តើ​បក្ស​កាន់​អំណាច​កំពុង​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​ឬ​យ៉ាង​ណា?

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ថ្មីៗ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដែល​ភាគ​ច្រើន​លើសលប់​គឺ​ជា​សមាជិក​បក្ស​កាន់​អំណាច សម្រេច​លុប​ឈ្មោះ​លោក សម រង្ស៊ី ជា​អ្នក​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៥។ ការ​បញ្ឈប់​ប្រធាន​គណបក្ស​ជំទាស់​ពី​សមាជិក​សភា​នេះ ដើម្បី​បើក​ផ្លូវ​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​អំណាច​ដីកា​បង្គាប់​របស់​តុលាការ។ ក៏​ប៉ុន្តែ​ប្រធាន​គណបក្ស​ជំទាស់​ដែល​កំពុង​​នៅ​ក្រៅ​ប្រទេស​បាន​ហៅ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ថា ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ។

រឿង​ដក​អភ័យ​ឯកសិទ្ធិ​សភា​អ្នក​តំណាងរាស្ត្រ​របស់​លោក សម រង្ស៊ី និង​ការ​បញ្ចប់​តួនាទី​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ដែល​គណបក្ស​ជំទាស់​ចាត់​ទុក​ថា គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​កំហុស​មួយ​យ៉ាង​ធំ​នេះ គឺ​ត្រូវ​ចាត់​ទុក​ថា ជា​​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ​ចំពោះ​អ្នក​វិភាគ​នយោបាយ​វិញ​យល់​ឃើញ​ថា គេ​ហាក់​ពិបាក​ឲ្យ​និយមន័យ​ណាស់​ថា វា​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ នៅ​ពេល​ដែល​បញ្ហា​នេះ​អាច​រាប់​បាន​ថា វា​ជា​ការ​រំលោភ​ច្បាប់​របស់​បក្ស​កាន់​អំណាច និង​ជា​រឿង​នយោបាយ​ច្រើន​ជាង។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា លោក សម រង្ស៊ី បាន​បញ្ចេញ​សារ​នយោបាយ​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​លោក​ថា ទង្វើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​គណបក្ស​ជំទាស់​តែ​មួយ​គត់​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នេះ គឺ​បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​វិល​ត្រឡប់​ទៅ​រក​ប្រព័ន្ធ​បក្ស​តែ​មួយ​ដូច​មុន​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ លើស​ពី​នេះ​ទៀត គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ និង​ផ្លូវ​នយោបាយ។

បើ​ទោះ​ជា​បែប​ណា លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​បកស្រាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ថា ការ​បញ្ចប់​តួនាទី​លោក សម រង្ស៊ី នេះ​ជា​ការ​អនុវត្ត​តាម​ច្បាប់ ជាពិសេស​នោះ គឺ​ជា​កំហុស​របស់​មេធាវី​មេ​បក្ស​ជំទាស់​ប៉ុណ្ណោះ។ ម្យ៉ាង​ការ​ផ្ដល់​នីតិសម្បទា​ឡើង​វិញ​ឲ្យ​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៣ នេះ គឺ គ.ជ.ប មិន​បាន​ពិនិត្យ​ឲ្យ​ជាក់​លាក់​នូវ​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ប៉ុណ្ណោះ។

ច្បាប់​បោះឆ្នោត​ថ្មី មាត្រា ២៤ ចែង​ថា ជន​ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម ហើយ​ដែល​មិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ ឬ​ជន​ដែល​ត្រូវ​ផ្ដន្ទាទោស​ នឹង​ត្រូវ​បាត់បង់​​សិទ្ធិ​បោះឆ្នោត ឬ​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។

ស្ថិត​ក្រោម​ហេតុផល​នេះ លោក នី ចរិយា ធ្លាប់​បាន​បញ្ជាក់​ថា ការ​ពិត​ទោស​ទាំង​អំបាលម៉ាន​របស់​លោក សម រង្ស៊ី ត្រូវ​បាន​ផុត​រលត់​រួច​ទៅ​ហើយ ក្រោយ​ពី គ.ជ.ប បាន​ផ្ដល់​នីតិសម្បទា​ឲ្យ​ឈរ​ឈ្មោះ​ជា​អ្នក​តំណាងរាស្ត្រ​ឡើង​វិញ​នៅ​មុន​ការ​បោះឆ្នោត កាល​ពី​ឆ្នាំ​២០១៣ នោះ។

ដោយ​ឡែក​លិខិត​ចំនួន ៤​ទំព័រ​របស់​លោក ហោ ណាំហុង វិញ​បាន​សរសេរ​ថា ការ​បញ្ចប់​មុខ​តំណែង​លោក សម រង្ស៊ី នេះ ដោយ​ផ្អែក​តាម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​មាត្រា ១៤ ដែល​បាន​ចែង​ថា សមាជិក​សភា​ណា​មួយ​ដែល​ជា​ជន​ជាប់​ទោស​ដោយ​សាលក្រម​ចុង​ក្រោយ នឹង​ត្រូវ​បាត់បង់​អភ័យ​ឯកសិទ្ធិ និង​សមាជិកភាព​សភា។ បន្ថែម​ពី​លើ​នេះ វា​គឺ​ជា​កំហុស​មេធាវី​ការពារ​ក្តី​របស់​លោក សម រង្ស៊ី ដោយ​បញ្ឈប់​ការ​តវ៉ា​ត្រឹម​សាលាឧទ្ធរណ៍ និង​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​បន្ត​ទៅ​តុលាការ​កំពូល មាន​ន័យ​ថា បាន​ទទួល​យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​រួច​ហើយ។

ជុំវិញ​រឿង​នេះ លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​របស់​លោក សម រង្ស៊ី ទទួល​ស្គាល់​ថា សំណុំរឿង​ជា​មួយ​លោក ហោ ណាំហុង គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​តុលាការ​នៅ​ឡើយ ពោល​គឺ​ការ​ព្រះរាជទាន​លើកលែង​ទោស​របស់​ព្រះមហាក្សត្រ​នោះ ពិត​ជា​ពុំ​បាន​គ្របដណ្ដប់​លើ​សំណុំរឿង​នេះ​មែន។ ក៏​ប៉ុន្តែ​ទោះ​ជា​បែប​ណា លោក​មេធាវី​អះអាង​ថា នេះ​ជា​ចេតនា​របស់​អ្នក​នយោបាយ បក្ស​កាន់​អំណាច​ដែល​ចង់​រក្សា​សំណុំរឿង​មួយ​នេះ​ទុក ដើម្បី​ចាត់​វិធានការ​មេ​បក្ស​ជំទាស់ នៅ​ពេល​សមស្រប​ណា​មួយ​ប៉ុណ្ណោះ៖ «»។

វិល​មក​រឿង​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​វិញ លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក យល់​ឃើញ​ថា គេ​ពិត​ជា​ពិបាក​វាស់​ស្ទង់ ឬ​ក៏​បកស្រាយ​ណាស់ ថា​នេះ​ជា​របៀប​ធ្វើ​រដ្ឋប្រហារ​មក​លើ​រដ្ឋធម្មនុញ្ញ ព្រោះ​ពុំ​មាន​និយម​ន័យ​នៅ​ក្នុង​ផ្លូវ​ច្បាប់​ឲ្យ​ប្រាកដ​ថា តើ​ការ​ប្រព្រឹត្ត​បែប​ណា​ទើប​ចាត់​ចូល​ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ ដោយសារ​វា​ជា​រឿង​ថ្មី​ណាស់​សម្រាប់​បរិបទ​នយោបាយ​នៅ​ពេល​នេះ។ បើ​ទោះ​ជា​បែប​ណា លោក នី ចរិយា ចាត់​ទុក​ថា ជា​រឿង​នយោបាយ និង​ជា​ការ​រំលោភ​ដ៏​ធ្ងន់ធ្ងរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ច្រើន​ជាង៖ «»។

ពាក់ព័ន្ធ​រឿង​នេះ មាន​ហេតុការណ៍​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​ដំណាក់កាល​នេះ ក្នុង​នោះ​រួម​មាន ការ​ចាប់​ខ្លួន​ព្រឹទ្ធសភា​លោក ហុង សុខហួរ ដាក់​ពន្ធនាគារ ការ​វាយ​ដំ​មក​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា។ ការ​ដក​ហូត​តំណែង​លោក កឹម សុខា ពី​អនុ​ប្រធាន​ទី១​នៃ​រដ្ឋសភា និង ថ្មីៗ​នេះ បញ្ចប់​សមាជិកភាព​លោក សម រង្ស៊ី ចេញ​ពី​រដ្ឋសភា បន្ទាប់​ពី​តុលាការ​ចេញ​ដីកា​ឲ្យ​តាម​ចាប់​ខ្លួន​មេ​បក្ស​ជំទាស់​នេះ​ថែម​ទៀត។ ទាំង​នេះ​ដែល​គណបក្ស​ជំទាស់​យល់​ថា បាន​ធ្វើ​អោយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​ធ្លុះធ្លាយ មិន​តែ​ប៉ុណ្ណោះ ជា​ការ​ធ្វើ​រដ្ឋប្រហារ​មក​លើ​រដ្ឋធម្មនុញ្ញ​នេះ ដែល​នាំ​មក​នូវ​ផល​ប៉ះពាល់​ទិដ្ឋភាព​ច្បាប់ និង​ផ្លូវ​នយោបាយ ដូច​រដ្ឋប្រហារ​ដោយ​យោធា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី ៥-​៦ កក្កដា ឆ្នាំ​១៩៩៧ អ៊ីចឹង​ដែរ។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​​ចុះ លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា នេះ​ជា​ទស្សនៈ​ផ្ទាល់​របស់​លោក សម រង្ស៊ី ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ដោយ​ឡែក​គណបក្ស​ប្រជាជន​កម្ពុជា​វិញ គឺ​មិន​ឈឺ​ក្បាល​វិលមុខ​នោះ​ទេ សំខាន់​អ្វី​ដែល​រដ្ឋសភា​​មាន​អំណាច​គ្រប់គ្រាន់​​បាន​សម្រេច​រួច​ហើយ គឺ​ផ្អែក​លើ​ខ្លឹមសារ​នៃ​ច្បាប់​ទាំង​ស្រុង ដើម្បី​បញ្ចប់​មុខងារ​របស់​លោក សម រង្ស៊ី ពី​តំណាងរាស្ត្រ​បាន​នៅ​ពេល​នេះ៖ «»។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ ព្រះ​មហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​ព្រះរាជទាន​ការ​លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី ម្ដង​រួច​មក​ហើយ។ ព្រះរាជក្រឹត្យ​ឲ្យ​ដឹង​ថា លោក សម រង្ស៊ី អាយុ ៦២​ឆ្នាំ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​តាម​អំណាច​សាលដីកា​ស្ថាពរ​របស់​សាលាឧទ្ធរណ៍ ចុះ​ថ្ងៃ​ទី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១១ ត្រូវ​លើកលែង​ទោស។

ទាក់ទិន​រឿង​នេះ អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល ដែល​ធ្លាប់​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​អ្នក​នយោបាយ​កន្លង​ទៅ គឺ​លោក សយ សុភាព យល់​ឃើញ​ថា ច្រក​ចេញ​នៃ​វិបត្តិ​នយោបាយ​នៅ​ពេល​នេះ លុះ​ត្រា​តែ​មាន​ការ​សម្របសម្រួល​ផ្នែក​នយោបាយ ជា​ពិសេស​ប្រធាន​គណបក្ស​ជំទាស់​អាច​ហ៊ាន​សុំទោស​​លោក ហោ ណាំហុង តាម​រយៈ​លិខិត ឬ​យន្តការ​ផ្សេង​ទៀត។

លោក​បន្ថែម​ថា តាម​ពិសោធន៍​កន្លង​ទៅ ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​ជាប់​គាំង​ផ្នែក​នយោបាយ​នេះ​បាន គឺ​មាន​តែ​មធ្យោបាយ​បែប​នេះ​ទេ។ ម្យ៉ាង​វិញ​ទៀត លោក សយ សុភាព អះអាង​ថា ស្ថិត​ក្នុង​កាលៈទេសៈ​នេះ គឺ​នៅ​មិន​អាច​ទៅ​រួច​នៅ​ឡើយ​ទេ សំខាន់​រក្សា​ស្ថិរភាព​នយោបាយ​ដែល​កំពុង​ឡើង​កម្ដៅ​ឲ្យ​ស្ងប់​សិន ហើយ​ជម្រើស​ដើរ​ចូល​ពន្ធនាគារ​វា​ពុំ​មែន​ជា​មធ្យោបាយ​ដ៏​ល្អ​ឡើយ៖ «»។

ទោះ​ជា​បែប​ណា លោក សម រង្ស៊ី បាន​ហៅ​ការវិវត្តន៍​នយោបាយ​ចុង​ក្រោយ​នេះ​ថា គឺ​ជា​ទង្វើ​យ៉ាង​យង់ឃ្នង​របស់​គណបក្ស​ប្រជាជន​កម្ពុជា មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ ស្រប​ពេល​នេះ សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា នេះ​ជា​រឿង​នយោបាយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា រុញ​ច្រាន​ស្ថានការណ៍​ឲ្យ​មាន​ភាព​អួអាប់ និង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​ដែល​មាន​ពន្លក​ដ៏​ស្ដួចស្ដើង​នេះ​ត្រូវ​ដើរ​ថយ​ក្រោយ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។