មន្រ្តី​ម្នាក់​នៃ​ទីស្តីការ​ស្លាប់ ព្រោះ​ជិះ​ម៉ូតូ​លឿន​ជែង​ឡាន​ទៅ​ប៉ះ​ម៉ូតូ


បុរសម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាមន្ត្រីបម្រើការងារ នៅទីស្រ្តីការរដ្ឋមន្រ្តី បានបើកម៉ូតូក្នុងល្បឿនលឿន ដើម្បី​ជែង​រថយន្​តមួយ​គ្រឿង រួចជ្រុលទៅបុកម៉ូតូ មួយគ្រឿងទៀត ដែលជិះបញ្ច្រាស់គ្នា បណ្តាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើត​ហេតុ។
មន្រ្តី​ម្នាក់​នៃ​ទីស្តីការ​ស្លាប់ ព្រោះ​ជិះ​ម៉ូតូ​លឿន​ជែង​ឡាន​ទៅ​ប៉ះ​ម៉ូតូ

ទិដ្ឋភាពនៅកន្លែងគ្រោះថ្នាក់ចរាចរណ៍។ (រូបថត monoROOM.info/ H. Vuthy)

បុរសម្នាក់បានបោកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់ថ្ងៃ​ទី១៧ ខែវិច្ឆិកា។ បុរសរងគ្រោះនោះ ឈ្មោះ សាន ថាវិន អាយុ ៣៥ឆ្នាំ ជាមន្ត្រីប្រើការងារ នៅទីស្តីការគណៈ​រដ្ឋមន្រ្តី។ នេះបើតាមការអះអាង របស់មន្ត្រីសមត្ថកិច្ច ដែលបានចុះទៅវាស់វែងផ្ទាល់ នៅកន្លែងកើតហេតុ។

ក្រុមមន្ត្រីនគរបាល បានបន្តរៀបរាប់ថា បុរសរងគ្រោះ សាន ថាវិន មានទីលំនៅស្នាក់នៅ ភូមិខ១ ក្រុមទី០១ សង្កាត់ច្រាំងចម្រេះមួយ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកយុវជនរងរបួស​ ដែលជាភាគីម្ខាងទៀត មាន​ឈ្មោះ នៅ សុភាន់ អាយុ២៥ ឆ្នាំ រស់នៅភូមិគ្រោះ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ​៥ ត្រង់ចំណុច ទល់មុខមន្ទីពេទ្យធ្មេញ សុជាតិ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាម​ប្រភពពីអ្នកជិតខាង ដែលនៅក្បែរកន្លែងកើតហេតុ បានបា្រប់ឲ្យដឹងថា មុនពេលគ្រោះថ្នាក់ គេឃើញលោក ថាវិន ជិះម៉ូតូ មួយគ្រឿង ធុនវីវ៉ាពណ៍ខ្មៅ ស្លាកលេខភ្នំពេញ១BR-៨១៨២ ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិ​លេខ​០៥ ពីត្បូងទៅជើង។

លុះមកដល់ចំណុចកើតហេតុ ម្ចាស់ម៉ូតូបានវ៉ាជែង ឡានមួយគ្រឿង មិនស្គាល់ស្លាកលេខ ទាំងល្បឿនលឿន រួចបានជ្រុលទៅមុកម៉ូតូឌ្រីម សេរីឆ្នាំ២០១៤ ពណ៍ខ្មៅមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ ១CQ-០៨៤០ បើកបរដោយយុវជន សុភាន ក្នុងទិសដៅបញ្ច្រាស់គ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យលោក ថាវិន បានដួល​បោក​ក្បាល ស្លាប់ភ្លាមៗតែម្ដង។។

ដោយឡែកយុវជន សុភាន់ ម្ចាស់ម៉ូតូឌ្រីម គ្រាន់តែរងរបួសស្រាល បន្តិចបន្តួចប៉ុណ្ណោះ ខណៈម៉ូតូ​ទាំង​សង​ខាង រងការខូចខាតដូចគ្នា។ សមត្ថកិច្ចដែលបានចុះ ទៅដល់កន្លែងកើតហេតុ បានអញ្ជើញយុវជន សុភាន់ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល​ឬស្សីកែវ ដើម្បីសួរនាំ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានទាក់ទង ប្រគល់​ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ។ ជាមួយគ្នានេះដែរ វត្ថុតាងទាំងសងខាង ត្រូវបាន​ការិយាល័យ​ចររាចរណ៍ រាជធានីភ្នំពេញ យកទៅរក្សាទុក ដើម្បីដោះស្រាយ នៅពេលក្រោយ៕