ទ័ពជើងទឹក​កម្ពុជា​-​អា​មេ​រិ​ក​500​នាក់​ចូលរួម​ហ្វឹកហ្វឺន​សមយុទ្ធ​សមុទ្រ​ឆ្នាំ​2015

ខេត្ត​ព្រះ​សីហ​នុ ៖ កងទ័ពជើងទឹក​កម្ពុជា​និង​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​សរុប​ប្រមាណ​៥០០​នាក់ បាន​សហការ​គ្នា​បើក​សមយុទ្ធ​ឆ្មាំ​សមុទ្រ​សម្រាប់​ឆ្នាំ​២០១៥ ដែល​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​រាម ។ នេះ​ជា​សមយុទ្ធ​លើក​ទី​៥​តាម​ការ​គ្រោងទុក ដែល​មាន​ទាហានជើងទឹក​កម្ពុជា​ចំនួន​៣០០​នាក់ និង​ទាហានជើងទឹក​សហរដ្ឋអាមេរិក​ចំនួន​២០០​នាក់ ។

លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក សីហា មេបញ្ជាការ​រង​កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​របស់​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​សមយុទ្ធ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ថា សមយុទ្ធ​នេះ​ភាគី​សហរដ្ឋអាមេរិក​ដឹកនាំ​ដោយ​លោក ឆាល វី​ល្លៀម​(Charle William) មេបញ្ជាការ​កងកម្លាំង​លេខ​៧៣ ជា​មេបញ្ជាការ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ដែល​បាន​ចូលរួម​សម្ពោធ​ការ​បើក​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​ឈ្មោះ​កា​រ៉ាត់​ឆ្នាំ​២០១៥ និង​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផែ​សំចត​នាវា​មូលដ្ឋាន​សមុទ្រ ក្រោយ​ពេល​ជួសជុល​អស់​រយៈពេល​១​ឆ្នាំ ។

លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក សីហា បាន​ថ្លែងប្រាប់​សម​ភាគី​អា​មេ​រិ​ករប​ស់លោក និង​កងទ័ពជើងទឹក​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ថា ពេល​នេះ​ពិភពលោក​ទាំងមូល​មានការ​គំរាមកំហែង​ពី​ក្រុម​ភេរវកម្ម​សង្គ្រាម​ប្រកាន់ពូជសាសន៍ សាសនា​នៅ​អឺរ៉ុប និង​មជ្ឈិម​បូព៌​៌ា និង​ការ​ប្រែប្រួល​អាកាសធាតុ​ថ្មី​ៗ​នេះ ។ ការ​ធ្លាក់​យន្តហោះ​ប្រទេស​រុ​ស្ស៊ី​ដែល​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ជាង​២០០​នាក់ និង​ការ​វាយប្រហារ​ដោយ​ក្រុម​ភេរវ​ករ​អ៊ិ​ស្លា​ម​ជ្រុលនិយម​(ISIS) ជា​ច្រើន​កន្លែង​ក្នុង​ទីក្រុង​បា​៉​រី​ស ប្រទេស​បារាំង បណ្ដាល​ឲ្យ​មនុស្ស​១២៨​នាក​ស្លាប់់ និង​របួស​ជាង​៣០០​នាក់ ។

លោក​មេបញ្ជាការ​ថ្លែង​ទៀត​ថា នេះ​ជា​សោកនាដកម្ម​មួយ​ដ៏​រន្ធត់​បង្ក​នូវ​វិនាសកម្ម​គ្រប់​បែប​យ៉ាង គំរាមកំហែង​ដល់​សន្តិសុខ​មនុស្សជាតិ​ទាំងមូល និង​នាំ​ឲ្យ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​ប្រទេស​ជា​ច្រើន​នៅ​ពាសពេញ​ពិភពលោក​។ លោក​សូម​ចូលរួម​ថ្កោលទោស​យ៉ាង​ខ្លាំង ចំពោះ​អំពើ​ឃោរឃៅ​ដ៏​អមនុស្សធម៌​លើ​ប្រជាពលរដ្ឋ​ស្លួ​ត​ត្រង់ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ចំពោះ​គ្រួសារ​ជន​រង​គ្រោះ ។

