ពលរដ្ឋ​រិះគន់​កាំកុងត្រូល​ប៉ៃលិន​ថា បើកដៃ​ឱ្យ​ទំនិញ​ចូល​មិន​ត្រួតពិនិត្យ រួច​ដើរ​ចាប់​តាម​ផ្សារ​និង​តូប​លក់ដូរ

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ និង​តាម​តូប​ក្នុងភូមិ​មួយ​ចំនួន​បាន​រិះគន់​ទៅ​លើ​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន​ថា បើ​ទោះបីជា​មានការ​ចុះ​ចាប់​ម្ហូបអាហារ ទំនិញ​ខូចគុណភាព ផលិតផល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពលរដ្ឋ​ក៏​ដោយ តែ​ឈ្មួញ​ជា​ច្រើន​នាក់​នៅ​បន្ត​នាំ​ចូល​ទំនិញ​ទាំងនោះ​មក​លក់ដូរ​ដដែល ព្រោះ​ការ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ និង​ច្រករបៀង ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ អត់​មានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ ។ ចំណែកឯ​សាច់​មាន់ ជង្គង់​មាន់ ស្លាបមាន់ ត្រី​សាច់ បន្លែ ផ្លែ​ឈើ និង​ទំនិញ​មួយ​ចំនួន​ទៀត ដឹក​ចូល​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ ។

ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​ទៀត​ថា បើ​ទោះបីជា​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម ដើរ​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​តាម​ទីផ្សារ តាម​ដេប៉ូ​ចែកចាយ​តូច​ធំ និង​តូប​លក់ដូរ​តាម​ផ្ទះ​ក្នុងភូមិ បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព​ជា​ច្រើន​ប្រភេទ ហើយ​បើ​ទោះបីជា​ធ្វើ​បែប​នេះ​ញឹកញាប់ ក៏​មិន​អស់នោះ​ដែរ ប្រសិនបើ​កាំ​កុង​ត្រូល​មិន​​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​ការ​នាំ​ទំនិញ​ទាំង​នោះ​ចូល​ទេ​នោះ ។

ស្ត្រី​អាជីវករ​វ័យក្មេង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​រិះគន់​មន្ត្រី​កាំកុងត្រូល​ថា នាង​ពិតជា​មានការ​អាក់​អន់​ស្រពន់ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​មន្ត្រី​កាំកុងត្រូល ដែល​បាន​នាំ​គ្នា​ចុះ​ទៅ​ត្រួតពិនិត្យ និង​ដកហូត​យក​ទំនិញ​លក់ដូរ​របស់​គាត់ ខណៈ​ទំនិញ​មួយ​ចំនួន​ទើបតែ​លើក​មក​ពី​ស្តង់​ធំ ដាក់​លក់​ថ្មី​ៗ លុះ​គេ​ពិនិត្យ​មើល​ស្រាប់​តែ​ឃើញ​ហួស​ថ្ងៃ​កំណត់ ។ ម្យ៉ាងវិញទៀត បើ​ខាង​មន្ត្រី​កាំកុងត្រូល​ចុះ​ប្រមូល​ទំនិញ​ទាំងនោះ ក៏​ធ្វើ​ទៅ​ចុះ​ដើម្បី​ដកហូត​យក​របស់​ណា​ដែល​ហួស​កាលបរិច្ឆេទ​ពិតប្រាកដ តែ​សុំ​ឱ្យ​ម្ចាស់​តូប​ចូលរួម​មើល​បាន​ច្បាស់លាស់​ជា​មុន​ឱ្យ​អស់​ច​ម្ង​ល់​សិន ប៉ុន្តែ​ខណៈ​នាង​មិន​ទាន់​បាន​មើល​ខ្លួនឯង​ផង ស្រាប់តែ​នាំ​គ្នា​ច្រក​ដាក់​ថង់​អស់​ជា​ច្រើន និង​ឱ្យ​ផ្តិត​មេដៃ​ទទួលស្គាល់ ។ នាង​បញ្ជាក់​ទៀត​ថា ខាង​មន្ត្រី​កាំកុង​ត្រូល​ចុះ​ពិនិត្យ​តាម​ភូមិ​ដកហូត​ទំនិញ​ហួស​កាលបរិច្ឆេទ​បែប​នេះ​ល្អ​ហើយ ប៉ុន្តែ​សុំ​ឱ្យធ្វើ​ដោយ​តម្លាភាព ត្រូវ​ពិនិត្យ​ច្រក​ទ្វារ ដែល​នាំ​ចូល​ជា​មុន​ដំបូង បន្ទាប់​មក​ត្រូវ​ពិនិត្យ​មើល​ស្តង់​លក់ដូរ​ចែកចាយ​ធំ​ៗ ឱ្យ​បាន​ដិត​ដល់ ព្រោះ​ពួក​គាត់​លើក​មក​ពី​ទីនោះ​ដែរ បើ​ដើរ​ចាប់​យកបែប​នេះ ពួក​គាត់​ក៏​មានការ​ខាតបង់​លុយកាក់​ជា​ច្រើនដែរ ។

