ស្រវឹងស្រា​បើក​រថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​១​​កង់

រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉េ​មួយ​គ្រឿង ដោយសារ​តែ​​អ្នកបើកបរ​ស្រវឹង​​ បាន​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​​បាក់​អស់​១​កង់ កាលពី​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ​វិច្ឆិកា ២០១៥ ស្ថិត​នៅ​មុខ​ខារ៉ាអូខេវី​នី​ស តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ​ក្នុង​សង្កាត់​​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន​។

រថយន្ត​បង្ក​ប្រភេទ​​កូរ៉េចំណុះ​១​តោន​កន្លះ ជា​រថយន្ត​ដឹក​ខ្សាច់​ និង​ដឹក​ថ្មពណ៌​ខៀវ  ពាក់​ស្លាក​លេខភ្នំពេញ 2C-9571 ជិះ​គ្នា​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ស្ថានភាព​ស្រវឹង ។ តាម​ប្រភព​​​ពី​សន្តិសុខ​យាម​​នៅ​មុខ​កន្លែង​កើត​ហេតុ​​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​​ជិះ​គ្នា​២​នាក់​​ក្នុង​ល្បឿន​លឿន ​ហើយ​ស្រវឹងស្រាផង ជិះក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​​ខាងលើ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ទៅ​បុក​ក្បាល​នាគ​ពុះ​​ចែក​ទ្រូងផ្លូវ​ បណ្ដាល​ឱ្យ​បាក់​១កង់ ធ្វើ​ឱ្យ​យ​រថយន្ត​បែក​ធុង​ទឹក ​និង​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​ មិន​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​បាន តែមិន​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់មនុស្ស​​ទេ​។

ភ្លាម​ៗ​នោះ​ គេ​ឃើញ​អ្នកបើកបរ​ និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​បាន​បើកទ្វារ​រថយន្ត​ ហើយ​រត់គេច​ខ្លួន​បាត់​ ​បន្សល់​ទុក​តែ​រថយន្ត​នៅ​និង​កន្លែង​កើតហេតុ ​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​​ពេលក្រោយ  ។