សង្គម​ស៊ីវិល​បង្ហាញ​ពី​ភាព​ខ្វះ​ចន្លោះ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត បើក​កិច្ច​ពិភាក្សា​គ្នា​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ស្ដីពី​សន្ទស្សន៍​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​សេរី និង​យុត្តិធម៌។ កិច្ច​ពិភាក្សា​នេះ ជា​ការ​ចាប់​ផ្ដើម​រិះរក​មធ្យោបាយ​បង្កើត​ឲ្យ​មាន​ខ្នាត​វាស់វែង​ការ​បោះ​ឆ្នោត​ឲ្យ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ឲ្យ​ស្រប​តាម​និយាម​អន្តរជាតិ។

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ដែល​ចូលរួម​ពិភាក្សា​អំពី​សន្ទស្សន៍​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​ត្រឹមត្រូវ និង​យុត្តិធម៌ បង្ហាញ​ពី​ភាព​ខ្វះ​ចន្លោះ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

នាយក​ប្រតិបត្តិ​ខុមហ្វ្រែល លោក គល់ បញ្ញា បញ្ជាក់​ថា កិច្ច​ពិភាក្សា​គ្នា​នេះ គឺ​ដើម្បី​កំណត់​អំពី​សន្ទស្សន៍ ឬ​កត្តា​ចង្អុល​បង្ហាញ​ចាំបាច់ ដែល​មាន​នៅ​ក្នុង​និយាម​អន្តរជាតិ​នានា សម្រាប់​ជា​ខ្នាត​វាស់វែង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នៅ​ពេល​ខាង​មុខ៖ «»។

ក្នុង​កិច្ច​ពិភាក្សា​នេះ អ្នក​ចូលរួម​ដែល​ជា​អ្នក​នយោបាយ អ្នក​ច្បាប់ និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ បាន​គូស​បង្ហាញ​ចំណុច​ខ្វះ​ចន្លោះ​មួយ​ចំនួន ដែល​មាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​អំណាច​ខ្មែរ លោក ទេព វីរៈ រិះគន់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បច្ចុប្បន្ន​នេះ គឺ​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​សំណូមពរ​ឲ្យ​រលាយ គ.ជ.ប នេះ​ចោល៖ «»។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក កែវ ភីរម្យ ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​ការ​ធ្វើ​ឲ្យ គ.ជ.ប ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត្យ ប៉ុន្តែ​បរិបទ​កម្ពុជា នៅ​ពេល​នេះ​មិន​អាច​ធ្វើ​បាន៖ «»។

ខុមហ្វ្រែល បាន​បង្ហាញ​សន្ទស្សន៍ ឬ​លក្ខខណ្ឌ​ធំៗ​ចំនួន​៦ ដែល​នាំ​ឲ្យ​មាន​ការ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត ក្នុង​នោះ​គឺ​មាន​កំហុស​បច្ចេកទេស​នៅ​ការិយាល័យ​បោះ​ឆ្នោត បច្ចេកទេស​រាប់​សន្លឹក​ឆ្នោត ការ​ទិញ​សន្លឹក​ឆ្នោត ការ​ឃោសនា​នៅ​ថ្ងៃ​ស ការ​បំភិត​បំភ័យ គំរាម​កំហែង អំពើ​ហិង្សា និង​ការ​សម្លាប់​ពាក់ព័ន្ធ​នយោបាយ។

អ្នក​វិភាគ​ឯករាជ្យ គឺ​លោក កែម ឡី ថ្លែង​ថា ការ​ពិភាក្សា​នេះ​មាន​សារសំខាន់ ពីព្រោះ​ការ​អនុវត្ត​នៅ​កម្ពុជា កន្លង​មក មិន​មាន​ការ​រៀបចំ​ក្របខ័ណ្ឌ​វាស់វែង​ការ​បោះ​ឆ្នោត​ទេ។ លោក​ចាត់​ទុក​សេចក្ដី​ប្រកាស​ទីក្រុង​បាងកក ស្ដីពី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ថា​ជា​និយាម​ស្តង់ដារ ឬ​ជា​ខ្នាត​គំរូ​វាស់វែង​សំខាន់​មួយ ដែល​ប្រទេស​កម្ពុជា គួរ​ចាប់​យក ដើម្បី​ឲ្យ​លទ្ធផល​បោះ​ឆ្នោត​មាន​តម្លៃ។ លោក កែម ឡី មាន​ប្រសាសន៍​ទៀត​ថា សូចនាករ ឬ​កត្តា​ចង្អុល​បង្ហាញ​ធំៗ​ចំនួន​១០ នឹង​អាច​ធ្វើ​ឲ្យ​លទ្ធផល​បោះ​ឆ្នោត​ទទួល​យក​បាន។

លោក កែម ឡី៖ «ទី​មួយ ចំនួន​អ្នក​គ្រប់​អាយុ​បោះ​ឆ្នោត ធៀប​ទៅ​នឹង​ប្រជាពលរដ្ឋ​ប៉ុន្មាន។ វា​អត់​ដែល​លើស​ចំនួន​ប្រជាពលរដ្ឋ​ទេ។ ទី​ពីរ គឺ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ធៀប​ទៅ​នឹង​ចំនួន​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត។ កន្លង​មក​លើស។ ហេតុ​អី​បាន​ជា​លើស? ហើយ​មក​ពី​ណា? ប៉ុន្តែ​បើ​ការ​ចុះ​ឈ្មោះ​ហ្នឹង​តិច​ជាង ៥០% ថា​តើ​យើង​យក​ជា​ការ​បាន ឬ​មិន​បាន? ហ្នឹង​ជា​កត្តា​វាស់វែង​ហើយ។ ទី​បី សូចនាករ​ទាក់ទង​នឹង​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត ធៀប​នឹង​អ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត ហើយ​គម្លាត​របស់​វា កាល​ណា​លើស​ពី ៦០% ទៅ ៧០% យើង​គិត​ថា​ល្អ អាច​ទទួល​យក​បាន។ កាល​ណា​ប្រហែល ៥០% ទៅ ៦០% យើង​គិត​ថា​មធ្យម។ ប៉ុន្តែ​កន្លង​មក យើង​បាន ៦៨%។ ប្រសិន​បើ​ទាប​ជាង ២០% អី ថា​តើ​យើង​បោះ​ឆ្នោត​ឡើង​វិញ ឬ​យ៉ាង​ម៉េច? អ៊ីចឹង​អា​ហ្នឹង​យើង​ត្រូវ​រៀបចំ។ ទី​បួន គឺ​ចំនួន​នៃ​ក្រដាស​ចេញ​លទ្ធផល​បោះ​ឆ្នោត ដែល​ត្រូវ​រក្សា​នៅ​ការិយាល័យ​បោះ​ឆ្នោត​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​អាទិត្យ ដើម្បី​សាធារណជន​មើល។ អា​ហ្នឹង​ជា​សូចនាករ​សំខាន់​បំផុត ដែល​កន្លង​មក​ឲ្យ​ទៅ​អ្នក​សង្កេតការណ៍ ឬ​មិន​ឲ្យ យើង​អត់​ដឹង ហើយ​រក​ទម្រង់​លទ្ធផល​ចម្លង​ចេញ​លទ្ធផល​ជាក់ស្ដែង​ហ្នឹង​អត់​ឃើញ​ទេ។ ជួន​កាល​គណបក្ស​ខ្លះ​អត់​បាន​យក​មក​បូក​ទេ។ អ៊ីចឹង​យើង​រង់ចាំ​លទ្ធផល​ប្រកាស​ពី គ.ជ.ប វា​យឺត​ពេល»

លោក កែម ឡី ឲ្យ​ដឹង​ដែរ​ថា សូចនាករ ឬ​ខ្នាត​វាស់វែង​សំខាន់​ផ្សេង​ទៀត ដូចជា ចំនួន​ទំនាស់​ដែល​បាន​ដោះស្រាយ និង​នៅ​សល់ ការ​រាប់ និង​ពិនិត្យ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ដោយ​អ្នក​បោះ​ឆ្នោត និង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ប្រកាស​ក្រៅ​ពី គ.ជ.ប។

ទោះ​ជា​ក្រុម​មន្ត្រី​នៃ​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ បាន​លើក​ពី​សន្ទស្សន៍​សំខាន់ៗ​ពី​សេចក្ដី​ប្រកាស​ក្រុង​បាងកក ដែល​ល្អ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ក្ដី ក៏​ក្រុម​អង្គការ​ទាំង​នេះ មិន​ទាន់​បាន​ចងក្រង​ជា​ខ្នាត​រួម​នៅ​ឡើយ​ទេ។

នាយក​ប្រតិបត្តិ​ខុមហ្វ្រែល លោក គល់ បញ្ញា ឲ្យ​ដឹង​ថា លោក​នឹង​ចងក្រង​សន្ទស្សន៍​ដែល​បាន​ពិភាក្សា​គ្នា​នេះ ដាក់​ជូន គ.ជ.ប គណបក្ស​នយោបាយ និង​អ្នក​ពាក់ព័ន្ធ​នានា ដើម្បី​ឲ្យ​បាន​ទទួល​យក​ទៅ​ធ្វើ​ជា​ខ្នាត​វាស់វែង និង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មាន​លក្ខណៈ​សេរី និង​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។