Aguero របស់ Man City សង្ឃឹមវិលចូលលេងវិញពេលប៉ះ Liverpool

ខ្សែ​ប្រយុទ្ធ Sergio Aguero កំពុង​តែ​សង្ឃឹម​ថា អាច​​ធ្វើ​ការវិល​ត្រឡប់​របស់​គេ​វិញ​នៅពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម Liverpool នៅ​ថ្ងៃ​​សៅរ៍នេះ ក្រោយ​ពី​ការ​អវត្ត​មាន​អស់​​រយៈ​ពេល​ស្ទើរ​តែ​​៦​សប្តាហ៍​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​អាហ្សង់​ទីន​រូប​នេះ​មិន​​ធ្លាប់​បាន​ចូល​សោះសម្រាប់​​ក្រុម Manchester City បើគិត​ចាប់​តាំង​ពី​​ស៊ុត​បាល់​បញ្ចូល​ទី​៥​គ្រាប់​ក្នុង​ពេល​ក្រុម​ខ្លួន​​បំ​បាក់​ក្រុម Newcastle United យ៉ាង​ចាស់​ដៃក្នុង​លទ្ធ​ផល ៦-១ កាល​ពី​ថ្ងៃ​ទី​៣ ខែតុលា ក្រោយ​ពី​បាន​​ជួប​បញ្ហា​របួស​សរសៃ​ពួរ​គន្លាក់​ជើង​ភ្លាម​ៗ ក្រោយ​​ពី​​ការ​បំពេញការ​តព្វ​កិច្ច​របស់​គេ​ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​​។ Aguero បាន​ឲឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​សង្ឃឹម​​ថា ខ្ញុំ​អាច​លេង​ក្នុងការប្រកួតនេះ​។ ខ្ញុំ​កំពុង​​ធ្វើ​រាល់​​អ្វី​ៗ​ទាំង​អស់​​ដោយ​ថាមពល​របស់​ខ្ញុំ​ក្នុង​ការ​​ឈាន​ទៅ​​កាន់​ការ​ប្រកួត​នេះក្នុង​លក្ខ​ខណ្ឌ​​ដ៏កំពូល​។ វា​បានក្លាយ​ជា​​ជា​ពេល​វេលា​​​ដ៏​ខក​ចិត្ត​បន្តិច​។ ពិតណាស់ ការ​ប្រកួត​នេះ​​ជា​មួយ​​នឹង​ក្រុម Newcastle កាល​​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ពិត​ជា​​ពិ​សេស​ណាស់ ពីព្រោះ​វា​មិនមែន​ជា​​រៀង​រាល់​សប្តាហ៍ឡើយ​ដែល​អ្នកអាច​រក​គ្រាប់បាល់​​​​បញ្ចូល​ទី​​៥​​គ្រាប់ក្នុងមួយ​ប្រកួត​។
1
ស្រប​ពេល​ជាមួយគ្នា​នេះ ខ្សែ​ប្រយុទ្ធ Daniel Sturridge អាច​នឹង​រឹង​មាំ​គ្រប់គ្រាន់​ក្នុងការ​បង្ហាញ​ខ្លួន​នៅពេល​ប្រកួត​ជា​មួយ​​អតីត​ក្លិប​របស់​គេ​គឺ Manchester City នៅ​ថ្ងៃ​សៅរ៍នេះ ដែល​ចាប់​ផ្តើម​នៅម៉ោង​១២:៣០​រំ​លង​អ​ធ្រាត្រ (ម៉ោងនៅកម្ពុជា)​។ នេះ​បើ​យោង​ទៅ​តាម​​ការ​បញ្ជាក់​របស់​លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​​ក្លិប Liverpool​។ Sturridge មិន​ធ្លាប់​បាន​ចូល​លេង​​សោះ​ក្រោម​​ការ​ដឹកនាំ​របស់​លោក Klopp និង​បាន​លេង​ត្រឹម​តែ​រយៈ​ពេល​២៤២​ប៉ុណ្ណោះ​​ក្នុង​រដូវ​កាលនេះ​ដោយ​សារ​តែ​បញ្ហា​​ចង្កេះ និង​របួស​ជង្គង់​។ លោក Klopp បាន​ឲ្យ​ដឹង​ថា៖ «រូប​គេ​មានភាព​រឹង​មាំ​គ្រប់គ្រាន់ ក្រោយពីការសម្រាក​រយៈ​ពេល​វែល​​។ ពិតណាស់ រូប​គេ​មិន​ទាន់​រឹង​មាំ​១០០​ភាគ​រយ​ឡើយ ហើយ​យើង​​ត្រូវ​តែ​រង់​ចាំ​មើល​។ ប៉ុន្តែ ពី​ព្រោះ​រូប​គេ​ជា​កីឡាករ​ដ៏មាន​ទេពកោសល្យ យើង​ប្រហែល​ជា​អាច​ដាក់​​បញ្ចូល​​រូប​គេ​។ ក្នុងនាម​ជា​​ខ្សែ​ប្រយុទ្ធ​ម្នាក់ ពេល​​ខ្លះ​រយៈ​ពេល​​៥​នាទី​គឺ​គ្រប់​គ្រាន់​​ហើយ​»​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់​គ្លេស​រូប​​នេះ​​បាន​ស៊ុត​បាល់​​បញ្ចូល​ទី​​២៤​គ្រាប់ ខណៈ​ដែល Liverpool បាន​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ឈ្នះពាន​ក្រប​ខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​ឆ្នាំ​២០១៣-២០១៤ ប៉ុន្តែ បាន​ស៊ុត​បាល់​​បញ្ចូល​ទី​ក្នុង​ការ​ប្រកួតលីក​ត្រឹម​តែ​​៦​គ្រាប់​គត់ បើគិត​ចាប់​តាំង​ពី​​ការ​រង​របួស​ជា​បន្ត​បន្ទាប់​​៕

ប្រភព​ព័ត៌​មាន៖ The Guardian

ការ​ជួប​គ្នា​៣​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ

01.03.15          Liverpool 2-1 Manchester City

26.08.14          Manchester City 3-1 Liverpool

31.07.14          Liverpool 2-2 Manchester City