ដូងក្រអូប​អ្នក​កំពត​កំពុង​ត្រូវប៉ាន់​

Sanofi

​អ្នកដំណើរ និង ភ្ញៀវទេសចរ​ទាំង ឡាយ​ដែល​ទៅលេង​នៅ​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​កែប ព្រមទាំង​ឋានសួគ៌​ភ្នំ​បូកគោ នៅពេល​ធ្វើដំណើរ​ចេញពី​ភ្នំពេញ​ទៅដល់​ទី ប្រជុំជន​ផ្សារ​ថ្នល់​បែក​គូស​ហើយ រួច​បន្តដំណើរ ទៅមុខ​ប្រហែល ១៥ នាទី​ទៀត​ប៉ុណ្ណោះ នឹង​ឃើញ​កន្លែង​លក់​ដូងក្រអូប​ហើយ ដែល​ស្ថិតនៅ​ខាងឆ្វេង​ដៃ ។ កន្លែង​នោះ​មាន​ដាក់លក់​ផ្លែ​ដូង​យ៉ាង​ត្រៀបត្រា​នៅ​ផ្នែក​ម្ខាង​នៃ​ផ្លូវ ដែល​សុទ្ធសឹងតែ​ជា​ប្រភេទ​ដូងក្រអូប​នេះ មើលទៅ​គួរឱ្យ​ចាប់អារម្មណ៍​បំផុត ហើយ​វា​បាន ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកដំណើរ​ទៅមក​តាម​រថយន្ត ម៉ូតូ ឲ្យ​ឈប់​ទិញយក​ទឹក​ហូប​ជា​ហូរហែ ។​

​បើតាម​លោកពូ ញាណ ពៅ ជា​អ្នកលក់​ដូងក្រអូប​នៅទីនេះ​បាន​មានប្រសាសន៍ថា នៅតាម​ភូមិករ​តំបន់​នេះ​សម្បូរ​ដើម​ដូង​ប្រភេទ​នេះ ច្រើនជាងគេ ព្រោះ​ដី​មាន​រសជាតិ​ប្រៃ ហើយ​ដី​ប្រភេទ​នេះ​បើតាម​ការ​ចំណាំ​មក​ឃើញថា​មាន​ជីជាតិ​ល្អ ។ មួយវិញទៀត​ប៉ុន្មាន​ឆ្នាំនេះ​ដូងក្រអូប​មាន​គេ​ចូលចិត្ត​ដាំ​វា​ច្រើនណាស់ ព្រោះ​ផ្លែ​របស់​វាល​ក់បាន​ថ្លៃ​ជាងគេ ហើយ​ចំណាយពេល​ដាំ​តែ​បី​ឆ្នាំ​ប៉ុណ្ណោះ ដូង​នឹង​ឱ្យ​ផល​ឆាប់​ផ្លែ​ជាង​ប្រភេទ​ដូង​ផ្លែ​ធំ ។ ចំណែក​ដើម​របស់​វា​មិនសូវ​ខ្ពស់​ប៉ុន្មាន​នោះទេ ភាគច្រើន​គឺ​វា​មាន​កម្ពស់​ចាប់ពី​មួយ​ម៉ែត្រ​ទៅ វា​នឹង​ចេញ​ផ្កា​ផ្លែ​ស្អេកស្កះ ឈរ​ឈោង​ដៃ​បេះ​ក៏បាន​ដែរ មិនចាំបាច់​ឡើង​បេះ​លើ​ដើមឡើយ ។

ភាគច្រើន​នៅទីនេះ​ក្រៅពី​ដូងក្រអូប​ប្រភេទ​ផ្លែ​តូច គេ​មិនសូវ​ដាក់លក់​ដូង​ផ្លែ​ធំៗ​ឡើយ ដោយសារតែ​អ្នកដំណើរ​មិនសូវ​ចូលចិត្ត​ទិញ​ហូប ព្រោះ​ទឹក​របស់​វា​មាន​រសជាតិ​មិនសូវ​ផ្អែម ។ ដូច្នេះ​ដូង​ផ្លែ​ធំៗ​នោះ​ភាគច្រើន​គេ​ទុក​នាំ​ចេញទៅ​លក់​នៅ​ភ្នំពេញ បើ​ដាក់លក់​នៅទីនេះ​មិនសូវ​ដាច់​ឡើយ ទោះបី​វា​មានតម្លៃ​ថោក​ជាង​ដូងក្រអូប​ក៏ដោយ ។ លោកពូ ញាណ ពៅ បាន​ឲ្យ​ដឹង​ទៀតថា គាត់​បាន​ដាំដូង​ក្រអូប​នេះ​តែ​ប្រាំ​ដើម​ប៉ុណ្ណោះ តែ​វា​មាន​ចេញ​ផ្លែ​ច្រើនណាស់​ស្ទើរតែ​បាក់​ដើម​ទៅហើយ ក្រៅពីនោះ​សុទ្ធតែ​ប្រភេទ​ដើម​ដូង​ផ្លែ​ធំ ។ ផ្លែ​ដូងក្រអូប​ដែល​ដាក់លក់​រាល់ថ្ងៃនេះ​គាត់​ទទួល​ទិញ​ពី​គេ​មក​ខ្លះ និង បេះ​ពី​ដើម​ខ្លួនឯង​ខ្លះ ។

