លោក បាន គី​មូ​ន នឹងមិន​ទៅ​កូរ៉េខាងជើង​នោះទេ​

​អង្គការសហប្រជាជាតិ​បាន​ចេញមក​បដិសេធ​ព័ត៌មាន​ដែលថា អគ្គលេខាធិការ លោក បាន គី​មូ​ន នឹង​ទៅកាន់​កូរ៉េខាងជើង​ក្នុង​សប្ដាហ៍​នេះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ VOA ។ ការ​ចេញមក​បដិសេធ​នេះ គឺ​ក្រោយ​ការលេចលឺ​ដំណឹង​ពី​សារព័ត៌មាន​ផ្សេង​ថា លោក បាន គី​មូ​ន នឹង​ទៅ​ជួប​មេដឹកនាំ​កំពូល​របប​ព្យុងយ៉ាង​លោក គីម ជុង​អ៊ុន​នា​ស​ប្ដា​ហ៏​នេះ ។​

​កាលពី​ម្សិលមិញ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ បានចេញ​សេចក្ដី​ថ្លែង​ការ​ណ៏​មួយ​ថា លោក បាន គី​មូ​ន នឹងមិន​ទៅ​ទស្សនកិច្ច​កូរ៉េខាងជើង​ទេ​។ លោក​នឹង​ស្នាក់​ស្ថិតនៅ​បុរី New York ពេញ​មួយ​សប្ដាហ៍​នេះ មុនពេល​ចេញដំណើរ​ទៅកាន់​ប្រទេស​ម៉ា​ល់តា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល Commonwealth​។ បន្ទាប់មក លោក បាន នឹង​បន្តដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​នៅឯ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។​

​បើទោះបីជា​លោក បាន គី​មូ​ន មិន​ទៅ​កូរ៉េខាងជើង​ក្នុង​សប្ដាហ៍​នេះ​ក៏ដោយ លោក​នៅតែមាន​ឆ​ន្ទះ​ក្នុង​ការបំពេញ​តួនាទី​ណាមួយ​ឬក៏​ជា​ដំណើរ​ទៅកាន់​កូរ៉េខាងជើង ដែល​អាចជួយ​ដល់​ការរក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​ឩ​ប​ទ្វីប​កូរ៉េ​បានយូរ​អង្វែង​។​

​សូម​រម្លឹកថា  កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ សារព័ត៌មាន​របស់​ចិន និង​កូរ៉េខាងត្បូង បាន​ដកស្រង់​ប្រភព​មក​ចុះផ្សាយ​ថា លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នឹង​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​។ តែ​យ៉ាងណា ឥឡូវនេះ គឺជា​ការពិតហើយ ដោយ លោក បាន គី​មូ​ន នឹងមិន​ទៅ​ទីក្រុង​ព្យុងយ៉ាង​នោះទេ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​