Okazaki ​អ្នក​ស៊ុត​១១​ម៉ែត្រ​អត់​ផុត​ដៃ​ អ៊ុំ សេរីរ័ត្ន​​​​​ រៀបរាប់​បទពិសោធន៍​ប្រកួត​នៅ​​កម្ពុជា


Okazaki ​អ្នក​ស៊ុត​១១​ម៉ែត្រ​អត់​ផុត​ដៃ​ អ៊ុំ សេរីរ័ត្ន​​​​​ រៀបរាប់​បទពិសោធន៍​ប្រកួត​នៅ​​កម្ពុជា

Shinji Okazaki ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ដែល​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​ផុត​ដៃ​របស់​អ្នក​ចាំ​ទី​វ័យ​ក្មេង អ៊ុំ សេរីរ័ត្ន បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​វា​អាច​ជា​រឿង​ល្អ​ណាស់​ប្រសិន​បើ​រូបគេ​អាច​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​នោះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​ឱ្យ​តែ​ក្រុម​ទាំង​មូល​បាន​ឈ្នះ​គឺ​គ្រប់គ្រាន់​ហើយ។

 

 Okazaki ​អ្នក​ស៊ុត​១១​ម៉ែត្រ​អត់​ផុត​ដៃ​ អ៊ុំ សេរីរ័ត្ន​​​​​ រៀបរាប់​បទពិសោធន៍​ប្រកួត​នៅ​​កម្ពុជា Shinji Okazaki អាវសលេខ៩

 

ខ្សែ​ប្រយុទ្ធ​ដែល​លេង​នៅ​លីក​កំពូល​អង់គ្លេស​ជាមួយ​ក្រុម Leicester City ​រូប​នេះ ​បាន​រៀបរាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​ជាមួយ​ម្ចាស់​ផ្ទះ​កម្ពុជា មុខ​អ្នក​គាំទ្រ​ជិត​៣​ម៉ឺន​នាក់​ថា៖ “អ្វី​គ្រប់​យ៉ាង​បាន​ចាប់​ផ្ដើម​មិន​ល្អ មិន​ស៊ី​ចង្វាក់​គ្នា​ទេ​សម្រាប់​ពួក​យើង​នៅ​តង់​ទី​មួយ ប៉ុន្តែ​យើង​អាច​បន្ត​ព្យាយាម​គ្រប់គ្រង​ស្ថានការណ៍​បាន ហើយ​វាយ​សម្រុក​បន្ថែម។ ចុង​ក្រោយ​ការ​គ្រប់គ្រង​ស្ថានការណ៍​របស់​យើង​ពិត​ជា​ល្អ​នៅ​តង់​ទី​២”។

 

កីឡាករ​ពាក់​អាវ​លេខ​៩​និង​ជា​អ្នក​ប្រធាន​ក្រុម​ជប៉ុន​​ខាង​លើ មាន​ឱកាស​រក​គ្រាប់​បាល់​បាន​ដែរ​ក្នុង​ការ​ប្រកួត​ជាមួយ​កម្ពុជា ជា​ពិសេស​គឺ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​ដើម​តង់​ទី​២ តែ​ម្ដង។ តែ​គួរ​ឱ្យ​សោកស្ដាយ​ឱកាស​មាស​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជប៉ុន​មិន​ជា​សប្បាយ​ចិត្ត​នោះ​ទេ ដោយសារ​តែ​រូបគេ​មិន​អាច​ស៊ុត​ផុត​ដៃ​អ្នក​ចាំ​ទី អ៊ុំ សេរីរ័ត្ន បាន។ ចំពោះ​បញ្ហា​នេះ​ដែរ Okazaki ​បាន​និយាយ​ថា ៖ “វា​ពិត​ជា​រឿង​ល្អ​ណាស់ ប្រសិន​បើ​ខ្ញុំ​អាច​រក​គ្រាប់​បាល់​បាន​ក្នុង​ប្រកួត​នេះ ប៉ុន្តែ​រឿង​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ក្រុម​បាន​ឈ្នះ​ការ​ប្រកួត”។

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ក្រុម​ជប៉ុន​នៅ​តែ​អាច​យក​ឈ្នះ​ក្រុម​កម្ពុជា​បាន​ដដែល ដោយ​លទ្ធផល ​២-០ ​ដោយ​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី ​មួយ​គ្រាប់​និង​ការ​តែត​បញ្ចូល​ទី​របស់ Keisuke Honda ​មួយ​គ្រាប់​នៅ​ចុង​ម៉ោង។

 

បទ​ពិសោធន៍​លេង​មិន​សូវ​ស៊ី​ចង្វាក់​គ្នា​របស់​ជប៉ុន​នេះ​ដែរ ​អតីត​កីឡាករ FSV Mainz 05 ​របស់​អាល្លឺម៉ង់​ខាង​លើ​បាន​និយាយ ព្រមាន​សមាជិក​ក្រុម​ទាំង​អស់​ថា​៖ “ឆ្នាំ​ក្រោយ នឹង​កាន់​តែ​ពិបាក​ថែម​ទៀត​សម្រាប់​ពួក​យើង ដែល​តម្រូវ​ឱ្យ​ធ្វើ​ការ​ច្រើន​ជាង​ប្រកួត​ជាមួយ​កម្ពុជា ប្រសិន​បើ​ចង់​ឆ្លង​ទៅ​វគ្គ​បន្ទាប់”៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖  japantimes