ការ​លុប​បឹង​កក់​និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​កត្តា​ហានិភ័យ​ទឹក​​ជំនន់​លិច​ភ្នំពេញ

ការ​លុប​បឹង​កក់​និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​កត្តា​ហានិភ័យ​ទឹក​​ជំនន់​លិច​ភ្នំពេញ

រូបឯកសារ៖ អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ម្នាក់​បើ​កាត់​ផ្លូវ​លិច​ទឹក​ដោយសារ​តែ​ភ្លៀង​ធ្លាក់​មួយ​មេឃ​ធំនៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ ទី៣១ ខែ​កក្កដា ឆ្នាំ២០១៥។ (AP/Heng Sinith)

ការ​លុប​បឹង​កក់​និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​កត្តា​ហានិភ័យ​ទឹក​​ជំនន់​លិច​ភ្នំពេញ

លោក ឡុង ឌីម៉ង់ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA អំពីវិធានការការពារកំុឲ្យ​ទឹកភ្លៀងរឺទឹកទន្លេលិចរាជធានីភ្នំពេញ។ (ផន បុប្ផា/VOA​ Khmer)រៀង​រាល់​ឆ្នាំ ​ជា​ពិសេស​ក្រោយពី​ការ​បូម​ខ្សាច់​លប់​បឹងកក់​នោះ រាជធានី​ភ្នំពេញ​ប្រឈម​មុខ​នឹង​ការ​លិចលង់​ដោយ​ទឹក​ភ្លៀង​ និង​ទឹក​ទន្លេ ​ដែល​មាន​ការ​ប្រែប្រួល​ខ្លាំង​ ដោយ​សារ​ការ​ប្រែប្រួល​អាកាសធាតុ។ ភ្នំពេញ—

រៀង​រាល់​ឆ្នាំ ​ជា​ពិសេស​ក្រោយពី​ការ​បូម​ខ្សាច់​លប់​បឹងកក់​នោះ រាជធានី​ភ្នំពេញ​ប្រឈម​មុខ​នឹង​ការ​លិចលង់​ដោយ​ទឹក​ភ្លៀង​ និង​ទឹក​ទន្លេ ​ដែល​មាន​ការ​ប្រែប្រួល​ខ្លាំង​ ដោយ​សារ​ការ​ប្រែប្រួល​អាកាសធាតុ។ សាលា​រាជ​ធានី​ភ្នំពេញ​បាន​និយាយ​ថា ​ខ្លួន​កំពុង​កែ​សម្រួល​ប្រព័ន្ធ​លូ​ទឹក​ ដើម្បី​បញ្ចៀស​ទឹក​ជំនន់​ចេញ​ពី​ក្នុង​ទីក្រុងភ្នំពេញ។​

នៅ​រដូវ​វស្សា ​រាជធានី​ភ្នំពេញ​ត្រូវ​លិចលង់​ដោយ​សារជំនន់ទឹកភ្លៀង ​និង​ជំនន់​ទឹក​ទន្លេ។​ សូម្បីនៅ​រដូវ​ប្រាំង​ក៏​រាជធានី​ភ្នំពេញ​លិច​ទឹក​ដែរ ​ដោយ​សារ​តែ​ភ្លៀង​មិន​ប្រក្រតី​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ គួប​ផ្សំ​នឹង​ការ​លុប​បឹងកក់។​

ទោះ​ជា​យ៉ាងណា​ អ្នក​នាំ​ពាក្យ​របស់​សាលា​ក្រុង​ភ្នំពេញ​គឺ​លោក​ ឡុង ​ឌីម៉ង់ ​បាន​និយាយ​ថា​ លោក​ដឹង​ថា​ ប្រទេស​កម្ពុជា​ ជា​ពិសេស​រាជធានី​ភ្នំពេញ​ បាន​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ ដែល​ក្នុង​នោះ​មាន​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​ហើយ​កម្ពស់​ទឹក​ភ្លៀង​កើន​ឡើង​ខ្ពស់​ខុស​ពី​ធម្មតា។

លោក​បាន​និយាយ​ថា ​ក្រុង​ភ្នំពេញ រាជធានី​នៃ​ប្រទេស​កម្ពុជា​ បាន​និង​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ផល​ប៉ះ​ពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ខណៈ​ពេល​ដែល​កម្ពុជា​ត្រូវ​បានចាត់​ថ្នាក់​ចូល​ទៅ​ក្នុង​ក្រុម​ប្រទេស​ ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​ក្នុង​ពិភពលោក​ដោយ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ។​

