អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ឃាត់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​២​នាក់​រឿង​បង្ហោះ​សំបុត្រ​កំណើត​ក្លែងក្លាយ

អាជ្ញាធរ​ខេត្ត​ស្វាយរៀង ឃាត់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សំបុត្រ​បញ្ជាក់​កំណើត​ក្លែងក្លាយ​តាម​រយៈ​ហ្វេសប៊ុក (facebook) ដែល​ដាក់​ថា​ខេត្ត​ស្វាយរៀង ស្ថិត​ក្នុង​ប្រទេស​វៀតណាម។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាវិត លោក សែន កុសល មាន​ប្រសាសន៍​ថា សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​ក្នុង​ក្រុង​បាវិត លោក នង សារិទ្ធ និង​សកម្មជន​ម្នាក់​ទៀត​ឈ្មោះ សុខ សំអ៊ាន ត្រូវ​អាជ្ញាធរ​ឃុំ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បាវិត បន្ទាប់​ពី​ឃាត់​ខ្លួន។ អ្នក​ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​តាពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ លោក សែន កុសល បញ្ជាក់​ថា អាជ្ញាធរ​បាន​ភ្ជាប់​អ្នក​ទាំង​ពីរ​នាក់​ទៅ​ករណី​បង្ហោះ​សំបុត្រ​បញ្ជាក់​កំណើត ដែល​អាជ្ញាធរ​ចាត់​ទុក​ថា​ក្លែងក្លាយ ដោយ​ក្នុង​នោះ​បាន​បង្ហាញ​ថា ខេត្ត​ស្វាយរៀង ឋិត​ក្នុង​ប្រទេស​វៀតណាម ទៅ​វិញ។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​ករណី​នេះ​បាន​នៅ​ឡើយ​ទេ នៅ​យប់​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។

ការ​ចាប់​ខ្លួន​បុរស​ទាំង​ពីរ​នាក់​នេះ គឺ​ភ្លាមៗ​បន្ទាប់​ពី​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ចេញ​ប្រកាស​ចាប់​ខ្លួន​អ្នក​ក្លែង​សំបុត្រ​កំណើត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ចេញ​ថ្ងៃ​ទី​១៨ វិច្ឆិកា បាន​ចាត់​ទុក​ការ​កែ​ទិន្នន័យ​ត្រង់​ទីកន្លែង​កំណើត​របស់​សាមីជន ដែល​សរសេរ​ថា ប្រទេស​កម្ពុជា ប្ដូរ​ជា​ប្រទេស​វៀតណាម ថា​ជា​ករណី​ឆ្លៀត​ឱកាស​ក្នុង​គោល​បំណង​បំពុល​បរិយាកាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។