ចំណែក​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ឯណោះ​វិញ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ម្ហូបអាហារ ត្រី​សាច់ បន្លែ​ផ្លែ​ឈើ ត្រូវ​គេ​នាំ​ចូល​តាម​ច្រករបៀង ទល់មុខ​បន្ទាយ​ប៉េ​អឹ​ម​ជា​រៀងរាល់ថ្ងៃ ពោល​គឺ​ចាប់តាំងពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​រហូត​ដល់​ភ្លឺ​ទើប​ឈប់ ដោយ​មាន​អ្នក​ឈរ​ចាំ​យក​លុយ តែ​គ្មាន​អ្នកត្រួតពិនិត្យ​មើល​នោះ​ឡើយ ។ ក្រោយមក​គេ​ដឹក​យក​ទៅ​ចែកចាយ​តាម​ផ្សារ​នានា និង​ភូមិ​ជា​ច្រើន​ក្នុង​ខេត្ត​ប៉ៃលិន និង​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់​ដំបង​ផង​ដែរ ។ ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​សុខភាព ខណៈ​មន្ត្រី​កាំកុងត្រូល​នៅ​ប្រចាំការ​ច្រក​នេះ គ្មាន​វិធានការ​ទប់ស្កាត់​អ្វី​បន្តិច​សោះឡើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក សាន វិជ្ជា​សា​រ៉ា​វុ​ទ្ធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិ​ន​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បានឱ្យ​ដឹង​ថា លោក​ទទួល​ស្គាល់​ថា ទំនិញ​ខ្លះ​មិន​បាន​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​មែន ប៉ុន្តែ​ខាង​លោក​ធ្លាប់​ដឹង​ពី​អ្នក​ដឹក អ្នកលក់ មាន​ប្រវត្តិ​ល្អ ឬ​អាក្រក់​រួចរាល់​អស់​ហើយ ចំណែក​ឯ​ទំនិញ​ខ្លះ​ខាង​លោក​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់​ឃ្លាំង​ផ្ទាល់​ដែរ ។ ចំណែក​អ្នក​លក់ដូរ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ទំនិញ​ហាមឃាត់ លោក​តែងតែ​ចុះ​ទៅ​អប់​រំជា​ញឹកញាប់ ដើម្បី​ណែនាំ​ឱ្យ​យល់​ដឹង និង​បញ្ឈប់​លក់ទំនិញ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ។

សូម​បញ្ជាក់​ថា សាច់មាន់​ ឆ្អឹង​មាន់ និង​ប្រហិត​ខូចគុណភាព ត្រូវ​បាន​ក្រុម​ឈ្មួញ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ និង​ច្រករបៀង ដាក់​តាំង​លក់​តាម​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ៗ​ពាស​ពេញ​ក្រុងប៉ៃលិន​ដោយ​សេរី ៕