លោក សម រង្ស៊ី និងលោក កឹម សុខា ជួបឧបការី ការបរទេសអាមេរិក ហើយប្រាប់ថា លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាធ្លាក់ចុះ

ភ្នំពេញេ៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី និង លោក កឹម សុខា បានជួបជាមួយនឹង លោក Daniel Russel ឧបការីរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក ជាថ្មីម្តងទៀត នៅប្រទេសហ្វីលីពីន។ នៅក្នុងជំនួបនោះ មេដឹកនាំគណបក្សសង្រ្គោះជាតិ បានប្រាប់ឧបការីការបរទេស សហរដ្ឋអាមេរិកថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង ។

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះនៅលើទំព័រ Facebook របស់លោក ប៉ុន្មាននាទីមុននេះថា «វេលាម៉ោង១៣៖៣០នាទី ថ្ងៃព្រហស្បតិ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងស្ថានទូតសហរដ្ឋអាមេរិក នាទីក្រុងManila ប្រទេសហ្វីលីពីន លោក សម រង្ស៊ី និង ខ្ញុំ បានជួបជាមួយ លោក Daniel Russel ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក។ក្នុងជំនួបជាមួយមេដឹកនាំ ប្រទេសមហាអំណាច ដ៏មានសារសំខាន់នេះ យើងបានពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់អំពី៖ ការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៃដំណើរការលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា ដែលសហគមន៍ជាតិ និងអន្តរជាតិ កំពុងព្រួយបារម្ភយ៉ាងខ្លាំង ហើយក៏កំពុងតែរកដំណោះស្រាយ»។

សូមជំរាបថា លោក សម រង្ស៊ី និងលោក កឹម សុខា បានចាកចេញពីប្រទេសកូរ៉េខាងត្បូង ហើយទៅដល់ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ។ នៅប្រទេសនេះ លោកមានគម្រោងជួបជាមួយ តំណាងប្រទេសមួយចំនួន ដែលចូលរួមកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ លោក បារ៉ាក អូបាម៉ា ប្រធានាធិបតីអាមេរិក ក៏ត្រូវចូលរួមក្នុងកិច្ចប្រជុំនេះដែរ៕

លោក សម រង្ស៊ី និងលោក កឹម សុខា ជួបឧបការី ការបរទេសអាមេរិក ហើយប្រាប់ថា លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាធ្លាក់ចុះ