រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ខេត្តកោះកុង​ និង​ខេត្តឧត្តរមានជ័យ​

​សំណើ​កាលពី​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៥​ របស់​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នីតិកាល​ទី​៣​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ អិ​ល​ វ៉ា​យ​ ភី​ គ្រុប​ (L​ Y​ P​ Group​ Co.,​ Ltd.)​ ដែល​ស្នើ​សុំ​បើក​បន្ថែម​ល្បែងភ្នាល់​គ្រប់​ប្រភេទ​ និង​ស្លុត​ម៉ាស៊ីន​-​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ​ តាម​មការ​ធ្វើ​អាជីវកម្ម​ សេវាកម្ម​ដោយ​ផ្ទាល់​ និង​តាម​រយៈ​ Internet​ Online​ ក្នុង​និង​ក្រៅប្រទេស​ ល្បែង​កូន​ហ្គោ​ល​ ល្បែង​ប្រណាំងសេះ​ ល្បែង​ប្រជល់​បក្សី​កីឡា​ ល្បែងភ្នាល់​បាល់​ និង​ល្បែងភ្នាល់​គ្រប់​ប្រភេទ​ ខារ៉ាអូខេ​ ម៉ាស្សា​ នៅ​ក្នុង​កាស៊ីណូ​កោះកុង​ អ៊ិ​ន​ធើ​ណេ​ស្យូ​ណ​ល​ ខេត្តកោះកុង​ និង​កាស៊ីណូ​ អូរ​ស្មាច់​ ខេត្តឧត្តរមានជ័យ​នោះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​យល់ព្រម​ជា​គោលការណ៍​ហើយ​ តាម​ស្មារតី​លិខិត​លេខ​១០៥២​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ (​យោង​តាម​ចំណារ​ចុះ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១៥​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)​ ។​

​សូម​រំលឹក​ជូន​ថា​ ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​កម្ពុជា​ ធ្លាប់​ទទួល​បាន​គោលការណ៍​សម្រេច​ពី​រាជរដ្ឋាភិបាល​ ឲ្យ​បង្កើត​បន​ល្បែងស៊ីសង​កាស៊ីណូ​នៅ​ខេត្តកោះកុង​ និង​ខេត្តឧត្តរមានជ័យ​ តាំងពី​អំឡុង​ឆ្នាំ​១៩៩៧​ និង​ឆ្នាំ​២០០២​មក​ម្ល៉េះ​ តាម​ស្មារតី​លិខិត​លេខ​៤៤០​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​១៩៩៧​ និង​លិខិត​លេខ​៥៥៧​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​២០០២​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​លោក​ លី​ យ៉ុ​ង​ផាត់​ ដែល​ជា​ឈ្មួញ​ម្នាក់​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​ផង​ និង​ថ្នាក់ដឹកនាំ​ប្រទេស​ថៃ​ផង​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨៩៨/៥៨​ ចុះ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​១៩៩៨​ ។​ ក្រៅពី​ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ និង​មានទ្រព្យ​សម្បត្តិ​មហាសាល​ លោក​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ បាន​កាន់​តំណែង​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៣​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា​ ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ភរិយា​របស់​បុរស​ខ្លាំង​ ជា​ប្រធាន​ទៀត​ផង​ ៕​

រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ខេត្តកោះកុង​ និង​ខេត្តឧត្តរមានជ័យ​ រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ខេត្តកោះកុង​ និង​ខេត្តឧត្តរមានជ័យ​