លោក​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ បាន​លើក​ឡើង​ថា នៅ​លើ​ផ្ទៃសមុទ្រ​ទាំង​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយ​ៗ និង​លំហ​សមុទ្រ​អន្តរជាតិ ក៏​មានការ​គំរាមកំហែង​និង​មាន​ហានិភ័យ​នានា រួម​មានការ​ចាប់ជំរិត ការ​ប្លន់​ប្រដាប់អាវុធ ចោរ​សមុទ្រ ភយន្តរាយ​ផ្សេង​ៗ​ពី​គ្រោះ​ធម្មជាតិ ដែល​ចាំបាច់​ត្រូវ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​កម្លាំង​កងទ័ពជើងទឹក ដោយ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រុករក សង្គ្រោះ ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ជំនួយ​មនុស្សធម៌ ធានា​សន្តិសុខ​នៅ​លើ​ផ្ទៃសមុទ្រ ក្នុង​គោលដៅ​ជំរុញ​ឲ្យ​មាន​ស្ថិរភាព​តំបន់ និង​លើ​ពិភពលោក​ទាំងមូល ។

លោក​ឆាល វី​ល្លៀម ថ្លែង​ថា «​សមយុទ្ធ​កា​រ៉ាត់ អាច​ឲ្យ​យើង​ពង្រឹង​ទំនាក់ទំនង​រឹង​មាំ​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា​ដែល​ជា​ដៃគូ ។ តាម​រយៈ​ទំនាក់ទំនង​និង​វត្តមាន​ជា​បន្តបន្ទាប់ យើង​បន្ត​ធ្វើ​ឲ្យ​មាន​ភាព​ជឿនលឿន​ជា​លំដាប់ ក្នុង​ការ​បង្កើន​ភាព​ស្មុគស្មាញ​នៃ​ការ​ហ្វឹកហ្វឺន​របស់​យើង ហើយ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងទឹក​របស់​យើង​ទាំង​ពីរ​» ។ កា​រ៉ាត់​(CARAT) នៅ​កម្ពុជា​មាន​រយៈពេល​៥​ថ្ងៃ​នៅ​កំពង់​ផែ និង​លើ​ផ្ទៃសមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

លោក ឆាល វី​ល្លៀម បាន​ថ្លែង​ទៀត​ថា នៅ​លើក​គោក បុគ្គលិក​យោធា​ហ្វឹកហ្វឺន​ជាក់ស្តែង​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​ខូចខាត ការ​កំណត់​ផ្លូវ​នាវា ការ​ថែទាំ​អ្នក​ស្លាប់​និង​រង​របួស​ក្នុង​ការ​ប្រយុទ្ធ ទស្សនកិច្ច​និង​ការ​ការពារ​កម្លាំង ការ​ឡើង​លើ​នាវា ការ​ឆែកឆេរ​និង​បច្ចេកទេស​ចាប់​នាវា ។ ការ​រៀនសូត្រ​ជា​លក្ខណៈ​សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​អ្នកជំនាញ​មក​ពី​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ​ដើម្បី​ពិភាក្សា​ពី​ការ​ប្រតិបត្តិ​ល្អ ដែល​មាន​និយាយ​នៅ​ក្នុង​ច្បាប់​យោធា ពេទ្យ​យោធា ការ​រុករក និង​ជួយ​សង្គ្រោះ​តាម​យន្តហោះ ។ តន្ត្រី​កង​នាវា​ទី​៧​របស់​សហរដ្ឋអាមេរិក ក៏​នឹង​ធ្វើការ​ប្រគំ​ុ​ផង​ដែរ ក្នុង​សកម្មភាព​ប្រាស្រ័យ​ជាមួយ​សហគមន៍​នៅ​ជុំវិញ​ទី​ក្រុងព្រះសីហនុ ៕