ចូល​បាញ់​គំរាម​ដល់​ផ្ទះ​អ្នកកាសែត​ នៅ​ស្រុក​ស្វាយ​ លើ​ខេត្ត​សៀមរាប

ខេត្តសៀមរាប ៖ អ្នក​យក​ព័ត៌មាន​កាសែត​«​ស្មារតី​៧​មក​រា​អមតៈ​»​ប្រចាំ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ ម្នាក់​បាន​អះអាង​ថា ខ្លូ​ន​ត្រូវ​ជន​មិន​ស្គាល់​ មុខ​ចូល​ទៅ​ បាញ់​គំរាម​ដល់​ផ្ទះ បន្ទាប់​ពី​រូប​គាត់​បាន​ ចុះ​ទៅ​ថត​ យក​រូបភាព​អំពី​សកម្មភាព​ដឹក​ជញ្ជូន​ ឈើ​ខុសច្បាប់​របស់​យោធា​ នៅ​តំបន់​នោះ ។

លោក ហង្ស ជ្រឹ​ម អ្នក​យក​ព័ត៌មាន​កាសែត​«​ស្មារតី​៧​មក​រា​អមតៈ​» និង​ប្រពន្ធ​ឈ្មោះ ស៊ុន ថា ​ដែល​មាន​ ទីលំនៅ​ភូមិ​សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា រូប​លោក​រួម​ទាំង​ក្រុម​ គ្រួសារ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​ទៅ​ បាញ់​គំរាម​ដល់​ផ្ទះ​កាល ពី​វេលា​ម៉ោង​១០ និង​០៤​នាទី​យប់ ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​កន្លង​ទៅ​នេះ ។ ការ​ដែល​មាន​ជន​មិន​ស្គាល់​ មុខចូល​ទៅ​បាញ់​គំរាម​ ដោយ​កាំភ្លើង​ធុន​AK​ចំនួន​១​ គ្រាប់​ដល់​ក្នុងផ្ទះ​នោះ​ គឺ​បន្ទាប់​ពី​រូប​លោក​ចុះ​យក​ព័ត៌មាន និង​ថតរូប​ភាព អំពី​សកម្មភាព​ដឹក​ជញ្ជូន​ ឈើ​ខុសច្បាប់​របស់​ ក្រុម​យោធា​អង្គភាព​យោធា​ភូមិភាគ​ទី​៤​ ដែល​ប្រចាំការ​នៅ​ បន្ទាយ​ក្បែរ​នោះ ។

លោក​បន្ត​ថា ក្នុង​ពេល​ជន​មិន​ស្គាល់​មុខ​ចូល​ទៅ​បាញ់​គំរាម​ដល់​ក្នុងផ្ទះ រូប​លោក​មិន​នៅផ្ទះ​ទេ​ តែ​ភរិយា​ លោក​រួម​ទាំង​កូន​តូច​ៗ​ មានការ​ភ័យ​ខ្លាច​ រត់​ចេញ​ពីផ្ទះ និង​ស្រែក​ឱ្យ​គេ​ជួយ ខណៈ​ដែល​កូន​ៗ​ កំពុង​លង់លក់​ ក្នុង​ដំណេក ។ លោក ហង្ស ជ្រឹ​ម ឱ្យ​ដឹង​ទៀត​ថា គំនរ​ឈើ​ដែល​រូប​លោក​ បាន​ថតរូប​ភាព​នោះ​​ ជា​គំនរឈើ​របស់​យោធា​ ៤-៥​រូប​នៅ​ភូមិភាគ​ទី​៤ តែ​ចំពោះ​ការ​ចូល​ទៅ​បាញ់​ គំរាម​នោះ​លោក​ មិន​បានដឹង​ថា​ជន​នោះ​ ជា​នរណា​នោះ​ទេ ។

ក្រោយ​កើតហេតុ លោក​បាន​ទូរ​សព្ទ័​ទៅ​មេ​ភូមិ​ដើម្បី​រាយការណ៍​បន្ត​ផង​ដែរ តែ​រហូត​មក​ ទល់​ពេល​នេះ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ រូបណាម​ក​សួរនាំ ឬ​ធ្វើ​កំណត់ហេតុ​ឡើយ ។ ពេល​នេះ​ទាំង​រូប​លោក និង​ក្រុម​គ្រួសារ កំពុង​មានការ​ព្រួយ​បារ​ម្ម​ណ៍​អំពី​ សុវត្ថិភាព​ក្នុង​ការ​រស់ នៅ​យ៉ាង​ខ្លាំង ។

លោក​ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​វែកមុខ​ខ្មាន់កាំភ្លើង​នោះ ដើម្បី​ចាប់ខ្លួន​ យក​ទៅ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ផង ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ លោក ស៊ុន អេ​ង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ប្រាប់​តាម​ ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៩​វិច្ឆិកា​នេះ​ថា ឆ្លងកាត់​តាម​ការ​ ស្រាវជ្រាវ​យ៉ាង​ជាក់លាក់ គឺ​ពុំ​មានការ​ផ្ទុះអាវុធ​ ក្នុងផ្ទះ​អ្នកកាសែត​ខាង លើ​នោះ​ទេ​នៅ​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ តែ​ពិតជា​មាន​ផ្ទុះ​ នៅ​ខាងក្រោយ​ផ្ទះ​ឯណោះ ពុំ​មែន​ ក្នុងផ្ទះ​ឡើយ ។ លោក​បន្ត​ថា ការ​ផ្ទុះអាវុធ​នោះ​ ប្រហែលជា​ក្រុម​អ្នក​ឆ្លុះ​សត្វ​ ក៏​អាច​ថាបាន​ដែរ ពីព្រោះ​ស្នូរ​កាំភ្លើង​ នោះ​គឺ​នៅ​ឯ​វាលស្រែ​ខាងក្រោយ​ផ្ទះ​ឯណោះ ។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ទោះបីជា​មានការ​អះអាង​ពី​ម្ចាស់ផ្ទះ​ជាមួយ​អ្នកកាសែត​ថា មាន​គេ​ចូល​ ទៅ​បាញ់​គំរាម​ដល់​ផ្ទះ​ តែ​ម្ចាស់ផ្ទះ​ខាងលើ​មិន​ បាន​រាយការណ៍ ឬ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ លើ​នោះ​ទេ ។

ចំណែក​មេបញ្ជាការ​យោធា​ប្រចាំ​តំបន់​នោះ​គឺ លោក ទេព រួន មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ បាន​ទេ​នៅ​ រសៀល​ថ្ងៃ​ទី​១៩​ខែវិច្ឆិកា​នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​បាញ់​គំរាម​អ្នកកាសែត​ខាងលើ​នេះ​ត្រូវ​បាន​សម្ព័ន្ធ​អ្នក​ សារព័ត៌មាន​កម្ពុជា ប្រចាំ​ខេត្តសៀមរាប ធ្វើការ​ថ្កោលទោស​ទៅ​ លើ​ក្រុម​ខ្មាន់កាំភ្លើង​នេះ​ថា បាន​បិទ​​សិទ្ធិ​សេរីភាព​ក្នុង​ ការ​​បញ្ចេញមតិ​របស់​អ្នកកាសែត ។ សម្ព័ន្ធ​អ្នក​ សារព័ត៌មាន​កម្ពុជា ប្រចាំ​ខេត្តសៀមរាប បន្ត​ថា សូម​ឱ្យ​សមត្ថកិច្ច​ ពាក់ព័ន្ធ​តាម​ចាប់​ខ្មាន់កាំភ្លើង​យក​មក​ ផ្តន្ទាទោស​ទៅ​តាម​ ផ្លូវច្បាប់​ឱ្យ​ខាង​តែ​បាន ៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត