លោក​ សម​ រ​ង្ស៊ី​ អាច​ជាប់​ជា​ឯតទគ្គបុគ្គល​នយោបាយ​ខាង​ទទួល​បានការ​លើកលែងទោស​ច្រើន​ជាងគេ​បង្អស់ឬ​ ?

​ក្នុង​ចំណោម​តារា​នយោបាយ​ទាំង​បី​ដួង​នៅ​កម្ពុជា​ រួម​មាន​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ (​តារា​កំពុង​រះ​)​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ (​តារា​កំពុង​រះ​)​ និង​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ (​អតីត​ជាតា​រា​ធ្លាប់​រះ​ តែ​សព្វថ្ងៃ​លិច​បាត់​ពន្លឺ​ទៅ​ហើយ​)​ មាន​តារា​នយោបាយ​២​ដួង​ជាប់​ឈ្មោះ​ជា​អ្នកនយោបាយ​ ទទួល​បានការ​លើកលែងទោស​ពី​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ច្រើន​ជាងគេ​ ដោយ​មាន​ចំនួន​២​លើក​ស្មើគ្នា​ បន្ទាប់​ពី​ទទួល​រង​ការ​ផ្តន្ទាទោស​ដោយ​ស្ថាប័ន​តុលាការ​នៅ​កម្ពុជា​ ជាប់​ឈ្មោះ​ក្លាយជា​ទណ្ឌិត​ គឺ​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ (​លើកលែងទោស​លើក​ទី​១​ឆ្នាំ​១៩៩៨​ និង​លើកលែងទោស​លើក​ទី​២​ឆ្នាំ​២០០៨)​ និង​លោក​ សម​ រ​ង្ស៊ី​ (​លើកលែងទោស​លើក​ទី​១​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៦/០៦៨​ ចុះ​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០០៦​ និង​លើកលែងទោស​លើក​ទី​២​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៨២៧​ ចុះ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣)​ ដើម្បី​បាន​ឱកាស​បន្ត​ជីវភាព​នយោបាយ​តរៀង​មក​ ។​

​រាល់​ការ​លើកលែងទោស​ដល់​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ក្តី​ និង​ដល់​លោក​ សម​ រ​ង្ស៊ី​ ក្តីនា​ពេល​កន្លង​មក​ សុទ្ធតែ​បាន​ឆ្លងកាត់​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​ (​ការ​ស្នើ​)​ របស់​បុរស​ខ្លាំង​ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ ថ្វាយ​ព្រះមហាក្សត្រ​ទាំងអស់​ ទោះបី​មាត្រា​២៧​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ "​ព្រះមហាក្សត្រ​ទ្រង់មាន​ព្រះរាជ​សិទ្ធិ​បន្ធូរ​បន្ថយទោស​ និង​លើកលែងទោស​ ។​ "​ ក៏​ដោយ​ ។​

​បច្ចុប្បន្ន​ លោក​ សម​ រ​ង្ស៊ី​ ខណៈ​កំពុង​កាន់​តំណែង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ នីតិកាល​ទី​៥​ តាំងពី​ឆ្នាំ​២០១៤​សុខៗ​ ស្រាប់តែ​ស្ថាប័ន​តុលាការ​បញ្ជាក់​ថា​ លោក​ សម​ រ​ង្ស៊ី​ គឺជា​ទណ្ឌិត​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​ (​សាលដីកា​បាន​ចូល​ស្ថាពរ​តាំងពី​ឆ្នាំ​២០១៣)​ តែ​មិន​ទាន់​បាន​អនុវត្តន៍​ទោស​នៅឡើយ​ទៅ​វិញ​ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​យក​ទៅ​អនុវត្តន៍​ទោស​ នៅ​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​ទៀត​ផង​ (Sic!)​ ។​ លើស​ពី​នេះ​ លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នីតិកាល​ទី​៥​ ប្រកាស​ថា​ បាត់បង់​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្តកំពង់ចាម​ នីតិកាល​ទី​៥​ទាំងស្រុង​ តាម​សេចក្តី​ប្រកាស​លេខ​៦៧៧​រស​ ចុះ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខណៈ​លោក​ សម​ រ​ង្ស៊ី​ កំពុង​ឋិត​នៅ​ឯ​បរទេស​ ។​

