ភ្លើង​ឆេះ​បន្ទប់​ជាន់​ទី​៣​អតីត​ភោជនីយដ្ឋាន​ហូ​លី​វូ​ដ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​បន្ទប់​ជាន់​៣​អគារ​អតីត​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ​ហូ​លី​វូ​ដ ជិត​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​(​អតីត​មន្ទីរពេទ្យ​១-៧៩) ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥ រយៈពេល​ប្រមាណ​ជា​២០​នាទី ​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​អន្តរាគមន៍​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​ប្រមាណ​ជា​១០​បំពង់​ទើប​រលត់​វិញ ដោយ​មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​កន្លែង​ដ៏​ទៃ​ឡើយ គ្រាន់តែ​ឆេះ​សម្ភារ​ចាស់​ៗ​អស់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ។

ហេតុការណ៍​អគ្គិភ័យ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន សង្ស័យ​ថា​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ឬ​អាច​បណ្ដាល​មក​ពី​ការ​ផ្សា​ដែក​ហើយ​ធ្លាក់​កម្ទេច​ភ្លើង​មក​លើ​សម្ភារ​ចាស់​បង្ក​ឲ្យ​ទៅ​ជា​អគ្គិភ័យ​តែ​ម្តង​ទៅ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ចេញពី​បន្ទប់​ជាន់​ទី​៣​នៃ​អគារ​អតីត​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ​ហូ​លី​វូ​ដ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលដល់​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ព្រមទាំង​បាន​ទូរស័ព្ទ​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍ទៀត​ផង​ ប៉ុន្តែ​ដោយ​មានការ​ចូលរួម​សហការ​ពី​ម្ចាស់​ទីតាំង ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន ម្យ៉ាង​ដោយ​ស្ទើរតែ​គ្រប់​ផ្ទះ​ប្រជាពលរដ្ឋ​មាន​បំពង់​ពន្លត់​អគ្គិភ័យ បាន​នាំ​គ្នា​ជួយ​បាញ់​ពន្លត់​អស់​ប្រមាណ​ជា​១០​បំពង់ ក៏​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន និង​រលត់​វិញ​ទាំងស្រុង ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​នេះ​គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ចំនួន​៣​គ្រឿង​ផង​ដែរ​ដើម្បី​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ តែ​មិន​បាន​បាញ់​ទឹក​ទេ ព្រោះ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​គ្នា​សស្រាក់សស្រាំ​ពន្លត់​រហូត​រលត់​ទាំងស្រុង​បាត់​ទៅ​ហើយ ។

បច្ចុប្បន្ន​នេះ បញ្ហា​អគ្គិភ័យ​គឺជា​ក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ដែរ ដែល​ភាគច្រើន​អគ្គិភ័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី និង​ការ​ធ្វេសប្រហែស​របស់​បុគ្គល​មួយ​ចំនួន​តូច​ផង​ដែរ ។ អាស្រ័យ​ហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពិសេស​ចំពោះ​ចរន្តអគ្គិសនី បើសិនជា​ឃើញ ឬ​សង្ស័យ​ថា​អាច​មាន​បញ្ហា​សូម​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើការ​ផ្លាស់​ប្តូរ ចៀសវាង​កើត​មាន​ហេតុការណ៍​ជាយថាហេតុ ៕