រវាង​ភាព​«កំសាក» និង​ការ​បញ្ជៀស​អំពើ​ហិង្សា​របស់ សម រង្ស៊ី…

នៅចំពោះការអាក់អន់ស្រពន់ចិត្ត នៃអ្នកគាំទ្រមួយចំនួន ដែលបានទៅរងចាំ ការវិលត្រឡប់របស់លោក សម រង្ស៊ី តែ​បែរ​ជា​ត្រូវ​លោក បដិសេធនៅនាទីចុងក្រោយ ថាលោកមិនមកទៅវិញនោះ លោក អេង ឆៃអ៊ាង ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ បានបកស្រាយថា លោក សម រង្ស៊ី មិនវិលត្រឡប់មកភ្លាមៗ ក្នុង​ពេល​នេះ ដោយ​សារ​លោក មិន​ចង់​ឲ្យ​មាន​អំពើ​ហិង្សា កើតឡើង។
រវាង​ភាព​«កំសាក» និង​ការ​បញ្ជៀស​អំពើ​ហិង្សា​របស់ សម រង្ស៊ី...
កងកម្លាំងរាប់សិបរយនាក់ ត្រូវបានបញ្ជូន ទៅរងចាំចាប់ខ្លួនលោក សម រង្ស៊ី ដែលទីបំផុតទៅ ត្រូវខកព្រោះ​លោក សម រង្ស៊ី ប្រកាសថាមិនមកវិញ។ (រូបថតហ្វេសប៊ុក)

សម្រាប់អ្នកមិនចូលចិត្តលោក សម រង្ស៊ី ការមិនត្រឡប់មកប្រទេសវិញ របស់មេដឹកនាំប្រឆាំង ខណៈលោក​មានដីកា ឲ្យចាប់ខ្លួននោះ មិនមែនជារឿងប្លែកនោះទេ ព្រោះលោក សម រង្ស៊ី ធ្លាប់និរទ្ទេសខ្លួនដូច្នេះ កាលពី​ប៉ុន្មានឆ្នាំមុនរួចហើយ។ ប៉ុន្តែសម្រាប់អ្នកគាំទ្រលោក សម រង្ស៊ី មួយចំនួនវិញ ការផ្អាក ការវិលត្រឡប់មក​ប្រទេស​វិញនេះ បានបង្កឲ្យមានការអាក់អន់ ស្រពន់ចិត្ត និងយល់ថា លោក សម រង្ស៊ី ពិតជា«កំសាក» មិន​ហ៊ាន​ប្រឈម នឹងក្រុមអ្នកកាន់អំណាច នៅភ្នំពេញ។

នៅចំពោះការលើកឡើងខាងលើ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានធ្វើការបក​ស្រាយជុំវិញការលើក ឬពន្យាពេល របស់លោក សម រង្ស៊ី ដែលគ្រោងត្រឡប់ មកប្រទេសវិញ ក្នុងថ្ងៃទី១៦ ខែ​វិច្ឆកានោះ ព្រោះតែលោកមិនចង់ឃើញ មានហិង្សា ឬការបង្ហូរឈាមរវាងខ្មែរ និងខ្មែរ ពិសេសចង់ការពារ​សេចក្តី​សុខ របស់ប្រជាពលរដ្ឋ។

លោក ឆៃអ៊ាង បានទទួលស្គាល់ថា ការពន្យាពេលនេះ មុខនឹងមានការរិះគន់ ដែលជាការជៀសមិនផុត ដោយ​សំដៅថា សម រង្ស៊ី ជាអ្នកនយោបាយកំសាក មិនហ៊ានជាប់គុក ក្លាហានតែក្នុងស្នូកជាដើមនោះ។

លោក អេង ឆៃអ៊ាង បានបន្តពន្យល់ តាមទំព័រហ្វេសប៊ុក របស់លោកទៀតថា៖ «តែបើ សម រង្ស៊ី ចូលស្រុក​តាម​ការ​សន្យា នាយប់ថ្ងៃទី ១៦ វិច្ឆិកា ២០១៥ ហើយមានអំពើហិង្សាកើតឡើង ស្លាប់មនុស្ស និងមានការចាប់​មនុស្ស ដាក់គុកច្រវ៉ាក់ ពេលនោះ គេនឹងថ្កោលទោស សម រង្ស៊ី ថា ជាអ្នកនយោបាយ ចង់បានតែ​ប្រជាប្រិយ​ភាព​ខ្លួនឯង ចង់ឲ្យគេហៅអ្នកក្លាហាន អត់គិតពីសុខទុក្ខ របស់ប្រជារាស្ត្រ»។

យ៉ាងណា ការមិនវិលចូលស្រុក កាលពីថ្ងៃទី១៦ ខែវិច្ឆិការ របស់លោក សម រង្ស៊ី ទំនងបានធ្វើឲ្យ​មេនគរបាល​មួយចំនួន រាប់ដោយទាំងរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ផង មានការខឹងសម្បាមិនតិចទេ ដោយសារតែ​ពួក​គេ បានបង្កើតទាំងគណៈកម្មការ«ពិសេស» ចំណាយទាំងពេល កម្លាំង និងសម្ភារៈយ៉ាងក្រាស់ក្រែល ដើម្បីរង់ចាំ​ចាប់​ខ្លួនលោក សម រង្ស៊ី បូករួមនឹងការត្រៀមទប់ទល់​សព្វគ្រប់បែបយ៉ាង ជាពិសេសនឹងស្ថានការណ៍ ជាយថា​ហេតុ​ណាមួយ។

ក្នុងរសៀល និងយប់ថ្ងៃទី១៦ ខែវិច្ឆកា កន្លងទៅនេះ អាជ្ញាធរកម្ពុជា ដែលគ្រប់គ្រងដោយគណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជូនកងកម្លាំងសមត្ថកិច្ចចម្រុះ រាប់រយនាក់ ប្រដាប់ដោយ ខែល ដំបង និងអាវុធ និងឆ្កៃ​ប្រមាញ់​ក្លិន យកមកដាក់ពង្រាយ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតាមផ្លូវសំខាន់នានា ដើម្បីធ្វើ​យ៉ាង​ណា ត្រូវចាប់ខ្លួន លោក សម រង្ស៊ី ឲ្យបាន។ តែសម្រេចសម្រួលទៅ កងកម្លាំងទាំងនោះ ត្រូវនាំគ្នាឡើង​រថយន្ដ ប្រមូល​ទាំង​​ប្រដាប់​ប្រដា ត្រឡប់​ចូល​បន្ទាយវិញទាំងអស់ ព្រោះ«សត្វឈ្លូសមិនមកទេ ថ្ងៃនេះ!»៕


» សូមទស្សនាវីដេអូ នៃសកម្មភាពរបស់សមត្ថកិច្ចចម្រុះ ត្រៀមចាប់លោក សម រង្ស៊ី ដើម្បីបញ្ជូនទៅកាន់​ពន្ធនាគារ​ព្រៃសរ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥៖