ពូ​ទីន​ថា​រុស្ស៊ី​មាន​សិទ្ធិ​ស្របច្បាប់​ដើម្បី​ប្រើ​កម្លាំង​កម្ចាត់​ភេរវជន​

​ការធ្លាក់​យន្តហោះ​នៅ​អេ​ហ្ស៊ី​ប ផ្តល់ឱកាស​ឲ្យ​រុស្ស៊ី​អះអាងថា​ខ្លួន​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​អនុវត្ត​សិទ្ធិ​ការពារ​ខ្លួន​ដោយ​ស្របច្បាប់​ដោយ​ប្រើប្រាស់​មធ្យោបាយ​នយោបាយ​ឬ​យោធា​ដើម្បី​ការពារ​ខ្លួន​ពី​ក្រុម​ភេរវជន​។ បច្ចុប្បន្ន​រុស្ស៊ី​កំពុង​ប្រើប្រាស់​ក្រុមប្រឹក្សាសន្តិសុខ​និង​ច្បាប់​អន្តរជាតិ​ដើម្បី​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ដើម្បី​បង្កើត​សម្ព័ន្ធ​ប្រទេស ប្រឆាំង​ភេរវកម្ម​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ថ្មីៗ​នេះ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​បាន​សន្យា​តាម​កម្ចាត់​ក្រុម​ភេរវជន ទោះ​ក្រុម​នេះ​នៅទីណា​ក៏ដោយ ហើយ​ទ័ព​រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​ក្រុម​រដ្ឋ​ឥស្លាម​ឥតឈប់ឈរ​ដោយ​សហការ​ជាមួយ​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​។ បច្ចុប្បន្ននេះ រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ចាប់ផ្តើម​ប្រកូក​ប្រកាស​រក​ការគាំទ្រ​និង​ចូលរួម​យុទ្ធនាការ​បោសសម្អាត​ភេរវកម្ម ដោយ​ប្រើប្រាស់​ស្ថាប័ន និង​ច្បាប់​អន្តរជាតិ​ផង​។​

១.​រុស្ស៊ី​ត្រៀម​បង្កើត​សម្ព័ន្ធ​ប្រទេស​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​
​កន្លងមកនេះ រុស្ស៊ី​បាន​ចាត់ទុកថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​មិន​ត្រឹមតែ​ធ្វើសង្គ្រាម​ប្រឆាំង​ប្រជាជន​អ៊ីរ៉ាក់ ឬ​ស៊ី​រី​ប៉ុណ្ណោះ​ទេ តែ​ការវាយប្រហារ​ប្រទេស​អឺរ៉ុប លី​បង់ អេ​ហ្ស៊ី​ប កន្លងមក​របស់​ក្រុម​នេះ​ជាការ​ប្រកាសសង្គ្រាម​ប្រឆាំង​អារ្យ​ប្រទេស​និង​ពិភពលោក​ទាំងមូល​។ រុស្ស៊ី​ថា ខ្លួន​មានលទ្ធភាព​ប្រើប្រាស់​សិទ្ធ​ការការពារ​ខ្លួន​ដោយ​ធម្មានុរូប ដោយ​ប្រើ​មធ្យោបាយ​នយោបាយ ការទូត និង​ការប្រើប្រាស់​កម្លាំង​ប្រឆាំង​ក្រុម​ភេរវជន​។ មធ្យោបាយ​នេះ​ប្រើប្រាស់​បាន​ស្របតាម​មាត្រា ៥១​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស​កម្លាំង​។​

​ខណៈដែល​មានការ​ប្រកាស​ថា​ខ្លួន​មាន​សិទ្ធិ​ការពារ​ខ្លួន​ដោយ​ស្របច្បាប់​ដោយ​ប្រើប្រាស់​កម្លាំង​តំណាង​អចិន្ត្រៃយ៍​របស់​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Vitaly Churkin បានដាក់​សេចក្តីព្រាង​ដំណោះស្រាយ​ថ្មី​មួយ​ទាក់ទិន​នឹង​វិធានការ​ប្រឆាំង​ក្រុម​ភេរវជន​នៅ​ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​។ ក្នុង​សេចក្តីព្រាង​ដំណោះស្រាយ​នោះ រុស្ស៊ី​អំពាវនាវ​ឲ្យ​មានការ​បង្កើត​សម្ព័ន្ធ​ប្រទេស​ទ្រង់ទ្រាយ​ធំ​ដើម្បី​ធានាថា​ការ​សហការគ្នា​ជិតស្និទ្ធ​និង​ការរួម​កម្លាំង​គ្នា​ដើម្បី​នាំ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែល​ទទួលខុសត្រូវ​រាល់​អំពើ​ភេរវកម្ម​មក​កាត់ទោស​។​

