ក្រោយ​ភេរវកម្ម​ក្រុងប៉ារីស CIA រករឿង Edward Snowden

​កាលពី​ថ្ងៃ​ពុធ​កន្លងមក ពោលគឺ​៥​ថ្ងៃក្រោយ​ការវាយប្រហារ​ក្រុងប៉ារីស ប្រធាន​ចារកិច្ច​សេ​អ៊ី​អា​អាមេរិក លោក John Brennan បាន​ឆ្លៀត​រករឿង​ជាមួយ Edward Snowden ដែលជា​អតីត​អ្នកបំរើ​ការ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក ដែល​ធ្លាប់​ទំលាយ​ឯកសារ​សំងាត់​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​NSA​។​

​ភេរវកម្ម ក្រុងប៉ារីស​បានធ្វើអោយ​រដ្ឋាភិបាល​អាមេរិក​ពិចារណា​ឡើងវិញ ពី​ការត្រួតពិនិត្យ​ព័ត៌មាន​និង​សិទ្ធិ​ឯកជន​របស់​ប្រជាជន​។ ដោយសារ​រឿងនេះ លោក John Brennan បាន​ឆ្លៀត​លើកយក​ពី​បញ្ហា​សុវត្ថិភាព​សន្តិសុខ​អាមេរិក មករក​រឿង​ឈ្លោះ​គ្នា​ជាមួយ​Edward Snowden ដែលជា​អតីត​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច ដែល​ធ្លាប់​ល្បីឈ្មោះ​ខាង​ទំលាយ​ឯកសារ​សំងាត់​ជាតិ កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​។

​លោក Brennan លើកឡើងថា ការដែល​បុគ្គលិក​ទីភ្នាក់ងារ​ចារកិច្ច​បែបយ៉ាង Edward Snowden ទំលាយ​ព័ត៌មាន  ដោយ​គ្មាន​ការអនុញ្ញាត គឺ​ធ្វើអោយ​សុវត្ថិភាព​សន្តិសុខ​ប្រទេស​ចុះខ្សោយ​។ កាលពី​ថ្ងៃ​ចន្ទ ប្រធាន​សេ​អ៊ី​អា​ក៏បាន​បរិហារ​ផងដែរ ពី​ចន្លោះប្រហោង​ក្នុងការ​ត្រួតពិនិត្យ​សកម្មភាព​សកម្មជន​ជ្រុលនិយម ដោយ​លោក​បាន​ភ្ជាប់​បញ្ហា​ចន្លោះប្រហោង​នេះ ទៅនឹង​ទង្វើ​របស់លោក​Snowden​។​

​សារព័ត៌មាន New York Times បារម្ភ​ថា សេ​អ៊ី​អា​កំពុង​ឆ្លៀត​យក​ការវាយប្រហារ​ក្រុងប៉ារីស មក​ជំរុញអោយមាន​ការជជែក​គ្នា​ឡើងវិញ ស្តីពី​ការត្រួតពិនិត្យ​ទិន្នន័យ​ព័ត៌មាន​ប្រជាជន​។ គួររំលឹកថា ដោយសារតែ​ប៉ុន្មាន​ឆ្នាំមុន លោក​Edward Snowden បាន ទំលាយ​ព័ត៌មាន​សំងាត់​ជាតិ​អាមេរិក ទើប​សភា​អាមេរិក​បានអនុម័ត​ច្បាប់​បិទ​បញ្ចប់​ការ​ស្តុក​ទុក​ទិន្នន័យ ព័ត៌មាន​ទំនាក់ទំនង​ទូរ​សព្ទ​របស់​ប្រជាជន​។

​សម្រាប់​New York Times មិនមែន​ដោយសារ​ការខ្វះ​ទិន្នន័យ​ព័ត៌មាន​បែបនេះ​ទេ ទើប​ក្រុងប៉ារីស​រង​ការវាយប្រហារ​ភេរវកម្ម តែ​គឺ​ដោយសារតែ​អាជ្ញាធរ​បារាំង​បរាជ័យ​ក្នុង​មូលដ្ឋាន​ព័ត៌មាន​របស់​ពួកគេ​តែ ប៉ុណ្ណោះ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​