លោក ហ៊ុន សែន ទៅ​ចូលរួម​ប្រជុំ​អាស៊ាន​នៅ​ម៉ាឡេស៊ី នៅថ្ងៃនេះ​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាក​ចេញពី​កម្ពុជា ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ន​លើក​ទី​២៧  និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​មួយចំនួនទៀត ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​

​បើតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ក្នុងកំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ លោកនាយក​រដ្ឋមន្ត្រី រួមជាមួយ​មេដឹកនាំ​អាស៊ាន​ដទៃទៀត នឹង​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៣​រួមមាន​៖១.​សេចក្តីថ្លែងការណ៍​គូ​ឡា​ឡាំ​ពួរ​ឆ្នាំ​២០១៥ ស្តីពី​ការបង្កើត​សហគមន៍​អាស៊ាន​។ ២. សេចក្តីថ្លែងការណ៍​គូ​ឡា​ឡាំ​ពួរ ស្តីពី​អាស៊ាន​ឆ្នាំ​២០២៥៖ រីកចម្រើន​ទៅមុខ​ទាំងអស់គ្នា និង​៣. អនុសញ្ញា​អាស៊ាន ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ​។

​ថ្នាក់ដឹកនាំ​អាស៊ាន នឹង​អនុម័ត​ផងដែរ​នូវ​សេចក្ដីប្រកាស​រួម ស្ដីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​អាមេរិក សេចក្ដីប្រកាស​រួម​អាស៊ាន​-​នូ​វែ​ល​ហ្សេ​ឡង់ ស្ដីពី​ខួប​លើក​ទី​៤០​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​នូ​វែ​ល​ហ្សេ​ឡង់ និង​សេចក្ដីថ្លែងការណ៍​គួ​ឡា​ឡាំ​ពួរ ស្ដីពី​ខួប​លើក​ទី​១០​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ព្រមទាំង​ឯកសារ​សំខាន់ៗ​ចំនួន​១០​ទៀត​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល​។

​សេចក្តី​ជូន​ព័ត៌មាន​បន្ដថា លោក ហ៊ុន សែន ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ​(Shinzo Abe)​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ម៉ា​ល់​ខូ​ម ធើ​ន​ប៊ូល​(Malcolm Turnbull) នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​លោក ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី (Narendra Modi) នាយករដ្ឋមន្ត្រី​ឥណ្ឌា​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​