លោក​ ឡុង ឌីម៉ង់ ​និយាយ​ថា ​រាជធានី​ភ្នំពេញ​មាន​រាង​ជា​បាត​ខ្ទះ ​ដែល​ជា​មូលហេតុ​នាំឲ្យ​ក្រុង​នេះ​ងាយ​លិចលង់​ ដោយ​សារ​ជំនន់​ទឹក​ភ្លៀង ​ឬ​ទឹក​ទន្លេ​ ដូច​ជា​ទន្លេ​សាប​ និង​ទន្លេ​មេគង្គ។ ​លោក​បាន​ថ្លែង​ថា ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​មាន​ការ​កើន​ឡើង​នៃ​កម្ពស់ទឹក​ភ្លៀង​ដែរ។ ​កម្ពស់​ទឹក​ភ្លៀង​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ពី​៣០មីល្លីម៉ែត្រ​រហូត​ដល់​ច្រើន​ជាង​១០០​មីល្លីម៉ែត្រ​នៅ​រដូវ​វស្សា​ឆ្នាំ​នេះ។​

ការ​លុប​បឹង​កក់​និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​កត្តា​ហានិភ័យ​ទឹក​​ជំនន់​លិច​ភ្នំពេញ

លោក ឡុង ឌីម៉ង់ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA អំពីវិធានការការពារកំុឲ្យ​ទឹកភ្លៀងរឺទឹកទន្លេលិចរាជធានីភ្នំពេញ។ (ផន បុប្ផា/VOA​ Khmer)

លោក​បាន​និយាយ​ថា៖​«សម្រាប់​រាជធានី​ភ្នំពេញ​យើង​ យើង​ពិត​ជា​បាន​ទទួល​ឥទ្ធិពល​ពី​ការ​បម្រែ​បម្រួល​អាកាស​ធាតុ​នេះ។ ភ្លៀង​នៅ​រាជ​ធានី​ភ្នំពេញ​កន្លង​មក​គឺ​យើង​ធ្លាប់​មាន​៣០​មីល្លីម៉ែត្រ​ ៦០​មីល្លីម៉ែត្រ​ ៨០​មីល្លីម៉ែត្រ។ រហូត​ដល់​ឆ្នាំ​ទៅ​គឺ​ថា​ កម្ពស់​ទឹក​ភ្លៀង​ដែល​ខ្លាំង​ជាង​គេ​បំផុត​គឺ​ជាង​៨០​មីល្លីម៉ែត្រ»។​

លោក ​ឡុង ឌីម៉ង់​ បាន​បន្ថែម​ទៀត​ថា៖​«ប៉ុន្តែ​ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំ​នេះ ​ពេល​រដូវ​វស្សា​កន្លង​ទៅ​មាន​ភ្លៀង​ខ្លាំង​គឺ​មាន​រហូត​ដល់​ទៅ​១០៣​មីល្លីម៉ែត្រ»។​

លោក ​ឡុង ឌីម៉ង់​ បាន​ឱ្យ​ដឹង​ថា​ រាជធានី​ភ្នំពេញ​អាច​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង​ និង​ទឹក​ទន្លេ​ ដោយ​សារ​តែប្រព័ន្ធ​លូ​តូច ​បញ្ហា​ទុក​ដាក់​សម្រាម ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​នេះ ​ដែល​នាំ​ឱ្យ​មាន​ការ​សាង​សង់​ប្រព័ន្ធ​លូ​មិន​សមរម្យ ​និង​ការ​ធ្លាក់​ភ្លៀង​ដែល​មាន​កម្ពស់​ខ្ពស់​មិន​ទៀង​ទាត់។​

លោក ​ឌីម៉ង់​ បាន​និយាយ​ថា ​មាន​ប្រព័ន្ធ​លូ​ប្រវែងជាង​៦០០​គីឡូម៉ែត្រ​កាត់​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​បញ្ចេញ​ទឹក​ជំនន់។​ លោក​មាន​ប្រសាសន៍​ថា​ កិច្ចការ​នេះ​ត្រូវ​ការ​ថវិកា​ច្រើន​ ហើយ​ការ​សាងសង់ និង​ការ​ស្តារ​ប្រព័ន្ធ​លូ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ត្រូវ​ចំណាយពេល​យូរ។​

លោក​និយាយ​ថា៖​«វិធាន​ការ​ចំពោះ​មុខ​របស់​យើង​គឺ​យើង​ធ្វើ​ការ​ដាក់​បណ្តាញ​លូ​ថ្មី។​ ជាពិសេស​តំបន់​មួយ​ចំនួន​នៅ​កណ្តាល​ក្រុង​ និង​នៅ​ជាយ​ក្រុង ​ក៏​យើង​ធ្វើ​ការ​ដាក់​បណ្តាញ​លូ​ថ្មី ​គឺ​យើង​ប្តូរ​ពី​ប្រភេទ​លូ​ ដែល​មាន​ទំហំ​៣​តឹក​ ​៥​តឹក​ទៅ​ជា​លូ​ដែល​ចាប់​ពី​មួយ​ម៉ែត្រ​ឡើង​ទៅ»។​

យោង​តាមព្រឹត្តិ​ប័ត្រ​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​មានប្រជាជនជាង​មួយ​លាន​កន្លះ ដែល​មាន​អាសយដ្ឋាន​នៅ​ក្នុង​កណ្តាល​រាជធានី​ភ្នំពេញ ​ដែល​មាន​ផ្ទៃដី​៦៧៨០០​ហិចតា។​

ក៏​ប៉ុន្តែ​លោក ​ឌីម៉ង់ ​និយាយ​ថា​ ចំនួន​មនុស្ស​អាច​មាន​ប្រមាណ​៣លាន​នាក់​កំពុង​ធ្វើការ ​និង​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​ក្នុងនោះមនុស្ស​មួយ​ចំនួនចូល​មក​ធ្វើ​ការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ក្នុង​អំឡុង​ពេល​ថ្ងៃ​ និង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​តាម​ខេត្ត​ជាប់​រាជ​ធានី​ភ្នំពេញ​ នៅ​ចុង​បញ្ចប់​ការងារ។​

ការ​ស្រាវជ្រាវ​ដោយ​មហា​វិទ្យាល័យ​ Notre Dame ​ឬ ​ND-ឆ្នាំ ​២០១៤​ បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ ដែល​ងាយ​រងគ្រោះ​ដោយ​សារ​ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​ទីបំផុត ​ហើយ​ប្រទេស​កម្ពុជា​មាន​លទ្ធភាព​ទាប​ក្នុងការ​ត្រៀម​ខ្លួន ​ដើម្បី​ទប់ទល់​ និង​សម្រប​ខ្លួន​ទៅ​នឹង​ផល​ប៉ះពាល់​នៃការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ ហើយ​កម្ពុជា​ត្រូវបាន​ចាត់​បញ្ចូល​ជាមួយប្រទេស​បង់ក្លាដេស​ និង​ប្រទេស​ហ្វីលីពីន ​ដែល​ងាយ​រងគ្រោះ​ដោយ​សារ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​តំបន់។​

បើ​យោង​តាម​សន្ទស្សន៍​ហានិភ័យ​សកល​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​បាន​ចង​ក្រង​ដោយ​ Germanwatch ​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ។​

នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា ​និង​ប្រទេស​វៀតណាម​ឋិត​នៅ​ក្នុងចំណាត់​ថ្នាក់​ទាប​ជាង​គេ​នៅ​ក្នុង​បញ្ជី​ប្រទេស​ចំនួន​១០ ហើយ​នៅ​ឆ្នាំ​នេះ​ក៏​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​ដែរ។​ នេះ​បើ​យោង​តាម​សន្ទស្សន៍​របស់​ Germanwatch ​រៀបរៀង​នៅ​ក្នុង​ឆ្នាំ​២០១៥។​

ចំណាត់​ថ្នាក់​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ភ្ជាប់​ជាពិសេស​ជាមួយ​រដូវ​ខ្យល់​មូសុង​ឆ្នាំ​២០១៣​ ដែល​រួម​មាន​ការ​ធ្លាក់​ភ្លៀងខ្លាំង ​និង​ការ​រីក​រាលដាល​នៃ​ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស​ជាថ្មី​ទៀត​ នៅពេល​ដែល​ប្រទេស​នេះ​មិនទាន់​ទាំង​បាន​ស្តារ​ឡើង​វិញ​នូវ​ការ​ខូច​ខាត​បណ្តាល​មក​ពី​គ្រោះ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​មុនៗ​នៅ​ឡើយ​នោះ។​

ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​បាន​នាំ​ឲ្យ​មានគ្រោះ​រាំង​ស្ងួត​ ឬ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​មិន​ទៀង​ទាត់។​

លោក ​កែវ វី ​អ្នក​នាំ​ពាក្យ​របស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​បាន​និយាយថា ​មន្រ្តី​សាលា​ក្រុង​មាន​សម្ភារៈ​ និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​គ្រោះ​ទឹក​ជំនន់។​

«ធម្មតា​នៅ​ក្នុង​រាជ​ធានី​គឺ​លោក​អាច​ដោះ​ស្រាយ​ម្ចាស់ការ​ខ្លួន​ឯង​បាន»។​

លោក​ ឡុង ឌីម៉ង់​ បាន​និយាយ​ថា​ ដោយ​សារ​រាជធានី​ភ្នំពេញ​មាន​រូបរាង​ដូច​បាត​ខ្ទះ​ ដូច្នេះ​ទី​ក្រុង​នេះ​នៅ​តែ​ប្រឈម​នឹង​ការ​លិចលង់។​

លោក​បាន​ថ្លែង​ថា៖​«ស្ថានភាព​របស់​ភ្នំពេញ​វា​អញ្ចឹង។​ ដូច្នេះ​វា​ងាយ​ប្រឈម​នឹង​ការ​លិចលង់​ ​ទាំង​ជំនន់​ទឹក​ភ្លៀង​ ទាំង​ជំនន់​ទឹក​ទន្លេ»៕