រដ្ឋាភិបាល​ដាក់​កំហិត​ឲ្យ​អ្នក​ផ្ដល់​សេវា​ទឹក​ស្អាត​ចូល​សមាគម​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លើក​ឡើង​ថា នៅ​ឆ្នាំ​២០១៥ នេះ កម្ពុជា បាន​សម្រេច​គោលដៅ​ផ្គត់ផ្គង់​វិស័យ​ទឹក​ស្អាត​នៅ​ទីប្រជុំជន​ទូទាំង​រាជធានី-ខេត្ត​នៃ​ប្រទេស​កម្ពុជា រហូត ៨១%។ ទន្ទឹម​គ្នា​នេះ ក្រសួង​អះអាង​ថា ដើម្បី​ឲ្យ​ប្រជាជន​រស់នៅ​ទីប្រជុំជន​អាច​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​រហូត ១០០% ទៅ​តាម​គម្រោង​ត្រឹម​ឆ្នាំ​២០២៥ នោះ ក្រសួង​ឧស្សាហកម្ម ដាក់​កំហិត​ឲ្យ​អ្នក​ផ្តល់​សេវា​ទឹក​ស្អាត​ទាំងអស់ ត្រូវ​តែ​ចុះ​ឈ្មោះ​ចូល​សមាជិក​សមាគម​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា។

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដាក់​កំហិត​ឲ្យ​អ្នក​ផ្តល់​សេវា​ទឹក​ស្អាត ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល និង​សេវាកម្ម​ទឹក​ស្អាត​ទាំងអស់ ត្រូវ​តែ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​សមាគម​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា ឲ្យ​បាន​ត្រឹម​ចុង​ឆ្នាំ​២០១៥ ជា​កំហិត។ ជាង​នេះ​ទៀត ក្រសួង​អះអាង​ថា បើ​អ្នក​ផ្តល់​សេវា​ទឹក​ស្អាត​ណា​មួយ​មិន​ចូល​ជា​សមាគម​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា នោះ​ទេ ក្រសួង​នឹង​មិន​ផ្តល់​អាជ្ញាប័ណ្ណ​ជូន ឬ​ដក​អាជ្ញាប័ណ្ណ​តែ​ម្តង។

ការ​លើក​ឡើង​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​ពេល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ និង​ការ​តាំង​ពិព័រណ៍​ទឹក​កម្ពុជា លើក​ទី​១ ដែល​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។

ថ្លែង​បើក​សន្និសីទ​នេះ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ មាន​ប្រសាសន៍​ថា ទោះ​ជា​ការ​ផ្គត់ផ្គង់​វិស័យ​ទឹក​ស្អាត​នៅ​ទីប្រជុំជន​ទូទាំង​រាជធានី-ខេត្ត​នៃ​ប្រទេស​កម្ពុជា បាន​រហូត ៨១% ក្តី ប៉ុន្តែ​លោក​ថា នៅ​តែ​មាន​ពលរដ្ឋ​ច្រើន​លាន​នាក់​ទៀត​មិន​ទាន់​ទទួល​បាន​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​ទៅ​ដល់​ផ្ទះ​នៅ​ឡើយ។ ហេតុ​នេះ ក្រសួង​ត្រូវ​តែ​ដាក់​លក្ខខ័ណ្ឌ​ជា​កំហិត​ដល់​អ្នក​ផ្តល់​សេវា​ទឹក​ស្អាត​នៅ​កម្ពុជា ទាំងអស់ ត្រូវ​តែ​ចូល​ជា​សមាជិក​សមាគម​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម អះអាង​ថា វិធានការ​នេះ​ដើម្បី​ឲ្យ​ការ​វិយោគ​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត អាច​ធានា​បាន​សុខុមាលភាព អនាម័យ ជីវភាព និង​ពង្រីក​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពិសេស​ដើម្បី​ឲ្យ​បច្ចេកទេស​ផលិត​ទឹក​ស្អាត​មាន​កម្រិត​ស្តង់ដារ៖ «បើ​អត់​ទាន់​ក្លាយ​ជា​សមាជិក​សមាគម​នេះ គ្មាន​សិទ្ធិ​ទទួល​បាន​អាជ្ញាប័ណ្ណ​ដំណើរ​ការ​ទឹក​ស្អាត​នោះ​ទេ យើង​ត្រូវ​តែ​ចាប់​បង្ខំ​ចឹង​ហ្មង ចឹង​បើ​អ្នក​ផ្តល់​សេវា​ទឹក អត់​ព្រម​ចូល​ជា​សមាជិក​សមាគម​គ្មាន​ថ្ងៃ​ដឹង​ពី​បញ្ហា និង​ដំណោះស្រាយ​ក្នុង​វិស័យ​ទឹក​ស្អាត​ទេ»

