គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ចុះ​ធ្វើ​រដ្ឋបាល​នៅ​ក្នុង​អគារ​ប៊ូ​ឌី​ញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក កែវ សំណាង អភិបាលរង​ខណ្ឌ និង​លោក​វរសេនីយ៍ត្រី ហ៊ា​ង ថា​រ៉េ​ត អធិការរង​នគរបាល​ខណ្ឌចំការមន រួម​ជាមួយ​លោក សុខ ពុ​ទ្ធី ចៅសង្កាត់​រង​ទន្លេបាសាក់ បាន​ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​ការ​រស់នៅ​របស់​អ្នក​ស្នាក់​នៅ​ក្នុង​អគារ​ប៊ូ​ឌី​ញ ដើម្បី​ចូលរួម​រៀបចំ​សណ្តាប់ធ្នាប់​ និង​ការពារ​សុវត្ថិភាព​នៅ​ថ្ងៃ​បុណ្យអុំទូក​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ខាង​មុខ​នេះ ។ ការ​ចុះ​ធ្វើ​រដ្ឋបាល​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​តាម​បន្ទប់​នៃ​អគារ​ប៊ូ​ឌី​ញ តាម​បណ្ដោយ​ផ្លូវ​សុធារស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

លោក កែវ សំណាង អភិបាលរង​ខណ្ឌចំការមន​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ចូលរួម​ក្នុង​ការ​ការពារ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ថ្ងៃ​បុណ្យអុំទូក​រយៈពេល​៣​ថ្ងៃ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​២៤, ២៥ និង ២៦​វិច្ឆិកា​ខាង​មុខ​នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​តែងតែបាន​ចុះ​រៀបចំ និង​ធ្វើការ​ត្រួតពិនិត្យ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ស្មុគស្មាញ​មួយ​ចំនួន​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ។ លោក​​បាន​បន្ត​ទៀត​ថា ជាក់ស្តែង​នៅ​ក្នុងថ្ងៃនេះ​​​លោក​​បាន​ធ្វើការ​ដឹកនាំ​កម្លាំង​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​សរុប​ចំនួន​៥៥​នាក់ ធ្វើការ​ត្រួតពិនិត្យ និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ក្នុង​អគារ​ប៊ូ​ឌី​ញ​នេះ ។ ការ​ត្រួតពិនិត្យ​ការ​រស់នៅ និង​រៀបចំ​សណ្តាប់ធ្នាប់ ដើម្បី​ទប់ស្កាត់ និង​បង្ការ​បទល្មើស​ផ្សេង​ៗ​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ក៏​ដូច​ជា​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​នោះ ។

ក្នុង​ប្រតិបត្តិការ​នេះ​ដែរ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​តាម​ផ្ទះ​បាន​ចំនួន​២៥​ផ្ទះ ដែល​មាន​ចំនួន​បន្ទប់​សរុប​ចំនួន​៥៩​បន្ទប់ ត្រួតពិនិត្យ​ទៅ​លើ​ប្រជាពលរដ្ឋ​ប្រុស​-​ស្រី​ចំនួន​៧៥​នាក់​(​ប្រុស​៣៣​នាក់​) ក្នុង​នោះ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន​៤៦​នាក់​(​ប្រុស​១៩​នាក់​)​ផង​ដែរ ៕