គាត់​មិន​ត្រឹមតែ​លក់​ដូងខ្ចី​ប៉ុណ្ណោះ​ទេ គាត់​មាន​លក់​ដូងទុំ​សម្រាប់ធ្វើ​ពូជ​ផងដែរ ។​យុវជន សែម សាមឿន អ្នកលក់​ដូងក្រអូប​ម្នាក់​ដែរ​បានឱ្យដឹងថា ដូងក្រអូប​ជាប់​លេខ​មួយ ប្រចាំ​តំបន់​នេះ​ទាំង​រសជាតិ ទាំង​បរិមាណ​អ្នកទិញ​ក៏មាន​ច្រើន​ជា​រៀងរាល់ថ្ងៃ​ស្ទើរតែ​រក​ផ្លែ​ដូង​លក់​មិនបាន ។ បើ​ចង់​រកស៊ី​លក់​ដូង​ប្រភេទ​នេះ​លុះត្រាតែ​អ្នកនោះ​ប៉ិនប្រសប់​ដើររក​ទិញ​ពី​ប្រជាជន​នៅតាម​ភូមិ​នានា បើ​មិន​ដូច្នោះ​ទេ ច្បាស់​ជា​រក​ដូង​លក់​មិនទាន់​គេ​ឡើយ ព្រោះ​ដើម​ដូង ក្រអូប​នៅតាម​ផ្ទះ​នីមួយៗ​មិនសូវមាន​ច្រើន​ប៉ុន្មាន​ទេ ច្រើនតែ​ដើម​ដូង​ដែលមាន​ផ្លែ​ធំ អ្នកទិញ​យកទៅដាក់​លក់​ក៏​ច្រើន​ដណ្តើមគ្នា​ទិញ​តែម្តង បើ​យើង​ទិញ​មិនទាន់​គេ​ច្បាស់​ជា​ថ្ងៃ​ហ្នឹង​មិនមាន​ផ្លែ​ដូង​លក់​នោះទេ។

ដូងក្រអូប​ថ្លៃ​ជាង​ដូង​ផ្លែ​ធំ​យើង​ទិញ​ផ្លែ​ពី​ដើម​គេ​ក្នុង​មួយ​ឡូត៍​ចាប់ពី ១៧ ០០០ រៀល ទៅ ១៨ ០០០ រៀល ឯ​ដូង​ផ្លែ​ធំ​មួយ​ឡូត៍​តែ ៦ ០០០ ទៅ ៧ ០០០ រៀល​ប៉ុណ្ណោះ ។ផ្លែ​ដូងក្រអូប​នេះ​បើ​លក់រាយ​មួយ​ផ្លែ​មានតម្លៃ ២ ០០០ រៀល បើ គេ​ទិញ​មួយ​ឡូត៍​លក់​ក្នុងតម្លៃ ២០ ០០០ រៀល ទៅ ២១ ០០០ រៀល ទើប​ចំណេញ​គឺ​គិត​ទៅតាម​តម្លៃ​ទាប​ខ្ពស់​ដែល​ទិញ​ពី​គេ​មក ។ បើ​យើង​ទិញ​មក​ថោក​លក់​ចេញ​ទៅវិញ​ក៏​តម្លៃថោក តែបើ​ទិញ​ថ្លៃ​លក់​ក៏​ថ្លៃ​ដែរ​ដោយ​គិត​ទៅតាម​នោះ ។

​ចំណែក​ដូង​ផ្លែ​ធំ​ដាក់លក់​ដែរ តែ​តិចតួច​ប៉ុណ្ណោះ មួយ​ផ្លែ​មានតម្លៃ​តែ ១៥០០ រៀល ហើយ​ពុំ​សូវ​មាន​គេ​ទិញ​ឡើយ ទោះបី​លលាដ៍​ធំ និង ទឹក​ច្រើនយ៉ាង​ណាក៏ដោយ ព្រោះតែ​ទឹក​វា​មិនសូវមាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ដូច​ដូងក្រអូប ។ សែម សាមឿន បាន​បន្ត​ឱ្យដឹងទៀតថា សព្វថ្ងៃ​ក្រុមគ្រួសារ​របស់គេ ក៏ដូចជា​អ្នកលក់​ផ្សេងទៀត​ដែរ​សប្បាយ​នឹង​ការលក់​ដូងក្រអូប​នេះ​ណាស់ ព្រោះ​រកប្រាក់​បាន​ស្រួល មិនចាំបាច់​ចាក ចេញពី​ស្រុក ឬ ធ្វើការ​ធ្ងន់​ឡើយ គ្រាន់តែ​លំបាក​បន្តិច​ត្រង់​ដើររក​ទិញ​ផ្លែ​ដូង​ពី​គេ និង ឡើង​បេះ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​។

