កម្ពុជា​​មាន​ពិន្ទុ​ទាប តែ​​៨/១០០​ប៉ុណ្ណោះ លើ​​តម្លាភាព​«ថវិកា»

ប្រទេសកម្ពុជា ស្ថិតនៅក្នុងប្រភេទពិន្ទុទាប សម្រាប់«តម្លាភាពថវិកាជាតិ» របស់ខ្លួន។ ការអង្កេតឆ្នាំ ២០១៥ នេះ លើ​ការ​វាយ​តម្លៃប្រទេសចំនួន១០២ នៅជុំវិញពិភពលោក គេរកឃើញថា កម្ពុជាស្ថិតក្នុងចំណោម​៣២​ប្រទេស ដែល​មាន​ពិន្ទុ​ទាប​ជាង​គេ នៅលើសន្ទស្សន៍តម្លាភាពថវិកា។ នេះបើយោងតាមការអង្កេត លើការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន ថវិកា​សម្រាប់​ឆ្នាំ ២០១៥ នៃអង្គការភាពជាដៃគូ ថវិកាអន្តរជាតិ។
កម្ពុជា​​មាន​ពិន្ទុ​ទាប តែ​​៨/១០០​ប៉ុណ្ណោះ លើ​​តម្លាភាព​«ថវិកា»
ប្រាក់ដុល្លា និងប្រាក់រៀល។ (រូបថតឯកសារ)

សម្រាប់អង្គការ «ភាពជាដៃគូថវិកាអន្តរជាតិ» កម្ពុជាបានទទួលបានពិន្ទុ ត្រឹមតែ៨ប៉ុណ្នោះ ក្នុងចំណោមពិន្ទុ​សរុប​១០០ ខាងតម្លាភាព«ថវិកា»ជាតិ របស់ខ្លួន ដែលហៅកាត់ជាភាសាអង់គ្លេសថា OBI និងមានការ​ទទួល​ស្គាល់ ជាលក្ខណៈអន្តរជាតិ។

ថ្លែងក្នុងសិក្ខាសាលាមួយ ស្តីពី «លទ្ធផលនៃអង្កេត លើការផ្សព្វផ្សាយព័ត៌មានថវិកា ឆ្នាំ២០១៥ នៅប្រទេស​កម្ពុជា» នាថ្ងៃទី១៧ ខែវិច្ឆិកានេះ លោក តឹក វណ្ណារ៉ា នាយកវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានថ្លែងពន្យល់ថា ពិន្ទុ OBI ត្រឹម៨ នោះ មានន័យថា ពលរដ្ឋមានលទ្ធភាពតិចតួច ឬគ្មានលទ្ធភាព ក្នុងការ​ទទួលបានព័ត៌មានថវិកា ដែលពួកគេត្រូវការដើម្បីយល់ពីថវិកា និង តម្រូវឲ្យរដ្ឋាភិបាល មាន​គណនេយ្យភាព។ លោកបាននិយាយថា៖ «ថវិកាជាតិ គឺជាថវិកា របស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា»។

លោកបានធ្វើការពន្យល់ថា ព្រោះតែថវិការទាំងនោះ បានមកពី«កាតព្វកិច្ច» នៃការបង់ពន្ធ និងកម្រៃសេវា​ផ្សេងៗ របស់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីជាចំណូលរដ្ឋ សម្រាប់ទូទាត់បំណុលទាំងឡាយ ដែលរាជ​រដ្ឋាភិបាល​បានខ្ចី ក្នុងនាមប្រជាពលរដ្ឋកម្ពុជា។ លោក វណ្ណារ៉ា បានបន្តថា៖ «ប្រជាជនគ្រប់រូប មានសិទ្ធិក្នុង​ការយល់ និងដឹងឮពីរបៀប ដែលប្រាក់កាសរបស់ខ្លួន ត្រូវបានប្រមូល និងប្រើប្រាស់។ រាជរដ្ឋាភិបាល ដែល​ជា​តំណាងប្រជាពលរដ្ឋ និងជាអ្នកគ្រប់គ្រងថវិកាទាំងនេះ មានកាតព្វកិច្ ចក្នុងការរាយការណ៍ ជូន​ប្រជាពលរដ្ឋ​វិញ នូវព័ត៌មានទាំងនេះ។»

នាយកអង្គការនេះ បានបន្តថា «ការផ្សព្វផ្សាយព័ត៌មានថវិការបស់រដ្ឋាភិបាល នឹងបង្ហាញយ៉ាងជាក់ច្បាស់ ពី​ឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងថវិកាជាតិ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដែលនឹង​អនុញ្ញាត​ឲ្យសាធារណជន បានស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់រដ្ឋាភិបាល តាម​រយៈ​ការអនុវត្ត កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងអាទិភាពនានា ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និង​យុទ្ធសាស្រ្តចតុកោណ ដើម្បីឈានទៅសម្រេចបាន នូវគោលដៅកាត់បន្ថយភាពក្រីក្រ។»

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក តឹក វណ្ណារ៉ា ដូចខាងក្រោម៖




មានវត្តមាន ក្នុងសិក្ខាសាលាននោះដែរ លោក សុន ឆ័យ តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ បានលើក​ឡើង ក្នុងនាមជាអនុប្រធានគណកម្មការទី២ នៃរដ្ឋសភាថា លោកទទួលស្គាល់ នូវរបាយការដែលចេញ​ដោយ​អង្គការអន្តរជាតិនេះ ក្នុងការដាក់ពិន្ទុមកដល់ប្រទេសកម្ពុជា។ លោកក៏បានទទួលស្គាល់ដែរថា សម្រាប់​រដ្ឋសភា​ផ្ទាល់ ក៏មានភាពខ្វះខាត ក្នុងការផ្តល់ព័ត៌មាន និងមានភាពចង្អៀតចង្អល់។

តំណាងរាស្រ្តរូបនេះបន្តថា កន្លងមករដ្ឋសភា មិនកុំថាឡើយត្រឹមជាប្រជាពលរដ្ឋនោះ បើសូម្បីតែលោកជា​តំណាងរាស្រ្ត នៅនឹងសភាស្រាប់ផងនោះ ក៏មិនអាចទទួលបាននូវព័ត៌មាន ពីការចាយវាយរបស់រដ្ឋសភា​ដែរ។ យ៉ាងណា លោកនៅតេទទូចឲ្យមានច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីទទួលបានព័ត៌មាននានា ពី​គ្រប់​ស្ថាប័នជាតិទាំងអស់។

លោក សុន ឆ័យ បានលើកឡើងថា៖ «លក់អ្វី ទិញអ្វី ត្រូវតែមានឯកសារ ជៀសវាងការបន្លំ។ (...) ឯសវនកម្ម​ត្រូវតែឯករាជ្យ ក្នុងការពិនិត្យ យ៉ាងហោចណាស់ពាក់ព័ន្ធ នឹងការចាយវាយថវិការជាតិ។ (...) ពលរដ្ឋជា​ម្ចាស់​ប្រទេស ការរកចំណូល បង់ពន្ធដា លក់សម្បត្តិជាតិ ប៉ះពាល់នឹងទ្រព្យរួម... ម្ចាស់ទឹកម្ចាស់ដី ក៏មានសិទ្ធិដឹង​ដែរ។ ការចាយវាយ គ្មានតម្លាភាព ជាការចាយមិនត្រឹមត្រូវ។»

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក សុន ឆ័យ ដូចខាងក្រោម៖




តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ឡាយ សុខឃៀង លោកទទួលស្គាល់ លើពិន្ទុក្នុងរបាយការណ៍ របស់ងង្គការសង្គមស៊ីវិល ដែលបានដាក់ចំណាត់ថ្នាក់ដ៏ទាប ឲ្យប្រទេសកម្ពុជា ត្រឹមលេខ៨ សម្រាប់សន្ទស្ស​នៃ​ការផ្សព្វផ្សាយ«ព័ត៌មានថវិកា» ដែលខ្លួនលោកផ្ទាល់ ជាអ្នកធ្វើផ្ទាល់នោះ។

ក្នុងនាមជាអនុប្រធាននាយកដ្ឋាន ថវិកានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សុខឃៀង បានបន្ត​ថា ចំណាត់ថ្នាក់នេះ សម្រាប់កម្ពុជា មិនទាន់ចាត់ទុកថា អន់ណាស់ណានោះទេ បើធៀបទៅនឹងប្រទេស​ម៉ាឡេស៊ី ដែលមានត្រឹមតែចំណាត់ថ្នាក់លេខ១២ និងចិនដែលជាប្រទេសមួយយ៉ាងធំ តែទទួលបានបាន​ត្រឹម​១៤ពិន្ទុនោះ។ យ៉ាងណា លោកមិនបានបង្ហាញ ពីការផ្តល់ព័ត៌មានពីថវិកា ជាសាធារណៈនោះឡើយ តែលោក​ទទួលស្គាល់ថា លោក សហការជាមួយសង្គមស៊ីវិល ក្នុងការផ្សព្វផ្សាយពីថវិការទាំងនោះ តាមរយៈសិក្ខា​សាលា​នានា​ជាដើម។

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក ឡាយ សុខឃៀង ដូចខាងក្រោម៖