វិធីសាស្ត្រធ្វើឲ្យខ្លួន មានសុវត្ថិភាព ក្នុងពេលដែលអ្នក ស្ថិតនៅក្រោម ការវាយប្រហារ ពីពួកភេរវករ!

អង់គ្លេស៖ ក្រោយពីមានហេតុការណ៍ ដ៏អាក្រក់ដែលបាន កើតឡើងនៅក្នុងទីក្រុង ប៉ារីស កាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា មុននេះរួចមក ក្រុមនាយប៉ូលីសផ្នែក ប្រឆាំងអំពើភេរវកម្ម បានបញ្ចេញនូវ ការណែនាំមួយចំនួន ដល់ប្រជាជននូវវិធី ក្នុងការរំដោះខ្លួន នៅពេលដែលពួកគេ ជាប់គាំង ឬស្ថិតនៅក្នុងស្ថានភាព វាយប្រហារណាមួយ ពីពួកភេរវករ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា មានឯកសារដ៏សំខាន់មួយ ត្រូវបានចុះផ្សាយនៅថ្ងៃនេះ ដោយនោះគឺជា ការប្រមូលផ្តុំនូវវិធី ល្អៗជាច្រើនក្នុងការ ជួយឲ្យអ្នករួចរស់មានជីវិត និងរំដោះខ្លួន ចេញពីស្ថានភាព ទទួលរងការវាយប្រហារ ពីសំណាក់ក្រុមភេរវករ។ ម្យ៉ាងវិញទៀតវិធីទាំងនេះ គឺត្រូវបានណែនាំ និងត្រួតពិនិត្យមុននឹង ធ្វើការចុះផ្សាយដោយ ក្រុមនាយប៉ូលីសជំនាញផ្នែក ប្រឆាំងអំពើភេរវកម្ម ជាច្រើនរូប ដែលភាគច្រើនមកពី ចក្រភពអង់គ្លេស។

នៅក្នុងឯកសារនោះដែរ ក៏បានបញ្ជាក់ថា អ្វីដែលជាវិធីដ៏ចំបង ក្នុងការធ្វើឲ្យខ្លួនមាន សុវត្ថិភាពពេលអំឡុង ដែលស្ថិតនៅក្នុងស្ថានភាពអាក្រក់ ក៏ដូចជាកំពុងតែ ស្ថិតនៅទីតាំងដែល ទទួលរងការវាយប្រហារ ពីសំណាក់ពួកភេរវករ នោះគឺការ រត់ លាក់ខ្លួន និងរាយការណ៍ ទៅដល់ប៉ូលីស។ ហើយវិធីទាំងនេះ សុទ្ធតែមានជាជំហានៗ ដូចខាងក្រោម៖

វិធីសាស្ត្រធ្វើឲ្យខ្លួន មានសុវត្ថិភាព ក្នុងពេលដែលអ្នក ស្ថិតនៅក្រោម ការវាយប្រហារ ពីពួកភេរវករ!
ការណែនាំមួយចំនួន របស់ក្រុមប៉ូលីស ជុំវិញការរំដោះខ្លួន ចេញពីហេតុការណ៍ វាយប្រហារនានា

១.រត់៖

_ប្រសិនបើអ្នក កំពុងស្ថិតនៅទីតាំង ដែលមានការបាញ់រះ ឬក៏មានការបំផ្ទុះគ្រាប់បែកតៗគ្នា ចូររត់រហូត ដើម្បីគេចខ្លួន ប្រសិនបើជាអ្នកអាច

_រត់រកកន្លែង ដែលអ្នកគិតថាមាន សុវត្ថិភាពបំផុត ឬក៏ឆ្ងាយពីទីតាំងកើតហេតុ

_ប្រសិនបើមានផ្លូវសុវត្ថិភាព គួរតែរត់ តែបើមិនមានផ្លូវទេ ចូរលាក់ខ្លួន

_ប្រសិនបើអ្នក កំពុងតែស្ថិតនៅ ក្នុងស្ថានភាពមិនអំណោយផល ឬក៏គ្រោះថ្នាក់ខ្លាំង ចូរកុំរត់

_ទទូចប្រាប់អ្នកដទៃទៀត ឲ្យចាកចេញពីទីនោះជាមួយអ្នក

_កុំខ្វល់ពីរបស់របរ ឬក៏ទ្រព្យសម្បត្តិ គិតតែពីរត់យករួចខ្លួន ជាមុនសិន

២.លាក់ខ្លួន៖

_ប្រសិនបើអ្នក មិនអាចរត់ចេញពី ទីតាំងកើតហេតុបានទេ ចូរលាក់ខ្លួន

_ត្រូវរករបស់អ្វីម្យ៉ាង ដើម្បីការពារខ្លួនអ្នក ពីការបាញ់រះដោយកាំភ្លើង

_ត្រូវចាំថាប្រសិនបើអ្នកឃើញ ក្រុមភេរវករ ឬក៏អ្នកវាយប្រហារ នោះពួកគេក៏អាចនឹង ឃើញអ្នកផងដែរ

