រថយន្ត​ដឹក​ទំនិញ​ពី​ថៃ​បែកកា​ប៉ែន​ហ្វ្រាំង​ធ្លាក់​ផ្លូវ​ចំណោទ​ចង្កេះភ្នំ ក្រឡាប់​របួសធ្ងន់​ស្រាល​៣​នាក់

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​ដឹក​ទំនិញ​ពី​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​១​គ្រឿង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​​រង​របួសធ្ងន់​-​ស្រាល​កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ចង្កេះភ្នំ​ដងរែក ស្ថិត​នៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង​វែង ខេត្តឧត្តរមានជ័យ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​១​គ្រឿង​នេះ​បើកបរ​ចុះ​ពីលើ​កំពូលភ្នំ​ក្នុង​ល្បឿន​លឿន លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ចង្កេះភ្នំ​ជា​ផ្លូវ​ចោទ អ្នកបើកបរ​បាន​ជាន់​ហ្វ្រាំង តែ​មិន​ជាប់​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​ខាងឆ្វេង​ដៃ រួច​ក្រឡាប់​ផ្ងារជើង​បណ្ដាល​ឲ្យ​មនុស្ស​នៅ​ក្នុង​រថយន្ត​ម្នាក់​រង​របួសធ្ងន់ និង​២​នាក់​ទៀត​រង​របួសស្រាល ។

ប្រភព​ពី​មន្ត្រី​បម្រើ​ការងារ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​ល្ងាច​មាន​រថយន្ត​ដឹក​ទំនិញ​ថៃ​ចំនួន​៨១​គ្រឿង និង​មនុស្ស​ប្រុស​-​ស្រី​១៦២​នាក់ ចូល​តាម​មាត់ច្រក​ជាំ​សា​ងាំ ដោយ​មាន​គោលបំណង​ដឹក​ទំនិញ​គ្រប់មុខ​ឆ្ពោះទៅ​កាន់​ខេត្តសៀមរាប ធ្វើ​ពាណិជ្ជកម្ម​ពិព័រណ៍​រួម​គ្នា​ជាមួយ​កម្ពុជា ដោយឡែក​មាន​រថយន្ត​១​គ្រឿង​បាន​បែកកាប៉ែន​ហ្វ្រាំង បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ​ទៅ​ខាងឆ្វេង​ដៃ ដែល​មាន​ចម្រាក់​ទាប ​ទើប​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​៣​នាក់ (​មិន​មាន​ស្លាប់​) ត្រូវ​បាន​សមត្ត​កិច្ច​ថៃ​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ប្រទេស​របស់​ខ្លួន ៕