នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​​រារាំង​​​ក្រុម​​​អ្នក​តវ៉ា​ដែល​មាន​​សែង​ម​ឈូស​ក្លែង​ក្លាយ​មិន​​​ឲ្យ​​​ហែក្បួន​​​

កាល​ពី​ម្សិលមិញ នគរ​បាល​ខេត្ត​បន្ទាយ​មានជ័យ​បាន​បដិសេធ​​មិនអនុញ្ញាត​ឲ្យ​អ្នក​ហែ​ក្បួន​មួយ​ក្រុម​ធំ​ដែល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ពួក​គាត់​ចេញពី​ដី ដើរក្បួន​​​​​​ដោយ​មាន​សែង​មឈូស​ក្លែង​ក្លាយ​នៅ​​​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​​​ឡើយ ដោយ​​​លើក​​​ឡើង​​​ថា ការ​​​សែង​​​ម​​​ឈូស ​​​​​​បែបនេះ​​​មិន​​​សម​​​​​​នឹង​​​ភ្នែក​​​នោះ​​​ទេ​​​។

ក្រុម​អ្នកតវ៉ា​បាន​និយាយ​ថា អ្នក​ភូមិ​ប្រហែល ​៦០០គ្រួសារ​​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​សំបែង​របស់ខ្លួន​ស្ថិត​នៅ​តាម​ផ្លូវ​រថភ្លើង​ដែល​គេ​បោះ​បង់​ចោល​យូរ​មក​​​ហើយ​​​​ក្នុង​ឆ្នាំ​២០១១ ដើម្បី​ឲ្យ​រដ្ឋាភិបាល​​អាច​ជួស​ជុស​ផ្លូវ​រថភ្លើង​នេះ ប៉ុន្តែ​ពួកគាត់​មិនពេញ​​​ចិត្ត​ចំពោះ​​​​សំណង​​ដែលពួកគាត់​​ទទួល ​​​បាន​ឡើយ។ ក្រុម​អ្នក​តវ៉ា​និយាយ​ថា ក្រុមទី​២​ដែល​មាន​មនុស្ស​ប្រហែល​៣៥០​​​គ្រួសារ​ ឥឡូវ​នេះកំពុង​​រង​ការ​គំរាម​កំហែង បណ្តេញ​​​ចេញ​ដោយ​គ្មាន​ផ្តល់​សំណង​អ្វី​ឡើយ។

លោក ឆេង ហាក់ ដែល​រៀប​ចំការ​តវ៉ា​​បាននិយាយ​ថា ហេតុការណ៍​នេះ​ត្រូវ​បាន​រៀប​ចំឡើង​ ពីព្រោះ​លោក និង​មនុស្ស​បីនាក់​ទៀត​​ត្រូវ​បាន​នគរបាល​កោះហៅ​ទៅ​សាក​​​សួរ​ ប៉ុន្តែ​​បារម្ភថា ពួកគាត់​​នឹង​ត្រូវ​ចាប់​ខ្លួន​ ប្រសិន​បើ​ពួកគាត់​​ទៅ។

លោក​បាន​និយាយ​ថា ជំនួស​វិញ “​យើង​បាន​ធ្វើការ​តវ៉ា​នៅ​ខាងក្រៅ​​សាលា​ក្រុង​ ពីព្រោះ​​​​យើង​ចង់​ឲ្យអធិការ​នគរ​បាល​ចេញ​មក​​ក្រៅ​​ហើយ​សួរ​ប្រជាជន​ជាសាធារណៈ​​ ប៉ុន្តែ​​យើង​មិនបាន​ឃើញ​គាត់​​ទេ”​។

​ក្រុម​អ្នក​ហែក្បួន​​​​​បាន​ជួប​ជុំគ្នា​នៅ​ខាង​ក្រៅ​សាលា​ក្រុង​ប៉ោយប៉ែត​នៅ​ម៉ោង​៨​ព្រឹក ​​​ដោយ​សែង​មឈូស​ក្លែង​ក្លាយ​ដែល​តុប​តែង​លម្អ​ដោយ​ក្រណាត់ និងមាន​​​​សរសេរ​ សារ​​​​​​​​​សម្រាប់​អាជ្ញាធរ​ខេត្ត​ និង​ក្រុងថា “​ទាំង​នេះ​គឺ​ជា​សក​សព​​​របស់​មន្ត្រី​រដ្ឋាភិបាល​ពុក​​រលួយ​​​ដែល​បាន​រំលោភ​បំពាន​ប្រជាជន​​ស្លូត​ត្រង់​ និង​មិន​ស្មោះត្រង់​​​ចំពោះ​ប្រជាជន​”។

យោងតាម​លោក ស៊ុម ចាន់គា អ្នក​​​សម្រប​​​​សម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​នេះ​បានឲ្យ​ដឹង​ថា ក្រុម​អ្នក​តវ៉ា​​បាន​ហែក្បួន​​ក្នុង​​ក្រុង​ប្រហែល​៣០​នាទី​មុន​ពេល​នគរ​បាល​​មកជួប​ជាមួយ​ពួក​​​គាត់​ ដោយ​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​បន្ត​ទៀត​ឡើយ លុះ​ណា​តែ​ពួកគាត់​​យក​មឈូសក្លែង​ក្លាយ​​​របស់​ខ្លួន​ទៅ​ផ្ទះ​វិញសិន​​។ លោក​បាន​ថ្លែង​ថា ក្រុម​អ្នក​តវ៉ា​បាន​សម្រេច​​​បោះ​បង់​ការ​ហែក្បួន​របស់​ខ្លួនពាក់កណ្តាល​​​ផ្លូវ​​​​ ដោ​យ​​​មិន​បាន​ទៅ​ដល់​​អធិការ​នគរបាល​ឡើយ។

​នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​ក្រោយ​មក លោក អ៊ុំ សុផល ​អធិការ​នគរ​បាល​ក្រុង​ប៉ោយ​ ប៉ែត បាន​ថ្លែង​​​ថា នគរ​បាល​បាន​​សុំ​ឲ្យ​ក្រុម​អ្នក​តវ៉ា​​ឈប់​ហែក្បួន​​ដោយ​មានការ​​​សែង​មឈូស​ទៀត​ទៅ ពីព្រោះ​​​ការ​​​សែង​​​មឈូស​ក្លែង​​​ ក្លាយ​​​​​​នេះមិន​គាប់​​​ភ្នែក​​​អ្នក​​​ដទៃ​​​​ឡើយ។

លោក​បាន​ថ្លែង​ថា “​យើង​មិន​បាន​​​ដក​​​ហូត​​​​​មឈូស​​ពី​អ្នក​តវ៉ា​ទាំង​នេះ​ទេ។ យើង​គ្រាន់​តែ​សុំ​ឲ្យ​ពួកគាត់​​​កុំ​ហែក្បួន​ដោយ​សែង​មឈូស​​​​ទៀត​ ពីព្រោះ​វា​មិន​ល្អ​សម្រាប់​​មនុស្ស​ម្នា​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​ក្រុង​ឃើញ​ឡើយ​”។ លោក សុផល ​ក៏​បាន​លើក​ឡើង​ផង​ដែរថា ក្រុម​អ្នក​តវ៉ា​ដែល​ត្រូវ​បាន​​កោះ​ហៅ​មក​សាក ​សួរ​នោះ នឹង​​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​បាន​ចេញ​ លិខិត​​​អញ្ជើញ​អ្នក​ទាំង​​បួន​មក​សាក​សួរ​នៅ​ថ្ងៃ​នេះ ពីព្រោះ​ពួកគាត់​ធ្វើ​ការ​តវ៉ា​ច្រើន​លើក​ច្រើនសាមក​ហើយ​ ហើយ​យើង​​មិន​ដឹង​ថា​​ពួក​គាត់​ចង់​បាន​អ្វី​ឡើយ។ដូច្នេះ​​យើង​​ចាំបាច់​ត្រូវ​ប្រមូល​ព័ត៌មាន​​ពីពួកគាត់​ថា​តើ​ពួកគាត់​ចង់​ឲ្យ​យើង​ជួយ​អ្វី។ បន្ទាប់​មក ខ្ញុំ​នឹង​​ធ្វើ​របាយការណ៍​ដាក់ជូន​លោក​អភិបាល​ខេត្ត​”។

លោក​បាន​ថ្លែង​ថា អ្នក​ទាំង​បួន​នឹង​ត្រូវ​​កោះ ​ហៅ​មក​សាក​សួរ​​ជា​ថ្មី​ម្ដង​ទៀត​៕ សារុន​​​

The post នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​​រារាំង​​​ក្រុម​​​អ្នក​តវ៉ា​ដែល​មាន​​សែង​ម​ឈូស​ក្លែង​ក្លាយ​មិន​​​ឲ្យ​​​ហែក្បួន​​​ appeared first on ខេមបូឌា ដេលី.