​យ៉ាងណាក៏ដោយ បំណង​បង្កើត​សម្ព័ន្ធ​អន្តរជាតិ​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​ភេរវកម្ម​អន្តរជាតិ​នេះ​អាច​ជាការ​ប្រណាំងប្រជែង​សម្ព័ន្ធ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​ក្រុង​វ៉ាស៊ីនតោន​កន្លងមក​។ ប៉ុន្តែ​គេ​រំពឹងថា ចំណាត់ការ​របស់​រុស្ស៊ី​មាន​គេ​ចាប់អារម្មណ៍​និង​មានការ​គាំទ្រ​ច្រើនជាង​មុន​ផង​។  កាលពី​ថ្មីៗ​នេះ លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បានបង្ហាញ​ការគាំទ្រ​និង​ស្នើ​ឲ្យ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អនុម័ត​ដំណោះស្រាយ​ថ្មី​ដើម្បី​រួម​កម្លាំង​គ្នា​ទប់ទល់​បញ្ហា​សន្តិសុខ​ពិភពលោក​នេះ ហើយ​លោក ហូ​ឡង់​ខ្លួនឯងបាន​ព្រលយ​ពាក្យ​ថាស​ត្រូវ​បារាំង​មិនមែន​រដ្ឋាភិបាល​លោក​អាសាដ​ទ​។ កាលពី​ខែកញ្ញា​កន្លងទៅ រុស្ស៊ី​ធ្លាប់​ដាក់​សេចក្តីព្រាង​ដំណោះស្រាយ​របស់ខ្លួន​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែ​សមាជិក​ក្រុមប្រឹក្សា​នេះ​បាន​ទាត់ចោល​ដំណោះស្រាយ​នេះ ដោយសារ​រុស្ស៊ី​ចង់​បើកផ្លូវ​ឲ្យ​មានការ​សហការ​ជាមួយ​រដ្ឋាភិបាល​លោក អាសាដ ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន​។

​នៅពេលនេះ រដ្ឋាភិបាល​រុស្ស៊ី​មិន​ត្រឹមតែ​លេចមុខ​លេច​មាត់​រឿង​ដោះស្រាយ​បញ្ហា​ស៊ី​រី​ប៉ុណ្ណោះ​ទេ តែ​រដ្ឋ​នេះ​ក៏​កា្ល​យ​ជា​តួអង្គ​សំខាន់​ក្នុង​យុទ្ធនាការ​កម្ចាត់​ភេរវជន​ពិតមែន​។ តួនាទី​របស់​រដ្ឋាភិបាល​រុស្ស៊ី​តាំងពី​ចុងខែ​កញ្ញា ក្នុងការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី បានធ្វើ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​លើ​នយោបាយ​ការបរទេស​របស់​ក្រុង​វ៉ាស៊ីនតោន​ដែល​ប្រើប្រាស់​ក្នុង​រយៈពេល​មួយឆ្នាំ​ក្នុងការ​ប្រមាញ់​ភេរវជន​។ អ្នកណា​ក៏​មើលឃើញថា​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ស្ទាក់ស្ទើរ​ក្នុងការ​ប្រើប្រាស់​កម្លាំង​ក​ម្ចា​ត់​ចលនា​ភេរវកម្ម និង​មានការ​ចោទប្រកាន់​អាមេរិក​ថា​ជា​អ្នកគាំទ្រ​ក្រុម​ភេរវជន​ទាំងនោះ​ដើម្បី​ឈានទៅ​កម្ចាត់​របប​ដឹកនាំ អាសាដ ថែមទៀត​។ 

២. ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ដោយ​បញ្ហា​អ៊ុយ​ក្រែ​ន​របស់លោក​ខាងលិច​នឹង​ត្រូវ​ដកចេញ​ឆាប់ៗ​?
​ដោយសារតែ​រុស្ស៊ី​ក្លាយជា​តួអង្គ​សំខាន់​នេះ ទើបបានជា​បច្ចុប្បន្ននេះ​លោកខាងលិច​មួយចំនួន​ដែល​នាំគ្នា​កៀប​រុស្ស៊ី​ក្រោយ​ជម្លោះ​អ៊ុយ​ក្រែ​ន​កើតឡើង បានចាប់ផ្តើម​ជជែក​គ្នា​តើ​គួរ​ទុក​ឲ្យ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​នៅ​ដដែល​ឬ​យ៉ាងណា​។ បច្ចុប្បន្ន​បណ្តា​អ្នកនយោបាយ​បារាំង​និង​អឺរ៉ុប​ខ្លះ​បានស្នើ​ឲ្យ​មាន​ការដក​ទណ្ឌកម្ម​និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​លើ​រុស្ស៊ី​ដោយសារ​សំណុំរឿង​អ៊ុយ​ក្រែ​ន​ផងដែរ​។ ពួកគេ​ជឿថា បើ​ចង់​ឲ្យ​ការសហការ​ជាមួយ​រុស្ស៊ី​ប្រឆាំង​ក្រុម​ភេរវជន​មាន​ប្រសិទ្ធភាព​និង​ជោគជ័យ​ខ្ពស់ វា​ចាំបាច់​ត្រូវដាក់​ទណ្ឌកម្ម​ទាំងនោះ​ចេញ​។ អតីត​នាយករដ្ឋមន្ត្រី​បារាំង​លោក  Francois Fillon បាន​រិះគន់ថា ការ​ទុក​រុស្ស៊ី​ចោល និង​ការស្ទាក់ស្ទើរ​របស់​បារាំង​ក្នុងការ​សហការ​ជាមួយ​រុស្ស៊ី​កន្លង​មកជា​កំហុសឆ្គង​មួយ ហើយ​លោក​អំពាវនាវ​ឲ្យ​លោក ហូ​ឡង់ លុបចោល​ទណ្ឌកម្ម​ដែលមាន​ស្រាប់​នោះ ដើម្បី​ឲ្យ​ប្រទេស​ទាំងពីរ​សាមគ្គី​និង​រួមដៃគ្នា​កម្ចាត់​សត្រូវ​រួម​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​