កម្ពុជា ប៉ះម្ចាស់ផ្ទះចិន ថ្ងៃ​បើក​ឆាក​ពាន​មិត្ត​ភាព​អាស៊ាន-ចិន

ភ្នំពេញ៖ នៅព្រឹកនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតជាមួយក្រុម Baotou Nanjiao FC របស់ចិន នៅក្នុងព្រឹត្តិការណ៍ នៃការប្រកួតពានរង្វាន់ មិត្តភាពអាស៊ាន-ចិន ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Mangshi stadium នៃទីក្រុង Mangshi ខេត្ត Yunnan ប្រទេសចិន។

តាមការឲ្យដឹងពីលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា នេះជាការប្រកួតដំបូង ខណៈកម្ពុជា ស្ថិតក្នុងពូលE ជាមួយ ៤ក្រុមផ្សេងទៀត ដែលត្រូវប្រកួតប្រជែង គឺមានក្រុម Baotou Nanjiao FC របស់ចិន, Lao Champa របស់ឡាវ, Hà Nội T&T របស់វៀតណាម និងក្រុមម្ចាស់ផ្ទះខេត្ត Yunnan ។

អ្នកចាត់ការក្រុមដដែល បានបន្ដថា ចំពោះក្រុម Baotou Nanjiao FC ដែលកម្ពុជាត្រូវជួបនាវេលាម៉ោង ៩ព្រឹកនេះ គឺជាក្រុមបាល់ទាត់ អាជីពស្ថិតក្នុងលីកលំដាប់ទី៣របស់ចិន ប៉ុន្ដែកម្រិតភាពសមត្ថភាពកីឡាករ ក៏មិនជាអន់ដែរ ។ ដូច្នេះកម្ពុជា អាចនឹងធ្វើការធ្ងន់បន្ដិច ព្រោះកីឡាករជម្រើសជាតិកម្ពុជា ទើបតែហត់នឿយជាមួយនឹងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup Russia 2018 ជាមួយអាហ្វហ្គានីស្ថាន និងជប៉ុន កាលពីពេលថ្មីៗកន្លងទៅ ។

លោកបន្ថែមទៀតថា ព្រឹត្តិការណ៍នេះដែរ មានក្រុមចូលរួមតែ ៩ក្រុមប៉ុណ្ណោះ ហើយគណៈកម្មការបានបែងចែកក្រុមចូលរួមទាំងជា ២ពូល គឺពូលE និងពូលF ក្នុងនោះកម្ពុជា ស្ថិតក្នុងពូលE ដូចខាងលើ ។ ចំណែកពូលF មានក្រុមជម្រើសជាតិបង់ក្លាដេស, មីយ៉ាន់ម៉ា រួមទាំងក្រុម He Bei Jing Ying FC និងក្រុម Lijiang FC របស់ចិនដូចគ្នា ៕

កម្ពុជា ប៉ះម្ចាស់ផ្ទះចិន ថ្ងៃ​បើក​ឆាក​ពាន​មិត្ត​ភាព​អាស៊ាន-ចិន