ក្រសួង​ពីរ​ធ្វើ​សិក្ខា​សាលា ពី​បម្រែ​បម្រួល​អាកាសធាតុ

បម្រែបម្រួលអាកាសធាតុ ជាបញ្ហាដ៏ព្រួយបារម្ភមួយ នៅលើពិភព ខណៈកម្ពុជា ក៏កំពុងរងគ្រោះ​ពីបញ្ហានេះ​ដែរ។ ដើម្បី​ពន្យល់​ឲ្យ​ពលរដ្ឋកាន់តែច្រើនឡើង យល់ពីបញ្ហាេះ ក្រសួងពត័មាន និងក្រសួងបរិស្ថាន បាន​រួម​គ្នា ធ្វើ​សិក្ខា​សាលា​មួយ​ឡើង។
ក្រសួង​ពីរ​ធ្វើ​សិក្ខា​សាលា ពី​បម្រែ​បម្រួល​អាកាសធាតុ
សិក្ខាសាលាស្តីពី «ប្រព័ន្ធផ្សព្វផ្សាយ និងការប្រែប្រួលអាកាសធាតុ» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។ (រូបថត monoROOM.info/ S. Tith)

នៅថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០១៥ នេះក្រសួងបរិស្ថាន បានសហការជាមួយក្រសួងពត័មាន រៀបចំ សិក្ខា​សាលា​ស្តីពី «ប្រព័ន្ធផ្សព្វផ្សាយ និងការប្រែប្រួលអាកាសធាតុ» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដើម្បីឲ្យ មានប្រជាជន​មាន​ការយល់ដឹងបន្ថែម ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

កម្មវីធីនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង ការផ្សព្វផ្សាយកម្មវិធីពត័មានស្តីពី ការ​ប្រែប្រួលអាកាសធាតុ និងផ្តល់ឪកាស ដល់អ្នកសារពត័មាន និងអ្នកជំនាញពីបញ្ហានេះ បានចែករំលែក បទ​ពិសោធន៍​ទាំងឡាយ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ។

លោក ខៀវ កាញារឹទ្ធ រដ្ឋមន្រ្តីក្រសួងពត័មាន បានថ្លែងឲ្យដឹងថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈម​មួយ ដែលកំពុងតែកើតឡើង នៅលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាដែរ។ បញ្ហាទាំងនោះរួមមាន ការ​កើតឡើងកម្តៅផែនដី គ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួត ដែលធ្វើឲ្យខូចខាតប្រព័ន្ធអេកូឡូស៊ី បាត់​បង់​ជីវ:ចំរុះ កើតជម្ងឺប្លែកៗ បំផ្លាញជីវិតមនុស្ស សត្វ។

លោកបានបន្ថែមទៀតថា ក្រសួងពត័មាន បានចុលរួមយ៉ាងសកម្ម ក្នុងការរៀបចំគោលនយោបាយ ស្តីពីការ​ប្រែប្រួលអាកាសធាតុ ជាពិសេសរៀបចំ និងអនុម័តនូវផែនការសកម្មភាព ឆ្លើយតបនឹងការប្រែប្រួល​អាកាស​ធាតុ ឆ្នាំ២០១៥-២០១៨ ដែលបាននិងកំពុងអនុវត្ត។

លោករដ្ឋមន្ត្រីព័ត៌មាន សូមឲ្យស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងសារពត័មាន ទាំងអស់យកចិត្តទុកដាក់ផ្សព្វផ្សាយ ឲ្យបានទៀងទាត់ អំពីការព្យាករណ៍ ធាតុអាកាស និងគ្រោះធម្មជាតិផ្សេងៗ ដើម្បីឲ្យ ជនរួមជាតិ បានដឹង។

ចំណែកលោក យិន គឹមស៊ាន ជារដ្ឋលេខាធិការក្រសួងបរិស្ថានវិញ បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុ ជាកត្តាគំរាមគំហែងចម្បងមួយ នាពេលបច្ចុប្បន្ន និងពេលអនាគត សម្រាប់មនុស្សជាតិទាំងមូល ជា ពិសេស​សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលពឹងផ្អែកលើវិស័យកសិកម្ម និងអាស្រ័យលើធាតុអាកាសផ្ទាល់។ នៅ​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានជួបប្រទះ នូវបាតុភូតមិនប្រក្រតី ជាញឹកញាប់។

លោកបានបន្តទៀតថា តាមរយៈកម្មវិធីសម្ព័ន្ធភាព អាកាសធាតុកម្ពុជា (CCCA) ដំណាក់កាលទី១ ក្រសួង​បរិស្ថានបានគាំទ្រ ដល់ការអនុវត្តការងារបន្សុំា ការប្រែប្រួលអាកាសធាតុ នៅតាមសហគមន៍ ២០ គម្រោង​មាន​ទឹក​ប្រាក់ ៦លានដុល្លារអាមេរិក និងដំណាក់កាលទី២ ម្ចាស់ជំនួយបានផ្តល់ថវិកាចំនួន ៤,៥លានដុល្លារ​អាមេរិក ដល់​ក្រសួង​ស្ថាប័ន ដើម្បីអនុវត្តឆ្លើយតប នឹងកាប្រែប្រួលអាកាសធាតុ។

ជាចងក្រោយ លោកបានលើកឡើងថា ប្រជាជនភាគច្រើន បានទទួលពត័មាននានា ពីការប្រែប្រួល​អាកាស​ធាតុ តាមរយះបណ្តាញផ្សព្វផ្សាយនានា។ ដូច្នោះប្រព័ន្ធផ្សព្វផ្សាយ មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់​ដំណឹង ដល់ប្រជាជនទូរទៅ ក្នុងកម្ពុជាពីការប្រែប្រួលអាកាសធាតុ៕