_លាក់ខ្លួនពីការមើលឃើញ មិនមែនមានន័យថា អ្នកមានសុវត្ថិភាពនោះទេ ព្រោះថាគ្រាប់កាំភ្លើង អាចបាញ់ធ្លុះកញ្ចក់ ឥដ្ឋ ឈើ និងលោហធាតុ

_ដូច្នេះត្រូវរករបស់ ដែលអាចធានាការពារ គ្រាប់កាំភ្លើងបាន ដូចជា ជញ្ជាំងថ្មក្រាស់ៗ និងរឹងម៉ាំជាដើម

_ត្រូវរំពៃរកមើល ច្រកចេញ

_ព្យាយាមកុំឲ្យខ្លួន ស្ថិតនៅក្នុងអន្ទាក់ ឬក៏ការឡោមព័ទ្ធ ពីសំណាក់អ្នកវាយប្រហារ ក៏ដូចជាភេរវករ

_ត្រូវរក្សាភាពស្ងៀមស្ងាត់ ហើយដាក់ទូរស័ព្ទ របស់អ្នកកុំឲ្យបន្លឺសម្លេង

_ទៅសំងំក្នុង បន្ទប់ហើយចាក់សោ ឬក៏ទៅកន្លែងណា ដែលមានអ្វីរារាំង មិនអាចឲ្យមានការ ចេញចូលដោយងាយស្រួលបាន

_អ្វីដែលសំខាន់ គឺកុំនៅក្បែរទ្វារឲ្យសោះ

៣.រាយការណ៍៖

_ប្រសិនបើអ្នក កំពុងស្ថិតនៅក្នុងស្ថានភាពបែបនេះ កុំភ្លេចរាយការណ៍ទៅកាន់ប៉ូលីស

_រាយការណ៍ប្រាប់ ទីតាំងរបស់ជនសង្ស័យ

_រាយការណ៍ប្រាប់ ទិសដៅរបស់ជនសង្ស័យ

_រៀបរាបអំពី ភិនភាគ ចំនួនគ្នីគ្នា លក្ខណៈពិសេស និងមានប្រដាប់អាវុធអ្វីខ្លះ ជាដើម

_រាយការណ៍អំពីព័ត៌មានបន្ថែម នៃការស្លាប់ ឬរបួស នៅកន្លែងរបស់អ្នក

_ហាមកុំឲ្យនរណាម្នាក់ ទៅណាផ្តេសផ្តាស ប្រសិនបើបរិវេណនោះ គ្មានសុវត្ថិភាព

៤.នៅពេលដែលអ្នក ជួបក្រុមប៉ូលីស៖

_ធ្វើតាមការណែនាំ របស់មន្ត្រីប៉ូលីស

_រក្សាចិត្តឲ្យស្ងប់

_ជៀសវាងកាយវិការណា ដែលអាចធ្វើឲ្យប៉ូលីស ចាត់ទុកថាជាទង្វើគ្រោះថ្នាក់

_កុំលាក់ដៃរបស់អ្នក ទៅក្រោយ ឬកន្លែងណាដែលកំបាំងពីភ្នែក ព្រោះថានៅពេលដែល មានស្ថានភាពគ្រោះថ្នាក់ ក្រុមប៉ូលីសគឺធ្វើការ យ៉ាងតឹងរ៉ឹង និងម៉ត់ចត់បំផុត

ទាំងនេះគឺជា វិធីណែនាំដែលក្រុមប៉ូលីស ចាត់ទុកថាជាសកម្មភាព ដ៏មានប្រសិទ្ធិភាព ហើយវាក៏ទើបតែ នឹងត្រូវបញ្ចេញជាសាធារណៈ ក៏ព្រោះតែអំឡុងពេលនេះ ស្ថានភាពនៅក្នុង ប្រទេសមួយចំនួន នៅលើពិភពលោក កំពុងត្រូវការគំរាមកំហែង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ពីសំណាក់ក្រុមភេរវករ ជាពិសេសគឺក្រុមឥស្លាមជ្រុលនិយម ISIS តែម្តង៕

វិធីសាស្ត្រធ្វើឲ្យខ្លួន មានសុវត្ថិភាព ក្នុងពេលដែលអ្នក ស្ថិតនៅក្រោម ការវាយប្រហារ ពីពួកភេរវករ!
ការយាមកាម និងការពារត្រូវបាន រឹតបន្តឹងនាពេលថ្មីៗនេះ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត