ការថប់​អារម្មណ៍​និ​ង​ការខ្លាច​ ពីអ្នក​ឯកទេស​ចិត្ដសាស្រ្ដ​

ការថប់អារម្មណ៍​និងការខ្លាច​ ពីអ្នក​ឯកទេសចិត្ដ​សាស្រ្ដ​ការថប់​អារម្មណ៍ ​(Anxiety) ​ការព្រួយចិត្ត ​(Worry) ​និងការតាន់តឹង​អារម្មណ៍​ (Stress) ​ក្លាយជាបញ្ហា​ប្រចាំថ្ងៃ​របស់មនុស្សទូទៅ ​ក្នុងពេល​បច្ចុប្បន្ននេះ ។​ ជាធម្មតា ​អ្នកមានការ​ថប់អារម្មណ៍​ ឬការតានតឹង​អារម្មណ៍ ​មិនមែន​សុទ្ធតែ​ចាំបាច់​ត្រូវតែរក​ជុំនួយពី ​អ្នកឯកទេសចិត្តសាស្ត្រ​នោះទេហើយ​ក៏មិនមែន​មានន័យថា ​អ្នកនោះមាន​ជំងឺដែរ។ ​តាមការពិត ការថប់​អារម្មណ៍ ​គឺជាសញ្ញាណ​ដាស់តឿន​អ្នកឲ្យ​ដឹងថា ​អ្នកកំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ​ឬស្ថានភាព​លំបាក​ខាងផ្លូវចិត្ត។​ បើមិនមានការ​ថប់អារម្មណ៍​ទេនោះ ​អ្នកក៏ពុំ​មានសមត្ថភាព​ប្រមើ​មើលពី​ស្ថានភាព​លំបាក ​និងត្រៀម​ខ្លួនសម្រាប់​ប្រឈម​មុខ​នឹងបញ្ហានោះ​ដែរ។​ ដើម្បី​ឱ្យលោកអ្នក ​ប្រិយមិត្ដ​អ្នកអានយ​ល់កាន់​តែច្បាស់​ ពីអត្ថន័យ​នៃការ​ថប់អារម្មណ៍ ​និងការខ្លាច ​តាមរយៈ​ទំព័រ​ Cool News ​លោក ​ហឿ​ សេធុល​ (MA in Psychotherapy&​ Counseling, ​De La Salle​ University,​ Philippines)  ​អ្នកឯកទេស​ពិគ្រោះ​យោបល់​ផ្លូវចិត្ដ​ និងជាអ្នក​ចិត្ដសាស្រ្ដ ​អញ្ជើញ​មកបកស្រាយពីការ​ថប់​អារម្មណ៍​និងការ​ខ្លាច​ដូច​ខាងក្រោមនេះ៖​
ការថប់​អារម្មណ៍​និ​ង​ការខ្លាច​ ពីអ្នក​ឯកទេស​ចិត្ដសាស្រ្ដ​ការថប់អារម្មណ៍​ និងក្លាយ​ជាបញ្ហា​ផ្លូវ​ចិត្តធ្ងន់ធ្ងរ​ នៅពេល​ដែល​វាមានសភាព​រ៉ាំរ៉ៃ ​និងរំខានដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង ​ហើយរំខាន​សមត្ថភាព​បំពេញ​ការងារ​របស់យើង។ ​អ្នកដែលមាន​ការថប់អារម្មណ៍​រ៉ាំរ៉ៃមាន​សញ្ញាណ​ដូចខាង​ក្រោម៖​
• តឹងណែន​សាច់ដុំ​• មានសភាពអស់​កម្លាំងល្ហិតល្ហៃ​• ខ្សោយការ​ចងចាំ ​ឬភ្លេចភ្លាំង​ច្រើន​• បែក​ញើស​បាតដៃ​• អារម្មណ៍​ភ័យខ្លាច​ឬច្របូកច្របល់​• ពុំមាន​អារម្មណ៍ស្ងប់​• មានទុក្ខ​ព្រួយជានិច្ច​• ដកដង្ហើម​ខ្លីៗ ដាច់ៗ​• ញ័របេះដូង ​ឬជីពចរ​ដើរញាប់​• ធ្វើទុក្ខ​ក្រពះ​• ខ្សោយការ​ផ្ចង់អារម្មណ៍​សញ្ញាណទាំងនេះ ​គឺបង្ហាញ​ពីស្ថានភាព​វិវត្តន៍​ទៅរកសភាព​ធ្ងន់ធ្ងរ​ ហើយវាល្មម​គ្រប់គ្រាន់​ធ្វើឲ្យបុគ្គល​នោះមានអារម្មណ៍​មិនសុខស្រួល​ មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន ​និងមានអារម្មណ៍​ថាខ្លួនឯង​តែលតោលឯកា។​

ការថប់​អារម្មណ៍​មានចែក​ជាច្រើន​ប្រភេទវា​អាស្រ័យ​ទៅលើ​សញ្ញាណ​នីមួយៗ ​និងស្ថានភាព​របស់វា​ ដែលបុគ្គល​ម្នាក់ៗជួប​ប្រទះ។​ ​ការថប់​អារម្មណ៍ ​ដែលនឹង​លើក​មកនិយាយ​មានដូចខាង​ក្រោម៖​• ការថប់​អារម្មណ៍​ទូទៅ​• ការតក់​ស្លុត​• ការថប់​អារម្មណ៍​ឬការខ្លាច​សង្គម ។ល។​ការថប់​អារម្មណ៍​ទូទៅ​ការថប់​អារម្មណ៍​ទូទៅ ​(Generalized Anxiety) ​សញ្ញាណ​ទូទៅ​របស់វា ​គឺបុគ្គលនោះ​មានការ​ព្រួយបារម្មណ៍​ហួសហេតុ​មិនចំពោះ​រឿង​អ្វីមួយច្បាស់លាស់។​ ជាធម្មតា​មនុស្ស​ទូទៅ​តែង​មានការ​ព្រួយបា​រម្មណ៍​ក្នុ​ងកម្រិត​ណាមួយ​ ឬ​ក្នុងចំណុច​ណា​មួយ​នៃជីវភាព​រស់​នៅប្រចាំ​ថ្ងៃរបស់​គេ​ ប៉ុន្តែ​សម្រាប់​អ្នកដែល​មានការ​ថប់អារម្មណ៍​ទូទៅ​គឺគេមានការ​ព្រួយ​បារម្មណ៍​ហួស​ប្រមាណ​ វាលើស​ពីស្ថាន​ភាព​ដែល​កើត​មាន ​ហើយមានផល​ប៉ះពាល​ពីការព្រួយ​បារម្មណ៍ខ្លាំង​ ទៅលើ​ខ្លួនគេ ​ហើយការ​ព្រួយបារម្មណ៍​នោះ ​ចេះតែបន្ត​កើត​មានឥត​ឈប់​ឈររយៈ​ពេលយូរ។​
គោល​សំខាន់​នៃការព្រួយបារម្មណ៍​របស់គេ​រួមមាន៖ ​ការបារម្មណ៍​ពីសុខភាព​ហួសហេតុ​ ការបារម្មណ៍​ពីបញ្ហា​សេដ្ឋកិច្ច​គ្រួសារហួស​ហេតុ ការបារម្មណ៍​ពីការទទួល​ខុសត្រូវការងារ​ហួសហេតុ ​ការព្រួយបារម្មណ៍​ពីសុវត្ថិ​ភាពសមាជិក​គ្រួសារហួស​ហេតុ ​សូម្បី​តែពេល​ខ្លះ​សមាជិក​គ្រួសារ​ណាម្នាក់​ត្រឡប់​មកផ្ទះយឺតយ៉ាវ​តិចតួច ​ក៏អាចធ្វើ​ឲ្យគេមាន​ការព្រួយ​បារម្មណ៍​ហួសវិស័យ​ដែរ។ ​ ការព្រួយ​បារម្មណ៍​ទាំងនោះ​ ហួសពី​សមត្ថភាព ​ដែលបុគ្គល​នោះអាច​គ្រប់​គ្រងខ្លួន​ឯងបាន ​ហើយ​អាចរំខាន​ដល់​កិច្ចការរបស់​គេទៀតផង។​ ឧទាហរណ៍ ​សិស្សសាលា​មានការបារម្មណ៍​ហួសហេតុ ​ខ្លាចមិនអាច​បញ្ចប់កិច្ចការ ដែល​គ្រូដាក់​ឲ្យ​ទាន់ពេល ​រហូតធ្វើ​ឲ្យគេអសមត្ថភាព​បំពេញកិច្ច​ការនោះ ​ឬឪពុកម្តាយ​ខ្លះមានការ​ព្រួយបារម្មណ៍​ហួសហេតុខ្លាច​កូនមាន​គ្រោះថ្នាក់​ពេល​ធ្វើដំណើរ​ទៅសាលារ​ហូតមិន​ឲ្យកូនធ្វើ​ដំណើរ ​ឬឈប់មិន​ឲ្យទៅសាលា។ល។​
 អារម្មណ៍ញ​ញើតញញើម​ទាំងនោះ ​អាចអមដោយ​បញ្ហារាងកាយ​មួយចំនួន​ផងដែរ​ដូចជា​ ឈឺចាប់​ និងតាន​តឹងតាម​សាច់ដុំ ​ឈឺក្បាល ​បទជើង​តូចញឹក​ញាប់ ​ពិបាកលេ​បចំណី​ (ដូចជាមាន​ដុំអ្វីដុះ​នៅបំពងក) ​ឬញាក់សាច់​ដុំជាដើម ។ ​សម្រាប់​មនុស្ស​មួយចំនួន ​ការថប់អារម្មណ៍ ​និងការព្រួយ​បារម្មណ៍​រ៉ាំរ៉ៃ ​អាចកើត​មានគ្រប់​កាលៈទេសៈ​ និងគ្រប់​ហេតុការណ៍​ទាំងអស់។ ​អ្នកជំនាញ​សុខភាព​កំណត់វាថា​ ជាការ​ថប់អារម្មណ៍​ទូទៅ ​(Generalized Anxiety)​ ខណៈពេលមូលហេតុ​ ដែល​បណ្តាល​ឲ្យកើត​មាន​ការថប់​អារម្មណ៍​នេះពុំ​មានកំណត់​ឲ្យបានច្បាស់​លាស់នោះទេ។ ​ជារួមអ្នក​ជំនាញយល់​ថា មូលហេតុ​ដែល​ បណ្តាល​ឲ្យកើត​មានការថប់​អារម្មណ៍​ទូទៅរួមមាន ​កត្តាជីវសាស្ត្រ ​និងបទពិសោធន៍​ពីព្រិត្តិការណ៍​រន្ធត់ណា​មួយ​ ដែលធ្លាប់​កើតមាន​ក្នុងជីវិត​របស់គេ។​ វាជារឿង​ធម្មតា​សម្រាប់​អ្នកមាន​ការថប់​អារម្មណ៍​ គឺតែងតែ​រួមមាន​បញ្ហា​វេជ្ជសាស្ត្រ​មួយ​ចំនួន​រួមផ្សំ​ផងដែរ ​ដូចជាភាព​ក្រៀមក្រំ ​(ធ្លាក់ទឹកចិត្ត) ​និងការភ័យ​រន្ធត់​ជាដើម។ ​ទាំងនេះ​អាចបណ្តាល​មកពី​ ប្រតិកម្មគីមី​ដែលអាច​កើត​មាននៅ​ក្នុងប្រព័ន្ធ​ប្រសាទ​នៃខួរក្បាល។​            សញ្ញាណ​មួយចំនួន​នៃការ​ថប់អារម្មណ៍​រ៉ាំរ៉ៃ៖​ចំណុច​សំខាន់​បំផុត​នោះ​គឺវាមាន​ភាពរ៉ាំរ៉ៃ ​និងការ​ព្រួយបារម្មណ៍​ដែល​មិនសមហេតុផល ​និងមិន​អាចបញ្ឈប់​បាន ​ហើយចេះ​តែបន្តកើតមានជាប់ៗ​គ្នាជានិរន្ត។ ​ការព្រួយបារម្មណ៍​ទាំងនោះ​អាចកើត​មានស្ទើរ​គ្រប់រឿង​ដែលមានដូចជា ​បញ្ហាសុខភាព ​បញ្ហាលុយកាក់ ​និងបញ្ហាការ​ទទួលខុស​ត្រូវលើ​កិច្ចការងារ។​ ការព្រួយ​បារម្មណ៍​ទាំងនោះ​ អាចបណ្តាល​ឲ្យមានផលប៉ះ​ពាល់ជា​អវិជ្ជមាន​ដល់​កិច្ចការ​ប្រចាំ​ថ្ងៃផង​ដែរ។​​
ការព្រួយ​បារម្មណ៍ទាំង​នោះ ​អាចរួម​ផ្សំ ​នឹងបញ្ហាសុខភាព​រាងកាយមួយ​ចំនួនផងដែរ ​រួមមាន​ដូចជា ​ញ័ររាងកាយ ​ឈឺចាប់​លើរាងកាយ ​តឹងណែនសាច់ដុំ ​ឈឺក្បាល​ បែកញើស​ឬក្តៅខ្លួន។ ​អ្នកនោះអាចមាន​អារម្មណ៍ដូចជា​ វិលមុខ ​ចង់រកផុតៗដង្ហើម​ ឆ្អើមៗ​ចង់ក្អួត​ និងចេះ​តែចង់​ទៅបន្ទប់ទឹក។​ មនុស្សមួយ​ចំនួនអាចមាន​អារម្មណ៍ដូចជា ​មានដុំសាច់​ដុះនៅក្នុង​បំពង់ក​របស់គេ ​និងងាយ​រញីរញ័រ ។​
ការ​ថប់អារម្មណ៍​រ៉ាំរ៉ៃ​ ជាទូទៅ​ងាយ​នឹងកើត​មានចំពោះ​ក្មេង​តូច(កុមារភាព)​និងមនុស្ស​វ័យជំទង់ ​ប៉ុន្តែក៏អាច​កើតមានផង​ដែរ​ចំពោះ​មនុស្ស​ពេញវ័យ។ ​ការថប់អារម្មណ៍រ៉ាំរ៉ៃ ​បើកើតមាន​ហើយអាចធ្វើ​ទុកញឹកញាប់​ និងមានរយៈ​ពេលយ៉ាងតិច​ប្រាំមួយខែ។​ អ្នកមានបញ្ហានេះ​នឹងមានអារម្មណ៍ថា​ ពិបាកគ្រប់​គ្រងការព្រួយ​ចិត្តរបស់​ខ្លួនណាស់។​ ជាងនេះ​ទៅទៀត​ក្នុងដំណាក់​កាលនេះ​អ្នកមានបញ្ហា ​អាចនឹង​មានបញ្ហារាង​កាយមួយ​ចំនួនផងដែរ​ ដែលទាក់ទង​នឹងការថប់​អារម្មណ៍នេះ ។ ​យ៉ាងហោចណាស់​មានសញ្ញាណបី​ក្នុងចំណោម​សញ្ញាណខាង​ក្រោមនេះ​អាចលេចឡើង​លើសពីប្រាំមួយ​ខែដូចជា៖​• ឆាប់រំភើ​បញីញ័រ​ មិនអាច​សម្រាក​បានស្រួល​• ងាយវិលមុខ​ អស់កម្លាំង​• មិនអាចផ្ចង់​អារម្មណ៍ ​និងហាក់​បីដូចជាគិត​មិនចេញ​អ្វីសោះ​• ក្រហល់​ក្រហាយ​ក្នុងរាងកាយ​ឬក្នុងពោះ​• តឹងណែន​សាច់ដុំ​• មានបញ្ហា​ដំណេក​ (ពិបាកគេង ឬ​គេងហើយ​ក្រោកមិនរួច​ គេងមិនស្កប់​និងគេង​មិនឆ្អែត)។​
ពិសេសជាងនេះ​ទៅទៀត ​អ្នកមានកា​រថប់អារម្មណ៍ ​និងការព្រួយ​បារម្មណ៍​គឺមិនកំណត់​ថាវាកើត​មានឡើង​ជាក់លាក់​ទៅលើ​បញ្ហាអ្វីមួយ​ ឬចំពោះ​ព្រឹត្តិការណ៍​អ្វីមួយច្បាស់លាស់​នោះទេ ​ដូចជាថាភាព​តក់ស្លុតដោយ​ហេតុការណ៍​ណាមួយនោះឡើយ ​ឬដោយសារ​រងភាព​អាម៉ាស់​ពីបញ្ហា​អ្វីមួយជាក់​លាក់ឡើយ ។ ​
បើមាន​ការថប់អារម្មណ៍ ​ឬការព្រួយបារម្ភ ​និងសញ្ញា​ណរាងកាយ​មួយ​ចំ​នួនវា​អាចធ្វើ​ឲ្យមានការ​លំបាក​ក្នុងការធ្វើ​ទំនាក់ទំនង​ក្នុងសង្គម ​ពិបាកក្នុង​ការបំពេញការ​ងារ និង​បញ្ហាផ្សេងៗ​មួយចំនួនទៀត។​ គួរចាំថាការ​ថប់អាម្មណ៍​ទូទៅមិនមែន​បណ្តាល​មកពី​បញ្ហាការ​ប្រើប្រាស់ថ្នាំ ​ឬគ្រឿង​ស្រវឹង​ ឬបញ្ហា​វេជ្ជសាស្ត្រនោះ​ដែរ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​