ជាង​នេះ​ទៀត ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព និង​ចីរភាព ជាពិសេស​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​ទឹក​ស្អាត និង​ទឹក​មាន​សុវត្ថិភាព​ប្រកប​ដោយ​តម្លៃ សមស្រប​សម្រាប់​ពលរដ្ឋ​ទូទាំង​ប្រទេស ក្រសួង​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​វិស័យ​ទឹក​ស្អាត ដែល​អាច​ឈាន​ទៅ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០២៥។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា លោក អ៊ុន យុទ្ធី បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​រក​ស៊ី​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​កម្ពុជា កំពុង​ប្រឈម​ខ្លាំង​នឹង​បញ្ហា​ទុន បច្ចេកទេស តម្លៃ​មិន​ទាន់​កំណត់​ត្រូវ​ស្តង់ដារ និង​បញ្ហា​ធនធាន​មនុស្ស។ ជាង​នេះ​ទៀត លោក​ថា បច្ចុប្បន្ន កម្ពុជា មាន​អ្នក​ផ្គត់ផ្គង់​សេវា​ទឹក​ស្អាត​ជិត ២០០​ស្ថាប័ន ប៉ុន្តែ​មាន​ជិត ១០០​ស្ថាប័ន​ប៉ុណ្ណោះ​ដែល​បាន​ចូល​ជា​សមាជិក​សមាគម។ លោក​គាំទ្រ​វិធានការ​ក្រសួង ព្រោះ​ធ្វើ​ឲ្យ​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​ទាំងអស់ ទទួល​ផល​ចំណេញ​ច្រើន៖ «ករណី​យើង​នៅ​តែ​ម្នាក់​ឯង មិន​ព្រម​ចូល​សមាគម យើង​ជួប​ឧបសគ្គ​ច្រើន​ណាស់ ទាំង​ដំណើរ​ការ​ទទួល​អាជ្ញាប័ណ្ណ និង​ឧបសគ្គ​ដទៃ​ទៀត តែ​បើ​យើង​ចូល​សមាគម សមាជិក​សមាគម​គេ​មាន​អ្នក​ជំនាញ និង​ធនធាន​មនុស្ស។ គេ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​យើង​បាន»

ចំណែក​ឯ​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​ឯកជន​មក​ពី​ខេត្ត​កំពង់ចាម លោក យឹម សំអឿន និយាយ​ថា ការ​យឺតយ៉ាវ​ចូល​ជា​សមាជិក​សមាគម ដោយសារ​មិន​ទាន់​បាន​រៀបចំ​បណ្ដាញ​ទឹក​ស្អាត​បាន​ត្រឹមត្រូវ និង​មិន​ទាន់​ទទួល​បាន​អាជ្ញាប័ណ្ណ ពិសេស​កង្វះ​ការ​ផ្សព្វផ្សាយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ៖ «ពេល​ណា​ខ្ញុំ​បាន​អាជ្ញាប័ណ្ណ ខ្ញុំ​នឹង​ចូល​ជា​សមាជិក​សមាគម​ភ្លាម»

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម អះអាង​ថា បើ​អ្នក​ផ្តល់​សេវា​ទឹក​ស្អាត និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ទាំងអស់​ចូល​ជា​សមាជិក​សមាគម​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា ក្រសួង​រំពឹង​ថា នៅ​ឆ្នាំ​២០១៨ ប្រជាជន​រស់នៅ​ទីប្រជុំជន ៨៥% នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់។ ជាង​នេះ​ទៀត ក្រសួង​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ខិតខំ​រៀបចំ​ផែនការ​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​ថ្មី​មួយ​ទៀត សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាជន​ទូទាំង​រាជធានី ដែល​មាន​សមត្ថភាព​ផលិត​ទឹក​បាន ១៥០.០០០​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ​២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។