ទូក​តែង​មាន​អ្នក​រាំ​ក្បាល​ទូក មក​ពី​មូល​ហេតុ​អ្វី?

ទូក​តែង​មាន​អ្នក​រាំ​ក្បាល​ទូក មក​ពី​មូល​ហេតុ​អ្វី?

ពេល​ប្រណាំង​ទូក​ម្ដង​ៗ គេ​តែង​សង្កេត​ឃើញ​មាន​អ្នក​រាំ​ក្បាល​ទូក ជួន​ជា​បុរស ជួន​ជា​នារី។ តើ​មាន​មូល​ហេតុ​អ្វី ទើប​គេ​តម្រូវ​ឲ្យ​មាន​អ្នក​រាំ​នៅ​ក្បាល​ទូក​ដូច្នេះ?

 

 

ទូក​តែង​មាន​អ្នក​រាំ​ក្បាល​ទូក មក​ពី​មូល​ហេតុ​អ្វី?
សាស្ត្រាចារ្យ ផ្នែក​ប្រវត្តិវិទ្យា​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លោក សំបូរ ម៉ា​ណ្ណា​រ៉ា បាន​ប្រាប់​ថា ទូក​នីមួយ​ៗ​ដែល​គេ​យក​មក​ប្រណាំង​នេះ គេ​មាន​ជំនឿ​ថា​មាន​ព្រលឹង​សណ្ឋិត ដោយសារ​ឈើ​ដែល​កាប់​មក​ធ្វើ​ទូក​ច្រើន​ជា​ឈើ​មាន​តម្លៃ​​អាយុ​កាល​រាប់​រយ​ឆ្នាំ មាន​រុក្ខទេវតា​តាំង​នៅ​ដែល​មាន​ប្រវត្តិ​និង​បារមី​សណ្ឋិត​។

 

 

 

ម្ល៉ោះ​ហើយ គេ​តែង​រៀប​ចំ​ពិធី​សែន​ព្រេន​នា​នា​ដើម្បី​ឲ្យ​ទូក​មាន​រិទ្ធ​កាន់​តែ​ខ្លាំង ដែល​គេ​ជឿ​ថា​ជំនាង​ទូក​នោះ​អាច​ជា​ភេទ​បុរស ឬ​នារី។ គេ​រៀប​ចំ​នូវ​គ្រឿង​លំអ​ព្រម​ជាមួយ​នឹង​ភ្លេង ការ​រាំ​ថ្វាយ​ដើម្បី​ឧទ្ទិស​ដល់​បារមី និង​ជា​ការ​បង្ហាញ​ពី​កតញ្ញុតាធម៌​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ដឹង​គុណ​ប្រភព​យក​ឈើ​មក​ធ្វើ​​ទូក ដែល​ដំបូង​ឡើយ​គឺ​ដើម​ឈើ​ឈរ តែ​ឥលូវ​បែរ​ជា​ផ្ដេក បណ្ដែត​លើ​ទឹក​វិញ ដែល​នេះ​ជា​តម្លៃ​សំខាន់។

 

 

 

មួយ​វិញ​ទៀត មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​រាំ​ក្បាល​ទូក វា​ជា​ការ​ផ្ដល់​​កម្លាំង​ចិត្ត​ដល់​អ្នក​អុំ​ទូក​ឲ្យ​មាន​ភាព​ស្វាហាប់​ក្នុង​ការ​អុំ​ឲ្យ​បាន​លឿន​ទៅ​មុខ និង​ផ្ដល់​បារមី​ដល់​ព្រលឹង​សណ្ឋិត​ទូក​ផង​ដែរ។​

 
លោក បន្ត​ថា ការ​តម្រូវ​ឲ្យ​មាន​អ្នក​រាំ​ក្បាល​ទូក​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ជា​ការ​គោរព​ប្រណិប័តន៍​សម្រាប់​បំពេញ​បារមី​និង​លក្ខខណ្ឌ​ដែល​មាន​ដំណើរ​ប្រវត្តិ​យូរ​ណាស់​មក​ហើយ៕

 
អត្ថបទ៖ លឹម សុ​នា