ម៉ូតូ​២​គ្រឿង​បុក​គ្នា​លើ​ថ្នល់ជាតិ​លេខ​៥ រង​របួស​​ធ្ងន់​​ស្រាល២នាក់

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​​ក៏​មាន​បុរស​ម្នាក់​រង​របួសធ្ងន់ និង​នារី​ម្នាក់​ទៀត​​​រង​របួស​​ស្រាល ក្នុង​ហេតុ​ការ​ណ៏គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​​ដែលបាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ​វិច្ឆិកា ​​២០១៥ នៅ​តាមបណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំ​ភូមិ​ព្រៃ​កោះ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខណៈដែល​ជន​រង​គ្រោះ​ទាំង​២នាក់​​ជិះ​ម៉ូតូ​បុក​គ្នាក្នុង​ទិស​ដៅ​ច្រាស់​គ្នា ។

​មន្ត្រី​សមត្ថកិច្ច​នគរបាលស្រុក​រលាប្អៀរ​បានឱ្យ​​ដឹង​ថាៈ បុរស​រង​គ្រោះ​​ឈ្មោះ ប៉ិច សុភាព អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅភូមិ​ត្រពាំង​អន ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ជិះម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ​ធុន​សេ​១២៥ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1C-0887 រង​របួសធ្ងន់ ។ ចំណែក​ភាគី​ម្ខាង​ទៀត​ ឈ្មោះ ស្រី ស ​អាយុ​២០​ឆ្នាំ ភេទ​ស្រី មាន​ទីលំនៅភូមិ​ពាម​ឆ្កោក ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិ​រី  ​ជិះ​ម៉ូតូ​​ម៉ាក​ស្គូ​ពី ពណ៌ស គ្មាន​ស្លាក​លេខ ។ មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​ឈ្មោះ ប៉ិច សុភាព ​​​ជិះ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើត​ហេតុ ​​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ស្គូ​ពី​​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា បណ្តា​ឱ្យ​​ខ្លួនឯងរង​របួសធ្ងន់​​ដួល​សន្លប់នៅ​នឹង​កន្លែង​ ។ ចំណែក​នារី ជិះម៉ូតូ​ស្គូ​ពី គ្រាន់តែ​រង​របួសស្រាល ។

​ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​​បាន​គេ​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​​ម៉ូតូ​ទាំង​២​គ្រឿង ​ត្រូវ​បាន​សមត្ថកិច្ច​​នាំ​យក​ទៅ​រក្សា​ទុក​​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ​ដើម្បីរង់ចាំ​ដោះស្រាយ​តាម​នីតិ​វិធី​ ៕ ​​