង​ថា ការ​កាយ​ផ្ដាច់​ផ្លូវ​ចេញ​ចូល​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ដឹក​ជញ្ជូន​ផល​ស្រូវ​ដែល​ត្រូវ​ច្រូត​កាត់​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ទឹក​ដែល​ធ្លាប់​តែ​ដក់​នៅ បាន​ហូរ​ចេញ​អស់​បណ្ដាល​ឲ្យ​ស្រូវ​ខ្លះ​ខូចខាត​ទៀត​ផង។

បុរស​អ្នក​ភូមិ​តានី ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ​អប្សរា​មួយ​ចំនួន​ទៀត គឺ​លោក ហ៊ាន ហ៊ន។ លោក​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា កន្លង​ទៅ បុគ្គលិក​អាជ្ញាធរ​អប្សរា​ដែល​ប្រចាំ​ការ​នៅ​ភូមិ​អភិវឌ្ឍន៍​ធម្មជាតិ​រុនតាឯក បាន​យក​គ្រឿងចក្រ​ទៅ​ជីក​ផ្ដាច់​ផ្លូវ​ដែល​អ្នក​ភូមិ​ធ្លាប់​ចេញ​ចូល​ទៅ​ស្រែ មិន​ឲ្យ​ឆ្លង​កាត់​បាន​ទៀត​ទេ។ បុរស​ដដែល​បញ្ជាក់​ថា ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា គឺ​រូប​គាត់ និង​អ្នក​ភូមិ​ជាច្រើន​នាក់ បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​អប្សរា​ត​ភ្ជាប់​ផ្លូវ​នោះ​វិញ ក៏ប៉ុន្តែ​រហូត​មក​បច្ចុប្បន្ន មិន​មាន​ដំណោះស្រាយ​អ្វី​ទេ៖ «ខ្ញុំ​ឲ្យ​អប្សរា​នេះ​ជួសជុល​ផ្លូវ​ឡើង​វិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ឆ្លង​កាត់​បាន ឲ្យ​ក៏​ឲ្យ​បិទ​ទំនប់​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​វិញ ពីព្រោះ​ប្រជាពលរដ្ឋ​ត្រូវ​ការ​ទឹក​ធ្វើ​ស្រែ»

អ្នក​ភូមិ​តានី ជាច្រើន​នាក់​ទៀត ក៏​កំពុង​ទាមទារ​បញ្ហា​ដូច​គ្នា​នេះ ដោយ​ពួក​គេ​រិះគន់​ថា​មិន​មាន​អាជ្ញាធរ​មូលដ្ឋាន​ណា​អើពើ និង​មក​ដោះស្រាយ​ចំពោះ​បញ្ហា​ដែល​កំពុង​កើត​ឡើង​នេះ​ឡើយ។

លោកស្រី ឃុប សង គឺ​ជា​អ្នក​ភូមិ​តានី ម្នាក់​ទៀត​ដែល​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​នឹង​មន្ត្រី​អាជ្ញាធរ​អប្សរា​នៅ​ទីនោះ មាន​ប្រសាសន៍​ថា ស្រូវ​របស់​គាត់​មួយ​ចំនួន​បាន​ខូចខាត បន្ទាប់​ពី​អាជ្ញាធរ​អប្សរា​យក​គ្រឿងចក្រ​ទៅ​ជីក​កាយ​ដី ធ្វើ​ឲ្យ​ទឹក​ហូរ​អស់។ ស្ត្រី​ដដែល​បញ្ជាក់​ថា គាត់​ព្រួយ​បារម្ភ​ចំពោះ​អនាគត ប្រសិន​អាជ្ញាធរ​អប្សរា​នៅ​តែ​ធ្វើ​អ្វី​បាន​ស្រេច​តែ​ចិត្ត ហើយ​គ្មាន​អ្នក​ណា​អើពើ និង​ដោះស្រាយ មិន​យូរ​មិន​ឆាប់ គឺ​ដី​ស្រែ​របស់​គាត់​ដែល​មាន​ក្នុង​តំបន់​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា អាច​នឹង​បាត់បង់៖ «អត់​មាន​ឲ្យ​ប្រជាជន​សុខសាន្ត​សោះ គ្មាន​ទេ​ស្រូវ អត់​មាន​បាន​ច្រូត​កើត​ទេ ដូចជា​ស្មៅ​ខែ​ប្រាំង។ ចុះ​បើ​កាយ​ទឹក​ចោល​អស់ បើ​ដី​វា​ក្រៀម​អស់​រលីង​នោះ»

ទោះ​យ៉ាង​ណា មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​បដិសេធ​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ដោយ​ថា អាជ្ញាធរ​មិន​បាន​ទៅ​ជីក​ដី​បំផ្លាញ​ផ្លូវ និង​បើក​បង្ហូរ​ទឹក​ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​ទាំង​នោះ​ទេ។ តាម​ពិត គឺ​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ​ដែល​ព្យាយាម​រំលោភ​ចូល​ទៅ​រុក​រាន​ដី​របស់​គម្រោង​ភូមិ​អភិវឌ្ឍន៍​រុនតាឯក ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល មាន​ប្រសាសន៍​ថា ជា​ការ​ពិត មិន​មែន​អាជ្ញាធរ​អប្សរា​យក​គ្រឿងចក្រ​ទៅ​កាយ​ផ្ដាច់​ផ្លូវ​របស់​ប្រជាពលរដ្ឋ​ទេ គឺ​ចាប់​តាំង​តែ​ពី ៧​ឆ្នាំ​មុន នៅ​ពេល​ដែល​អាជ្ញាធរ​អប្សរា​ទៅ​សាងសង់​ភូមិ​អភិវឌ្ឍន៍​រុនតាឯក នៅ​ទីនោះ បាន​កាយ​ធ្វើ​ជា​ប្រឡាយ​ប្រព័ន្ធ​ភូមិ ដើម្បី​យក​អាចម៍​ដី​ទៅ​ចាក់​កសាង​ធ្វើ​ជា​ភូមិ​នៅ​ខាង​ក្នុង។ បច្ចុប្បន្ន អាចម៍​ដី​ផ្លូវ​វា​ចេះ​តែ​ច្រោះ​ហូរ​ចូល​មក​ក្នុង​ប្រឡាយ​វិញ ធ្វើ​ឲ្យ​ប្រឡាយ​វា​រាក់ ទើប​អ្នក​គ្រប់គ្រង​តំបន់​ភូមិ​អភិវឌ្ឍន៍ យក​គ្រឿងចក្រ​ទៅ​កាយ​ដី​ពី​ប្រឡាយ​មក​ចាក់​ជួសជុល​ផ្លូវ​ដែល​ខូចខាត​នោះ​ឡើង​វិញ​ប៉ុណ្ណោះ។

លោក ឡុង កុសល ទទួល​ស្គាល់​ថា ចាប់​តាំង​តែ​ពី​អាជ្ញាធរ​អប្សរា​បង្កើត​ភូមិ​អភិវឌ្ឍន៍​ធម្មជាតិ​រុនតាឯក ដើម្បី​ឲ្យ​កូន​ចៅ​អ្នក​រស់នៅ​ក្នុង​តំបន់​អង្គរ​ណា​ដែល​រៀបការ​ថ្មី មិន​អាច​សង់​ផ្ទះ​ពង្រីក​បាន គឺ​អាច​ទៅ​រស់នៅ​ទីនោះ​មក បាន​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ដី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​តានី ប្រមាណ ១៣​គ្រួសារ។ ដោយសារ​តែ​បញ្ហា​នេះ បាន​ជា​អ្នក​ភូមិ​ចេះ​តែ​រក​រឿង​អាជ្ញាធរ​អប្សរា។ ទោះ​យ៉ាង​ណា គឺ​អាជ្ញាធរ​អប្សរា រួម​នឹង​អាជ្ញាធរ​ស្រុក​បន្ទាយស្រី និង​ខេត្ត​សៀមរាប កំពុង​ព្យាយាម​ដោះស្រាយ​ដោយ​សន្តិវិធី៖ «នៅ​ក្នុង​ភូមិ​ធម្មជាតិ​យើង​ហ្នឹង វា​មាន​ចំណុច​មួយ​ដែល​កំពុង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ខេត្ត ជាមួយ​នឹង​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​បញ្ហា​អ្នក​ភូមិ​មួយ​ចំនួន​ដែល​កាន់​កាប់​ដី​ទីនោះ»

មេ​ឃុំ​រុនតាឯក លោក គុយ វ៉ៃ បញ្ជាក់​ថា កាល​ពី​អាជ្ញាធរ​អប្សរា​យក​គ្រឿងចក្រ​ទៅ​ជីក​ផ្ដាច់​ផ្លូវ​នោះ លោក​មិន​បាន​ដឹង​ទេ ពីព្រោះ​អាជ្ញាធរ​អប្សរា​ក៏​មិន​បាន​ប្រាប់​មក​ឃុំ ឯ​ប្រជាពលរដ្ឋ​ក៏​មិន​បាន​ប្ដឹង​ទៅ​អាជ្ញាធរ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​លើក​គ្នា​តវ៉ា ទើប​លោក​ដឹង ហើយ​លោក​បាន​ទៅ​ពិនិត្យ​មើល ព្រម​ទាំង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​អប្សរា ជួយ​សម្រប​សម្រួល​ឡើង​វិញ។ លោក​ថា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ឃើញ​ដំណោះស្រាយ​ទៅ​តាម​អ្វី​ដែល​អ្នក​ភូមិ​ចង់​បាន​នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​ណា លោក​មេ​ឃុំ​រុនតាឯក ទទួល​ស្គាល់​ថា ការ​ដែល​អាជ្ញាធរ​អប្សរា​យក​គ្រឿងចក្រ​ទៅ​ជីក​ផ្ដាច់​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ចេញ​ចូល​ទៅ​ស្រែ​នោះ វា​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មែន៖ «ខ្ញុំ​ដឹង​ថា ប៉ះពាល់​រឿង​បញ្ហា​សេដ្ឋកិច្ច។ បញ្ហា​ទី​២ រឿង​ផ្លូវ​ដឹក​ជញ្ជូន​សម្ភារៈ​របស់​គាត់​ដែល​ទៅ​ច្រូត​កាត់​នោះ»

មេ​ឃុំ​រុនតាឯក ឲ្យ​ដឹង​ថា ចំពោះ​បញ្ហា​ទំនាស់​រវាង​អ្នក​ភូមិ​តានី និង​អាជ្ញាធរ​អប្សរា​នេះ គឺ​លោក​ពុំ​មាន​លទ្ធភាព​ដោះស្រាយ​បាន​ទេ មាន​តែ​បញ្ជូន​កំណត់​ហេតុ និង​ឯកសារ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​ថ្នាក់​ស្រុក និង​ខេត្ត​សៀមរាប ឲ្យ​បន្ត​ដោះស្រាយ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ​ដែរ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត​សៀមរាប នៅ​មិន​ទាន់​បាន​ដឹង ហើយ​ក៏​មិន​ទាន់​បើក​ការ​ស៊ើប​អង្កេត​អ្វី​មួយ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។