មន្ត្រី​​​រដ្ឋាភិបាល​​​មិន​​​និយាយ​​​អំពី​​​​​​វិធាន​​​ការ​​​បន្ទាប់​​​​​​ក្នុង​​​សំណុំ​​​រឿង​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​

ទោះ​​​បី​​​ជា​​​ រដ្ឋាភិបាល​​​នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​​បាន​​​ព្រម​ព្រៀង​​​​ចាត់ “​​​វិធានការ​​​​ពាក់​​​ព័ន្ធ​​​” ដើម្បី​​​ទម្លាយ​​​​ភាព​ជាប់គាំង​​​​​នៅក្នុង​សំណុំ​​​រឿង​​​​​ដ៏​​​ចម្រូង​​​ចម្រាស​ចំនួន​ពីរ​​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ក៏ដោយ​ ក៏​​​ក្រុម​​​មន្ត្រី​​​បាន​​​បដិ​​​សេធ​​​​​​មិន​​​រៀប​​​រាប់​​​លម្អិត​​​ថា តើ​​​នឹង​មាន​​​ពាក់​​​ព័ន្ធ​​​វិធាន​​​ការ​​​ជាក់​​​លាក់អ្វី​​​ខ្លះ​​​នោះ​​​ដែរ​។

ការ​​​ព្រម​​​ព្រៀង​​​ចាត់​​​”វិធានការ”​​នេះ​​​ធ្វើ​​​ឡើង​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ រវាង​​លោកឧបនាយក​​​រដ្ឋ​​​មន្ត្រី សុខ អាន និង​​​លោក​​​​​​ ស្ទេហ្វិន​​​ ម៉ាសាយ​អឺស​ (Stephen Mathias) ជំនួយ​​​ការ​​​អគ្គលេខាធិការ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​ច្បាប់​​​ ដែល​អំឡុង​​​ពេលនោ​ះ​ ពួកគាត់​ទាំង​​​​ពីរ​​​នេះ​​​បាន​​​ពិភាក្សា​​ពីអ្វី​​​ដែល​​​ពួក​​​គាត់​​​ចាត់​​​ទុក​​​ថាជា “ការ​​​ខ្វែង​​​គំនិត​​​​​​គ្នា​​​” នៅក្នុង​សំណុំ​​​រឿង​​​ទាំង​​​ពីរ​​​នេះ​​​។ ​​​បុគ្គលិក​​​​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​​​​​​​បាន​​​និង​​​កំពុង​​​ព្យាយាម​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​ ដើម្បី​​​បន្ត​​​សំណុំ​​​រឿង​​​ទាំងពីរនះ​ ដោយ​​​​​ប្រឈម​​​នឹង​​​ការ​​​រារាំង ​​​ឬការ​​​ធ្វើព្រ​ងើយ​កន្តើយ​​ពី​​​បុគ្គលិក​​​​​ភាគ​ីខាង​​​​កម្ពុជា​នៅសាលាក្តី​​​​ និង​​​រដ្ឋាភិបាល​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​ដែល​​​ចេញ​​​បន្ទាប់​​​ពី​​​​កិច្ច​ប្រជុំ​​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ភាគី​​​ទាំង​​​ពីរ​​​បាន​​​ពិភាក្សា​​​​អំពី​​​ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​ដែល​​​នៅ​​​តែ​​​បន្ត​​​​ ដូច​​​ដែល​​​បាន​​​បង្ហាញ​​​នៅ​​​ក្នុង​​​ការ​​​ឆ្លើយ​​​ឆ្លងគ្នា​​​​បែប​ការ​​​ទូត​​​រវាង​​​រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​និង​​​អង្គការ​​​សហប្រជាជាតិ​​​​ ពាក់​​​ព័ន្ធ​​​ការ​​​អនុ​​​វត្ត​​​ឲ្យ​​​បាន​​​ពេញ​​​លេញ​​​នូវ​​​កាតព្វកិច្ច​​​​​​​សហ​​​ប្រតិបត្តិការ​​​​ដែល​​​បាន​បង្ហាញ​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​របស់​អ.វ.ត.ក. ទាក់​​​ទង​​​សំណុំ​​​រឿង​​​ទាំង​​​ពីរ​​​នេះ​​​ដែល​​​បច្ចុប្បន្ន​​​ស្ថិ​​​តក្រោម​​​ការ​​​សើុប​​​អង្កេត​​​របស់​​​សាលាក្តី​​​​”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះមាន​​​ខ្លឹម​​​សារ​​​បន្ត​ដូច្នេះ​​​ថា “ភាគី​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀង​​​លើ​​​សារៈសំខាន់​​​នៃ​​​ដំណោះស្រាយ​​​ដែល​​​មាន​​​ការ​​​ពេញ​​​ចិត្ត​​​ទាំង​​​ស្រុង និង​ដែល​​​នឹង​​​ឈាន​​​ដល់​​​ការ​​​ឯកភាព​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​តាមដែល​អាច​​​​ធ្វើ​​​ទៅ​​​បាន​​​ ដោយ​​​ស្រប​​​​​​ទៅ​​​នឹង​​​លក្ខ​​​ខណ្ឌ​​​នៃ​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ ហើយ​​​ថា​ រាជ​​​រដ្ឋាភិបាល​​​​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​​ពាក់​​​ព័ន្ធ​​​ដើម្បី​​​សម្រេច​​​គោល​​​បំណង​​​ដ៏​​​សំខាន់​​​នេះ”។

ទោះ​​​ជាយ៉ា​​​ងណា​​​ នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ ពី​​​ពីរ​​​ថ្ងៃ​​​មុន​​​ រដ្ឋាភិបាល និង​​​មន្ត្រី អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​ឡើយ​លើ​អ្វី​​​ដែល​​​រដ្ឋាភិបាល​​​នឹង​​​ធ្វើ​​​ដើម្បី​​​ជួយ​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​នោះ​​​​​​។

លោក ឯក ថា អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋាភិបាល​​​នៅ​​​អង្គភាព​​​ព័ត៌មាន​​​ និង​​​​​​​​​ប្រតិកម្ម​​​រហ័ស​​​នៃ​​​ទីស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ថា “ខ្ញុំ​​​សូម​​​ទោស​​​ ខ្ញុំ​​​មិន​​​អាច​​​ផ្តល់​​​ព័ត៌​​​មាន​​​ណា​​​មួយ​​​ឲ្យ​​​លើស​​​ពី​​​អ្វី​​​ដែល​​​មាន​​​​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​បានឡើយ​”។

លោក ដេវីដ សេហ្វហ្វឺ (David Scheffer) ​​​អ្នក​​ជំនាញ​​​ពិសេស​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​នៅ​​​សាលា​​​ក្តី​​ លោក ឡាស​​​ អូល​​​សេន​​​ (Lars Olsen) អ្នក​​​នាំ​​​ពាក្យ​​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ប្រចាំ​​​សាលា​​​ក្តីខ្មែរក្រហម​​​ និង​​​លោក ​​​នេត ភក្ត្រា អ្នក​​​នាំពាក្យ​​​ភាគី​​​ខាង​​​កម្ពុជា​​​សុទ្ធ​​​តែ​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​លើ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​រួម​នេះ​​​។

សំណុំ​​​រឿង​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ទំាងពីរ​នេះ​​​គឺ​​​សំណុំ​​​រឿង​​​០០៣ និង​​​០០៤ បច្ចុប្បន្ន​​​កំពុង​​​ត្រូ​​​វ​​​​ បាន​​​សើុប​​​អង្កេត​​​ដោយ​​​​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​នៅ​​​សាលា​​​​ក្តី​​​នេះ​​​ ប៉ុន្តែ នគរ​​​បាល​​កម្ពុជា​​​បាន​​​បដិសេធ​​​មិន​​​អនុវត្ត​​​ដីកា​​​ចាប់ខ្លួន​​​​ជន​​​សង្ស័យ​​​ មាស មុត និង​​​អឹុម ចែម​ ដែល​ចេញ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​ឡើយ​​​ ដោយ​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​រង់​​​ចាំ​​​ធ្វើ​​​ការ​​​ស្ទាប​​​​​​ស្ទង់​​​មតិ​​​ជា​​​សាធារណៈ​​​ជាមុន​សិន​​​ មុន​​​ពេល​​​ធ្វើការ​ចាប់​​​ខ្លួន​​​ណា​​​មួយ​​​។

លោក ម៉ៅ​​​ ចាន់​​​ដារ៉ា ប្រធាន​​​ផ្នែក​​​សន្តិ​​​សុខ​​​នៅ​​​​​​សាលា​​​ក្តី​​​នេះ និង​​​ឧត្តម​​​សេនីយ​​​៍​​​មួយ​​​រូប​​​នៅ​​​​​​ក្នុ​​​ងជួរ​​​នគរ​​​បាល​​​ជាតិ​​​កម្ពុជា​​​បាន​​​​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា របាយ​​​ការណ៍​​​នៃ​​​ការ​​​ស្ទាប​​​ស្ទង់​​​មតិ​​​នេះ​​​នៅ​​​មិន​​​​​​ទាន់​​​បញ្ចប់​​​នៅ​​​ឡើយ​​​ទេ​​​ ហើយ​​​លោក​​​ក៏​មិន​​​ដឹង​​​ថា វា​​​នឹង​​​ចប់​​​នៅ​​​ពេល​​​ណា​​​ដែរ​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​នៅ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​របាយការណ៍​​​ណា​​​មួយ​​​ទេ ​​​ប្រហែល​​​ពួក​​​គេ​​​នៅ​មិន​ទាន់​​​​​​​បញ្ចប់​​​នៅ​​​ឡើយ​​​ទេ​​​។ ប្រសិន​​​បើ​​​ពួក​​​គេ​​​បញ្ចប់​​​ ពួក​​​គេ​​​នឹង​​​បញ្ជូន​​​របាយការណ៍​​​នេះ​​​មកឲ្យ​​​​ខ្ញុំ​​​ហើយ​”៕​​​ ស៊ុយឈាង​​​ (រាយការណ៍​​​បន្ថែម​​​ដោយ ឃួន ណារីម)

 

The post មន្ត្រី​​​រដ្ឋាភិបាល​​​មិន​​​និយាយ​​​អំពី​​​​​​វិធាន​​​ការ​​​បន្ទាប់​​​​​​ក្នុង​​​សំណុំ​​​រឿង​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ appeared first on ខេមបូឌា ដេលី.