ឃាត់ខ្លួន​ក្រុម​ត្រាច់ចរ​ពេល​យប់​៣​នាក់​និង​ថ្នាំ​បំពុល​សត្វ​១​ថង់

ខេត្តពោធិ៍សាត់ ៖ ជន​សង្ស័យ​​៣​នាក់​ដែល​បាន​​ត្រាច់ចរ​ពេល​យប់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​រួម​ជាមួយ​ថ្នាំ​បំពុល​សត្វ​មួយ​ថង់ ដែល​សង្ស័យ​ថា​ជា​ក្រុម​ដើរ​បំពុល​ឆ្កែ​ដើម្បី​លួច​ទ្រព្យសម្បត្តិ​ គោក្របី​ប្រជាពលរដ្ឋ​ពេល​យប់ ។ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២ និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥ ខណៈ​ពេល​ពួក​គេ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

លោក​វរសេនីយ៍ទោ ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​មាន ១-​ឈ្មោះ ចេ​ង ចិន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទី​លំនៅ​​ភូមិ​ទួល​ម្កាក់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់​, ២-​ឈ្មោះ ព្រំ ពារ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ត្រ​ពាំ​ថ្ម ឃុំ​កញ្ជរ ស្រុក​កណ្ដៀង និង ៣-​ឈ្មោះ ទាំ
លាស់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរអិស្លាម នៅ​ភូមិ​រលាំង ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ។ ខណៈ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ឆែកឆេរ​ឃើញ​មាន​សាច់​ប្រឡាក់​ថ្នាំពុល​១​​ថង់​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​៣​បាន​ឲ្យ​ដឹង​ថា នៅ​យប់​នោះ​ពួក​គេ​បាន​ដាក់​ថ្នាំ​បំពុល​សត្វ​នៅ​ភូមិ​កែវ​មុនី សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ពេល​កំពុង​ធ្វើ​សកម្មភាព​នោះ សង្សារ​របស់​គេ​នៅ​ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ទូរស័ព្ទ​ហៅ​ឲ្យ​ទៅ ពេល​នោះ​ពួក​គេ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ទាំង​យប់ ដោយ​ដាក់​សាច់​ប្រឡាក់​ថ្នាំពុល​ក្រោម​កែបម៉ូតូ ពេល​ជិះ​ទៅ​ដល់​ភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ ជាប់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង សមត្ថ​កិច្ច​នៅ​ទីនោះ​ហៅ​ឈប់​ត្រួតពិនិត្យ​ឃើញ​ថ្នាំពុល​នៅ​ក្រោម​កែបម៉ូតូ​ក៏​ឃាត់ខ្លួន​តែ​ម្ដង ។

លោក​វរសេនីយ៍ទោ ម៉ូ លី​ដា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ថ្នាំ​បំពុល​ដើរ​យប់​បែប​នេះ​គឺ​ពិតជា​មាន​គោលបំណង​បំពុល​ឆ្កែ​លួច​ទ្រព្យសម្បត្តិ ឬគោក្របី​ប្រជាពលរដ្ឋ​មិន​ខាន ដែល​សព្វ​ថ្ងៃនេះ​កំពុង​កើត​មាន​ជា​ញឹកញាប់​នៅ​ក្នុង​​ទឹក​ដី​ខេត្ត​ពោធិ៍សាត់ ។ បន្ទាប់​ពី​សួរនាំ​រួច សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូងខេត្ត​ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ៕