បើក​រថយន្ត​លឿន​​ជ្រុល​ទៅ​បុក​ម៉ូតូ រួច​ចង់​រត់​តែ​គេច​មិន​ផុត

យុវជនម្នាក់បានរងរបួស នៅក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើង នៅមុខអាកាស​យាន​ដ្ឋាន​​អន្តជាតិ​ភ្នំពេញ រវាង​រថយន្ត​និង​ម៉ូតូ បង្កឲ្យរបួសធ្ងន់។ ម្ចាស់រថយន្ដ បានបើកគេចខ្លួន បន្ទាប់ពី​ហេតុការណ៍ តែ​ត្រូវ​បាន​ពលរដ្ឋ ព្រួត​គ្នា​តាម​ចាប់​បាន។
បើក​រថយន្ត​លឿន​​ជ្រុល​ទៅ​បុក​ម៉ូតូ រួច​ចង់​រត់​តែ​គេច​មិន​ផុត
ជនរងគ្រោះ ម៉ូតូ និងរថយន្ដ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មុខព្រលានយន្ដហោះអន្តរជាតិ។ (រូបថត monoROOM.info/ H. Vuthy)

រថយន្ដនិងម៉ូតូ បានប៉ះគ្នា បង្កឲ្យម្ចាស់ម៉ូតូ រងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខអាកាស​យានដ្ឋាន​អន្តជាតិ​ភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញយុវជនម្នាក់ជិះម៉ូតូប្រភេទ គុប ធ្វើដំណើរតាមបណ្តោយ​ផ្លូវ សហព័ន្ធរូស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង ដែល​បើកបញ្រ្ចាស់ទិសគ្នា ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុកម៉ូតូខាងលើ យ៉ាងពេញទំហឹង បណ្តាល​ឲ្យម្ចាស់ម៉ូតូរបួសធ្ងន់។ បន្ទាប់ពីជួបគ្រោះថ្នាក់នេះរួច រថយន្តនោះបានព្យាយាម បើករត់រហូតដល់បុរីញ៉ូថោន ទើបត្រូវបានពលរដ្ឋចាប់បាន។

ម៉ូតូ ដែលរងគ្រោះថ្នាក់ មានប្រភេទ ហុងដា គុបជ្រុង មានពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1AB5312 បើក​បរ ដោយយុវជនរងរបួស ដែលមិនស្គាល់អត្តសញ្ញាណ។ ចំណែករថយន្តបង្កប្រភេទ កូរូឡា ពណ៍ខ្មៅ មាន​ស្លាក លេខភ្នំពេញ 2E 7976 មិនស្គាល់ឈ្មោះអ្នកបើកបរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ រីឯសមត្ថកិច្ចបានចុះមកវាស់វែង និងនាំ​យក​រថយន្ត និងម៉ូតូទៅរក្សានៅ អធិការដ្ឋាននគរខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំការដោះស្រាយ៕