ក្រៅពីនោះ​គ្រាន់តែ​អង្គុយ​លក់​រង់ចាំ​អ្នកទិញ ហើយ​មិនចាំបាច់​ជ្រែម៉ូយ​គ្នា​នោះទេ ។ អ្នកទិញ​ភាគច្រើន​គឺជា​អ្នកដំណើរ​ទៅមក​តាម​រថយន្ត ជាពិសេស​ភ្ញៀវទេសចរ​ទៅលេង​កែប និង បូកគោ ។ នៅពេល​រសៀល​ដែល​ពួកគេ​ត្រឡប់ មកវិញ គេ​តែងតែ​ឈប់​ទិញ​ដូង​ម្នាក់​មួយ​ឡូត៍ ឬ ពីរ​ឡូត៍ ដាក់​ក្នុង​គូទ​រថយន្ត​យកទៅ​កាប់​បរិភោគ​នៅឯ​ផ្ទះ​រៀងៗ​ខ្លួន ។ ក្នុង​ថ្ងៃ​ធម្មតា​មួយថ្ងៃ​អាច​លក់​ដូង​អស់​ចំនួន​ម្ភៃ​ឡូត៍ ដោយ​បានទទួល​ប្រាក់ចំណេញ ៦០ ០០០ រៀល ។ ចំពោះ​ថ្ងៃ​ចុង​សប្តាហ៍​គឺ​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ ភ្ញៀវទេសចរ​ធ្វើដំណើរ​កម្សាន្ត​ច្រើន អាច​លក់​អស់​ចំនួន​សាមសិប​ឡូត៍ ឯ​ប្រាក់ចំណេញ​វិញ ៩០ ០០០ រៀល ក្នុង​មួយថ្ងៃ ។

ដោយឡែក​សម្រាប់​ថ្ងៃបុណ្យ​ដូចជា បុណ្យ​ភ្ជុំ កឋិន ចូលឆ្នាំ​ខ្មែរ និង ចូលឆ្នាំ​ចិន ជាដើម ក្នុង​មួយថ្ងៃ​លក់ដាច់​រហូតដល់​ហាសិប ឡូត៍​ឯណោះ ហើយ​ប្រាក់ចំណេញ​បានទទួល​ចំនួន ១៥០ ០០០ រៀល ។ មិន​ត្រឹមតែ​រថយន្ត​ទេ សូម្បី​អ្នកដំណើរ​តាម​ម៉ូតូ និង រ៉ឺម៉ក​ក៏​ឈប់​ទិញ​ដូងក្រអូប​ផឹក​ដែរ ជាពិសេស​ពេល​ថ្ងៃត្រង់​ដែលមាន​អាកាសធាតុ​ក្តៅ​លក់ដាច់​ជាងគេ ព្រោះ​ទឹកដូង​អាច​បំបាត់​ការ​ស្រេកទឹក ។ មួយវិញទៀត​មិន​ត្រឹម​នៅ​ឃុំ​នារាយណ៍ និង ឃុំ​ក្រាំង​ស្នាយ​ប៉ុណ្ណោះ​ទេ ដែលមាន​លក់​ដូងក្រអូប​នោះ សូម្បីតែ​នៅ​ម្តុំ​ជិត​ផ្សារ​តានី​ស្រុក​អង្គរជ័យ ក៏មាន​ដាក់លក់​ដូងក្រអូប នេះដែរ តែមាន​ទ្រង់ទ្រាយ​តូច​ជាង​នេះ ។

បន្ថែម​ពីនេះ​នៅមាន​ផ្លែ​ដូង​ប្រភេទ​ធំ ទោះបីជា មិន​ដាក់លក់​នៅទីនេះ​ក៏ពិតមែន តែ​បាន​គេ​ដឺ​ក​ទាំង​រថយន្តៗ​ចេញពី​តំបន់​នេះ​ទៅ​លក់​នៅ ទីកន្លែង​ផ្សេងៗ ជាពិសេស​រាជធានី​ភ្នំពេញ ។ មិនថាតែ​ផ្លែ​ដូង​នោះទេ សូម្បីតែ​ស្លឹក​របស់វា​ក៏មាន​ហាងឆេង​ដែរ គឺ​មួយ​ធាង​តម្លៃ​ចាប់ពី ៥០០ រៀល ទៅ ១ ០០០ រៀល គឺ​ដឹក​ចេញ​ទាំង​រថយន្តៗ​រាល់ថ្ងៃ​អស់​រយៈពេល​ជាង​បី​ឆ្នាំ​មកហើយ សម្រាប់​បម្រើ​ដំណាំ​ចម្ការ​ម្រេច ៕​សុធន ​ ​ ​ ​ ​


 

Related