គ្រោះថ្នាក់​ចរាចរណ៍​ តិចតួច​ សង​លុយ​រួច​ហើយ​ សុំ​សមត្ថកិច្ច​វាយ​គ្នា

រាជ​ធានីភ្នំពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​ប៉ះ​គ្នា​ខូចខាត​ម៉ូតូ​ តែ​មិន​មាន​រង​របួស​មនុស្ស​ទេ ហើយ​ហៅ​បក្សពួក​មក​រក​វាយ​គ្នា​ សមត្ថកិច្ចឃាត់​មិន​ស្តាប់ លុះ​ពេល​សង​សំណង​បញ្ចប់រឿង​ហើយ ​សុំ​សមត្ថកិច្ច​វាយ​គ្នា​មួយ​ស្មើ​ទៀត។​

​​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៧​​យប់ ថ្ងៃ​ទី​១៩ ​​វិ​ច្ឆិ​កា នៅ​ទល់មុខ​សាលារៀន​ប៊ែ​ល​ធី ផ្លូវ​២១៧​កែង​​​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ យុវជន​ម្នាក់​អាយុប្រមាណ​ជា​២០​ឆ្នាំ ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ​1CP5192 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ជិះ​ឆ្លងផ្លូវក្នុង​ស្ថានភាព​ស្រវឹង លុះដល់​ចំណុច​កើតហេតុ​បម្រុង​ឆ្លងកាត់​ទទឹង​ផ្លូវ ស្រាប់​តែ​​ត្រូវ​​យុវជន​៣​នាក់​​ជិះ​ម៉ូតូ​ម៉ាក​ឆា​លី ពណ៌​ស អត់​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​ផ្លូវ វេ​ង​ស្រេង ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏ជ្រុល​ទៅ​បុក​​ម៉ូតូ​ឃ្លី​ក​ចំពាក់​កណ្ដាលបណ្តាល​ឲ្យ​ម៉ូតូ​ឆា​លី បាក់​ជំ​ពាស់​មុខ និងម៉ូតូ​ឃ្លី​ក បែក​ក្បាំង​ខាងស្តាំ ចំណែក​មនុស្ស​អត់​មាន​រង​របួស​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំងសង​ខាង​ មិន​បាន​ធ្វើការ​ចរចា​គ្នា​ទេ​ បាន​ទូរស័ព្ទ​ហៅ​បក្សពួក​ជា​ច្រើន​នាក់ ​មក​ដល់​រករឿង​វាយ​គ្នា​តែ​ម្តង សូ​ម្បី​តែ​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ក៏​មិន​ព្រមស្តាប់​ដែរ ហើយ​សមត្ថកិច្ច​យក​ទៅ​ដោះស្រាយ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ក៏​មិន​ព្រមទៅ​ដែរ​នៅ​ចរចា​​គ្នា​ជិត​៣​ម៉ោង ទើប​ខាង​ម៉ូតូ​ឃ្លី​កបាន​ទារ​សំណង​ចំនួន​១១០​ដុល្លារ តែ​ខាង​ម៉ូតូ​ឆា​លី​សង​តែ​២០​ដុល្លារ ការ​ចរចា​មិន​ត្រូវ​គ្នា សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​វាស់វែងបម្រុង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ទើប​ខាង​ម៉ូតូ​ឆា​លី​យល់ព្រម​សង​៥០​ដុល្លារ​បញ្ចប់រឿង ។

ពេល​ដែល​សង​លុយ​គ្នា​រួចរាល់​ហើយ ​ខាង​ម៉ូតូ​ឃ្លី​កបាន​សុំ​សមត្ថកិច្ច​ វាយ​គ្នា​១​ស្មើ​ ជាមួយ​ខាង​តំណាង​ ម៉ូតូ​ឆា​លី តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​មិន​ឲ្យ​វាយ​គ្នា បាន​ប្រាប់​ឲ្យ​ជិះ​ម៉ូតូ​ចេញ​ទៅ​ផ្ទះ​រៀងខ្លួន ៕

គ្រោះថ្នាក់​ចរាចរណ៍​ តិចតួច​ សង​លុយ​រួច​ហើយ​ សុំ​សមត្ថកិច្ច​វាយ​គ្នា
គ្រោះថ្នាក់​ចរាចរណ៍​ តិចតួច​ សង​លុយ​រួច​ហើយ​ សុំ​សមត្ថកិច្ច​វាយ​គ្នា
គ្រោះថ្នាក់​ចរាចរណ៍​ តិចតួច​ សង​លុយ​រួច​ហើយ​ សុំ​សមត្ថកិច្ច​វាយ​គ្នា
គ្រោះថ្នាក់​ចរាចរណ៍​ តិចតួច​ សង​លុយ​រួច​ហើយ​ សុំ​សមត្ថកិច្ច​វាយ​គ្នា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត