​បុរស​ម្នាក់​ជិះម៉ូតូ​បុកពី​ក្រោយ​​រថយន្ត​ដឹក​ដែកជង់​ក្បាល​នឹង​ដែក​សរសៃផុង​លលាដ៏​ស្លាប់

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ដែក​បណ្តាល​ឲ្យ​ផុង​លលាដ៏ក្បាលស្លាប់​នៅ​នឹង​កន្លែង កាល​ពីវេលាម៉ោង​២ ​និង​៤០​នាទី​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងទី​២០ ​​វិ​ច្ឆិកា ​២០១៥ នៅទល់​មុខ​ផ្ទះ​លេខ​៥៧០ ផ្លូវ​៣៧១ ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ មានឈ្មោះ វ៉ា​ន ព្រៀង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុនស្រា​បៀ​រ ស្នាក់​នៅ​ភូមិ​ព្រែក​កី សង្កាត់​ពងទឹក ខណ្ឌដង្កោ មានស្រុក​កំណើត នៅ​ភូមិធំ ឃុំ​កំពែង ស្រុក​គី​រី​វង្ស ខេត្តតាកែវ  ជិះ​ម៉ូតូ​ម៉ាក​ឌ្រីមC​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​១DH២០៧៦ ​ចំណែក​រថយន្ត​ម៉ាក​HINO​ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ​៣A២៨២១ ជា​រថយន្ត​ដឹក​ដែក ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​ និង​ម៉ូតូ​រង​គ្រោះ​ជិះ​ស្រប​ទិស​គ្នាពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​ខាងលើ ម៉ូតូ​ជិះ​លឿន​ពេក​ជ្រុល​ទៅ​បុក​រថយន្ត​ដឹកដែក​បម្រុង​បត់​ចូល​ក្រុមហ៊ុន​បណ្តាល​ឲ្យ​ជង់​ក្បាល​នឹង​ដែក​សរសៃ​ផុង​លលាដ៏ក្បាល​ស្លាប់​នៅ​នឹង​កន្លែង រី​ ឯម៉ូតូ​ខ្ទាត​ចូល​ក្រោម​រថយន្ត ។ ក្រោយ​កើតហេតុ​​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់៕