​ក្រោម​សម្ពាធ​នៃ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០៥​អយ​ឃ​ ចុះ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ចេញ​ដោយ​លោកស្រី​ព្រះរាជអាជ្ញា​រង​ ស៊ឺ​ វណ្ណ​នី​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សេចក្តី​ប្រកាស​លេខ​៦៧៧​រស​ ចុះ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ របស់​ប្រធានរដ្ឋសភា​នោះ​ គឺ​លោក​ សម​ រ​ង្ស៊ី​ ស្ទាក់ស្ទើរ​មិន​ទាន់​ហ៊ាន​សម្រេចចិត្ត​ធ្វើ​មាតុភូមិនិវត្តន៍​វិល​ត្រឡប់​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ ។​

​សំណួរ​ត្រូវ​ចោទសួរ​ថា​ ក្នុង​ស្ថានភាព​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ និង​បាត់បង់​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​(​តំណាងរាស្ត្រ​)​បែប​នេះ​ តើ​លោក​ សម​ រ​ង្ស៊ី​ មេ​គណបក្សប្រឆាំង​នឹង​ដោះស្រាយ​ ឬ​ដើរ​តាម​ច្រក​ណា​ ដើម្បី​អាច​ធ្វើ​មាតុភូមិនិវត្តន៍​វិល​ត្រឡប់​មក​កាន់​ប្រទេស​ក​ម្ព​ជា​វិញ​ និង​បន្ត​ជីវភាព​នយោបាយ​ក្នុង​នាម​ជា​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៥​បន្ត​ទៀត​ ដោយ​មិន​ឆ្លងកាត់​ឲ្យ​មានការ​ចាប់ខ្លួន​ និង​អនុវត្តន៍​ទោស​នៅ​ពន្ធនាគារ​ ដ្បិត​មាត្រា​១៣៩​ កថាខណ្ឌ​ទី​៤​ និង​កថាខណ្ឌ​ទី​៦​ នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំ​ណា​រាស្ត្រ​បាន​ចែង​ថា​ "​សមាជិក​រដ្ឋសភា​ត្រូវ​បាត់បង់​សមាជិកភាព​របស់​ខ្លួន​ទៅ​តាម​ករណី​ណាមួយ​ដូច​ខាងក្រោម​ ៖​ -​សាមីខ្លួន​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ណាមួយ​ ។​ …​កាលបើ​សមាជិក​រដ្ឋសភា​រូប​ណាមួយ​ត្រូវ​បាត់បង់​សមាជិកភាព​មាន​រយៈពេល​០៦(​ប្រាំមួយ​)​ខែ​យ៉ាងតិច​មុន​ចប់​នីតិកាល​ សាមី​គណបក្ស​នយោបាយ​នោះ​អាច​ស្នើ​ជ្រើសតាំង​សមាជិក​ថ្មី​ជំនួស​ ដោយ​ជ្រើសរើស​ក្នុង​ចំណោម​បេក្ខជន​ដែល​មានឈ្មោះ​តាម​លំដាប់​លេខ​រៀង​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​នៃ​មណ្ឌលបោះឆ្នោត​របស់​សាមីខ្លួន​នោះ​ មក​ជំនួស​ដោយ​មិនបាច់​បោះ​ឆ្នោត​ឡើង​វិញ​ ។​ "​ ?

​ចម្លើយ​គឺ​អាច​មាន​ច្រកចេញ​ចំនួន​២​សម្រាប់​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ ជ្រើសរើស​ ដូច​ខាងក្រោម​ ៖

១-​អាច​ដាក់​ពាក្យបណ្តឹង​សើរើ​តាម​នីតិវិធី​ស្ថាប័ន​តុលាការ​ (​ប្រសិនបើ​មាន​ព័ស្តុតាង​អ្វី​ថ្មី​សម្រាប់​ដោះ​បន្ទុក​ក្នុង​សំណុំរឿង​)​ ដើម្បី​ឲ្យ​តុលាការ​ជំនុំជម្រះ​ឡើង​វិញ​ ក្រែង​បាន​រួច​ផុត​ពី​បទចោទប្រកាន់​(​មោឃភាព​សាលដីកា​ព្រហ្មទណ្ឌ​ ឬ​សាលក្រម​ព្រហ្មទណ្ឌ​ស្ថាពរ​ដែល​តុលាការ​កាត់ក្តី​ពី​ពេល​មុន​)​ ប៉ុន្តែ​ជម្រើស​នេះ​អាច​ទៅ​រួច​ គឺ​អាស្រ័យ​លើ​បុរស​ខ្លាំង​ និង​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ជាដើម​បណ្តឹង​ ព្រមទាំង​ស្ថាប័ន​តុលាការ​បើកភ្លើង​ខៀវ​ផង​ ទើបបាន​សម្រេច​ ។​

២-​អាច​បន្ទន់ឥរិយាបថ​ជាមួយ​បុរស​ខ្លាំង​ ហើយ​ការ​ទទួល​បានការ​ឯកភាព​ពី​បុរស​ខ្លាំង​ ឈាន​ទៅ​ស្នើ​សុំ​លើកលែងទោស​ពី​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ជា​លើក​ទី​៣​ ដើម្បី​ទទួល​បាន​សុពលភាព​ អភ័យឯកសិទ្ធិ​ និង​បុព្វសិទ្ធិ​ឡើង​វិញ​ ស្រប​តាម​មាត្រា​១៥​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ដែល​បាន​ចែង​ថា​ "​តំណាងរាស្ត្រ​រូប​ណាមួយ​ជា​ទណ្ឌិត​ ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែងទោស​ តំណាងរាស្ត្រ​រូប​នោះ​នឹង​បាន​ទទួល​សុពលភាព​ អភ័យឯកសិទ្ធិ​ និង​បុព្វសិទ្ធិ​ឡើង​វិញ​ ។​ "​ ។​ ជម្រើស​នេះ​ គឺ​អាស្រ័យ​លើ​លោក​ សម​ រ​ង្ស៊ី​ និង​បុរស​ខ្លាំង​ចរចា​ត្រូវរ៉ូវ​គ្នា​ទើប​អាច​ទៅ​រួច​ ហើយ​ប្រសិនបើ​លោក​ សម​ រ​ង្ស៊ី​ សម្រេច​ដើរ​តាម​ច្រក​នេះ​ មាន​ន័យ​ថា​ លោក​ សម​ រ​ង្ស៊ី​ ជាប់​ជា​ឯតទគ្គបុគ្គល​នយោបាយ​ម្នាក់​ខាង​ទទួល​បានការ​លើកលែងទោស​ច្រើន​ជាងគេ​បង្អស់​លើ​ឆាកនយោបាយ​ខ្មែរ​ (​លើកលែងទោស​ចំនួន​៣​ដង​)​ ។​

​សូម​រង់ចាំ​តាមដាន​ទស្សនា​ឈុត​ឆាកនយោបាយកម្ពុជា​នៅ​វគ្គ​បន្ត​ទាំងអស់​គ្នា​ តើ​លោក​ សម​ រ​ង្ស៊ី​ មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​​ អាច​ជាប់​ជា​ឯតទគ្គបុគ្គល​នយោបាយ​ខាង​ទទួល​បានការ​លើកលែងទោស​ច្រើន​ជាងគេ​បង្អស់​ដែរ​ឬទេ​ ?​ ៕​

  លោក​ សម​ រ​ង្ស៊ី​ អាច​ជាប់​ជា​ឯតទគ្គបុគ្គល​នយោបាយ​ខាង​ទទួល​បានការ​លើកលែងទោស​ច្រើន​ជាងគេ​បង្អស់ឬ​ ?លោក​ សម​ រ​ង្ស៊ី​ អាច​ជាប់​ជា​ឯតទគ្គបុគ្គល​នយោបាយ​ខាង​ទទួល​បានការ​លើកលែងទោស​ច្រើន​ជាងគេ​បង្អស់ឬ​ ? លោក​ សម​ រ​ង្ស៊ី​ អាច​ជាប់​ជា​ឯតទគ្គបុគ្គល​នយោបាយ​ខាង​ទទួល​បានការ​លើកលែងទោស​ច្រើន​ជាងគេ​បង្អស់ឬ​ ? លោក​ សម​ រ​ង្ស៊ី​ អាច​ជាប់​ជា​ឯតទគ្គបុគ្គល​នយោបាយ​ខាង​ទទួល​បានការ​លើកលែងទោស​ច្រើន​ជាងគេ​បង្អស់ឬ​ ?លោក​ សម​ រ​ង្ស៊ី​ អាច​ជាប់​ជា​ឯតទគ្គបុគ្គល​នយោបាយ​ខាង​ទទួល​បានការ​លើកលែងទោស​ច្រើន​ជាងគេ​បង្អស់ឬ​ ?