សម រង្ស៊ី៖ CPP កំពុង​ធ្វើ​«រដ្ឋប្រហារ»​រដ្ឋធម្មនុញ្ញ

ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា «កម្ពុជាបច្ចុប្បន្ន» ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្រ្តី និង​ជា​ប្រធាន​គណបក្ស​ប្រជាជ​កម្ពុជា កំពុងឈានទៅរករបប នៃការដឹកនាំប្រទេស ដែលមាន«បក្សតែមួយ»។
សម រង្ស៊ី៖ CPP កំពុង​ធ្វើ​«រដ្ឋប្រហារ»​រដ្ឋធម្មនុញ្ញ
លោក ហ៊ុន សែន (ពាក់អាវក្រម៉ៅ) នាយករដ្ឋមន្ត្រីកម្ពុជា ចុះមើលការដ្ឋានស្ពានស្ទឹងមានជ័យ កាលពីខែកក្កដា ឆ្នាំ២០១៣។ (រូបថត Reuters)

សកម្មភាព និងទង្វើយ៉ាងយង់ឃ្នងមួយចំនួនថ្មីៗនេះ ពីសំណាក់គណបក្សប្រជាជនកម្ពុជា លើគណបក្ស​សង្គ្រោះ​ជាតិ ជាការឈានទៅរក ការបំបាត់សម្លេងបក្សប្រឆាំង ក្នុងរដ្ឋសភា។ នេះជាការលើកឡើង របស់​ប្រធាន​គណៈបក្ស​ប្រឆាំង នៅមួយថ្ងៃក្រោយការបណ្ដេញលោក ពីកៅអីជាតំណាងរាស្ត្រ នៅក្នុងរដ្ឋសភា ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា។

សរសេរអះអាងនៅលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់លោក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាន​លើកឡើង ពាក់ព័ន្ធនឹងទង្វើយ៉ាងយង់ឃ្នងនោះ រួមមាន ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក ហុង សុខហួ ដាក់​ពន្ធនាគារ មកទល់នឹងថ្ងៃនេះ - ការវាយដំយ៉ាងសាហាវ មកលើតំណាងរាស្ត្រ គណបក្សប្រឆាំងពីររូប គឺ​លោក ញ៉យ ចំរើន និងលោក គង់ សភា - ការដកលោក កឹម សុខា ចេញពីតំណែង ជាអនុប្រធានទី១​នៃ​រដ្ឋសភា និងចុងក្រោយបំផុតនេះ គឺការចេញដីកា ឲ្យចាប់ខ្លួនលោក ដែលជាតំណាងរាស្ត្រ មានអភ័យឯក​សិទ្ធិ​សភា ព្រម​ទាំង​បណ្តេញលោក ចេញពីសមាជិកភាពរដ្ឋសភា ដោយតំណាងរាស្ត្រ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ។

លោក សម រង្ស៊ី បានសរសេរថា៖ «ទង្វើទាំងអស់នេះ ឈានទៅដល់ការបញ្ចប់តួនាទី របស់គណបក្ស​ប្រឆាំង​តែ​មួយ​គត់ ដែលមានអសនៈក្នុងរដ្ឋសភា។ ហើយបង្ហាញថា ប្រទេសកម្ពុជា បានវិលត្រឡប់ ទៅរកប្រព័ន្ធ​បក្ស​តែ​មួយ ដូចមុនថ្ងៃចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសឆ្នាំ១៩៩១។»

លោកបន្ថែមថា៖ «ទង្វើទាំងអស់នេះ ពីសំណាក់គណបក្សប្រជាជនកម្ពុជា គឺជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដែល​នាំ​មកនូវផលប៉ះពាល់ផ្លូវច្បាប់ និងផ្លូវនយោបាយ ដូចរដ្ឋប្រហារយោធា ដែលពួកគេបានធ្វើនៅថ្ងៃ ៥-៦ កក្កដា ឆ្នាំ១៩៩៧ អញ្ចឹងដែរ។ ផលប៉ះពាល់ចម្បង គឺបំផ្លាញដំណើរការប្រជាធិបតេយ្យ ដែលមានធានា ក្នុងកិច្ចព្រម​ព្រៀង​សន្តិភាព ទីក្រុងប៉ារីស ចុះហត្ថលេខាដោយ១៨ប្រទេសជាមិត្ត ដោយមានការគាំទ្រ ពីអង្គការសហ​ប្រជា​ជាតិ​ផងដែរ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស តម្រូវឲ្យប្រទេសកម្ពុជា ប្រកាន់នូវរបបនយោបាយ ប្រជាធិបតេយ្យ សេរី ពហុបក្ស។»

សម្រាប់អ្នកនាំពាក្យ ឲ្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន វិញ បានចាត់ទុកថា ការដកតំណែង និងការ​ចេញដីការចាប់ខ្លួន លោក សម រង្ស៊ី ជារឿងឯកជនសុទ្ធសាធ មិនមែនជារឿងនយោបាយ ឬរដ្ឋាភិបាល​ឡើយ។ លោកបន្តថា ករណីនេះ ក៏ជាការបង្ហាញថា កម្ពុជាកំពុងមានភាពជោគជ័យ លើកំណែទម្រង់ប្រព័ន្ធ​យុត្តិធម៌ ដើម្បីឈានទៅលប់បំបាត់នីទណ្ឌភាព នៅកម្ពុជា។

លោក ស៊ីផាន បានថ្លែងបែបចំអក ត្រឡប់ទៅលោក សម រង្ស៊ី វិញថា៖ «អ្នកអាចរត់គេចខ្លួនបាន ក៏ប៉ុន្តែអ្នក​មិនអាច​នៅក្រៅសំណាញ់ច្បាប់ នោះទេ។ គ្រាន់តែពេលវេលាតែប៉ុណ្ណោះ ដែលកំណត់ព្រឹត្តិការណ៍ នៃការ​ទទួល​ទោសទណ្ឌ។ (...) ការប្រគល់ភាព ជាតំណាងរបស់ប្រជាពលរដ្ឋ និងអភ័យឯកសិទ្ធិ ឬជាឥស្សរជន​នៃ​គណបក្សប្រឆាំង មិនបានសេចក្តីថា ជាជននៅលើច្បាប់នោះទេ។ ការប្រឆាំងនឹងនិទណ្ឌភាព គឺមិនរើសអើង ជាមួយនិន្នាការនយោបាយ ឋានះ និងតួនាទីនយោបាយឡើយ។»៕