រឿង​ក្តី​វាយ​ថៅកែ​ភ្លេង កូនកំលោះ​ជាប់​ឃុំ កូនក្រមុំ​ទឹកភ្នែក

ខេត្តកណ្ដាល ៖ សំឡេង​ស្រែក​ទ្រហោយំ​បាន​លាន់ឮ​ទ្រហឹង នៅ​ក្នុង​បរិវេណ​សាលាដំបូង​ខេត្ត​កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា គ្រា​ដែល​ប៉េ​អឹ​ម​ខេត្ត​ចាប់​បញ្ជូន​ជន​ចាប់​ចោទ​៣​នាក់​មានកូន​កំលោះ ឪពុក និង​បង​បង្កើត មក​កាន់​សាលាដំបូង​ខេត្ត ដោយ​មាន​បំពាក់​ខ្នោះដៃ​ផង ព្រោះ​ជាប់ចោទ​ថា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រួត​គ្នា​វាយ​លើ​ថៅកែ​តន្ត្រីសម័យ និង​កូនប្រុស​ដែល​ធ្វើ​ប៉េ​អឹ​ម​ឱ្យ​រង​របួសធ្ងន់​ក្នុង​ថ្ងៃ​មង្គលការ ដោយសារ​តែ​មាន​វិវាទ​ការ​សុំ​លេង​បន្ត​៤-៥​បទ​មិន​បាន ក៏​ក្លាយជា​ជម្លោះ​ក្រោយ​ពី​កូន​ថៅកែ​ភ្លេង​ដក​កាំភ្លើង​បាញ់​មេឃ​កណ្ដាលរាត្រី​គំរាម​១​គ្រាប់ ។ សូម​មើលបន្ថែម បាញ់​ឡើង​លើ​១​គ្រាប់​គំរាម​អ្នក​រាំ ឪពុក​កូន​ថៅកែ​អក​កេះ​ត្រូវ​គេ​ព្រួត​វាយ​របួសធ្ងន់​ទាំង​២​នាក់ ។

សម្លេង​ស្រែក​ទ្រហោយំ និង​លាយឡំ​ជាមួយ​សម្រែក​សុំ​ឱ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ឱ្យ​ជនជាប់ចោទ​ទាំង​៣​នាក់  គឺ​បាន​ស្រែក​ទ្រហោពី​សំណាក់​កូនក្រមុំ សាច់ញាតិ ប្រពន្ធ កូន​ច្រើន​នាក់​ទៀត បាន​អង្រួន​ចិត្ត​អ្នក​ច្បាប់​ឱ្យ​រន្ធត់ ។ លោក​ព្រះរាជអាជ្ញា​សាលាដំបូង​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ដោះ​ខ្នោះដៃ​ចេញពី​ជនជាប់ចោទ​ទាំង​៣​នាក់ មុន​នឹង​នាំ​ចូល​បន្ទប់​សាកសួរ ។

នារី​វ័យ​១៦​ឆ្នាំ ឈ្មោះ ផូ​រ ស្រី​ភី​ម ដែល​ជា​កូនក្រមុំ​ខកខាន​រាត្រី​ទឹកឃ្មុំ​ក្នុង​យប់​ផ្សំ​ដំណេក ដោយសារ​កើត​មាន​អំពើ​ហិង្សា ក្នុង​ថ្ងៃជ័យ​មង្គល​របស់​ខ្លួន​នោះ បាន​ស្រែកយំ​ស្ទើរ​សន្លប់​នៅ​មុខ​កាំជណ្ដើរ​ឡើង​អគារ​តុលាការ បាន​ស្រែក​សុំ​ឱ្យ​តុលាការ​ដោះ​លែង​អ្នក​ទាំង​៣​នោះ​វិញ មាន​ឪពុកក្មេក កូនកំលោះ និង​បងថ្លៃ ដោយ​លើក​ឡើង​ថា ពួក​គាត់​ទាំង​៣​នាក់ គឺ​ពិតជា​គ្មាន​កំហុស​ដូច​ការ​ចោទប្រកាន់​របស់​សមត្ថកិច្ច​ឡើយ ។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ទាំង​៣​នាក់ គ្រាន់តែ​ជា​អ្នកសម្របសម្រួល និង​ឃាត់​កុំឱ្យ​មានការ​វាយតប់​គ្នា​នៅ​ក្នុង​ពិធី​មង្គលការ​របស់​នាង​តែ​ប៉ុណ្ណោះ តែ​បែរជា​ត្រូវ​ចាប់ខ្លួន​មានទោស​ទណ្ឌ​ទៅ​វិញ ។ សម្រែក​នេះ​សុំ​ឱ្យ​តុលាការ​ជួយ​រក​យុត្តិធម៌ ដល់​ពួក​គេ​ផង និង​ស្វែងរក​ជន​ដៃដល់ អ្នក​បង្កហេតុ​មក​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ទោះបី​សម្រែក​ទ្រហោយំ​លាន់ ឮ​កងរំពង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មន្ដ្រី​តុលាការ​ចេញ​មក​ពី​គ្រប់​បន្ទប់ធ្វើការ មក​អើត​មើល​យ៉ាងណា​ក្ដី ជនសង្ស័យ​ទាំង​បី​នាក់​នោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សាកសួរ នៅ​បន្ទប់​លោក​ព្រះរាជអាជ្ញា​ពេញ​មួយ​ព្រឹក រហូត​ដល់​ម៉ោងជាង​១១​ថ្ងៃត្រង់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ផ្ញើ​ទុក នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​វិញ ដោយ​មិន​ទាន់​ធ្វើការ​ចោទប្រកាន់​នៅឡើយ ។

រសៀល​ថ្ងៃ​ដដែល តុលាការ​បន្ត​និ​តិ​វិធី ។ បន្ទាប់​ពី​ស៊ើប​សួរ​ចប់ ចៅក្រម​លោក នួន វុ​ទ្ធី បាន​សម្រេច​ឃុំខ្លួន​កូនកំលោះ និង​បងប្រុស​ដាក់​ពន្ធនាគារ ។ ចំណែក​ឪពុក​ត្រូវ​បាន​ដោះ​លែង ។

មន្ដ្រី​តុលាការ​បានឱ្យ​ដឹង​ថា ជនជាប់ចោទ​ក្នុង​អំពើ​ហិង្សា​លើ​ក្រុម​តន្ដ្រីសម័យ ដែល​បាន​នាំ​ខ្លួន​មក​តុលាការ​នេះ ទី​១-​ឈ្មោះ ផាត សុ​គារ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កូនកំលោះ ទី​២-​ឈ្មោះ ផាត គ​ន្ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​បងប្រុស​ធ្វើ​ប៉ូលិស​ប៉ុស្ដិ៍ ទី​៣-​ឈ្មោះ ឡោ ផាត ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​ឪពុក ។ ជនជាប់ចោទ​ទាំង​៣​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​កៀនស្វាយ និង​ខេត្តកណ្ដាល​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា បន្ទាប់​ពី​មាន​អំពើ​ហិង្សា​លើ ក្រុម​តន្ដ្រីសម័យ បណ្តាល​ឱ្យឈ្មោះ លី ម៉​ន អាយុ​៥៨​ឆ្នាំ និង​ឈ្មោះ លី ម៉េ​ង ឬ​ឈាង សុខ​ម៉េ​ង អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រង​របួសធ្ងន់​ទាំង​ពីរ​នាក់ ឪពុក​កូន និង​ជា​ថៅកែ​ភ្លេង ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ឈ្មោះ ឡោ ផាត បាន​រៀបចំ​ពិធី​មង្គល​ការកូន ហើយ​បាន​ជួល​តន្ត្រីសម័យ​នៅ​ស្រុក​កោះធំ មក​លេង​កំដរ​ភ្ញៀវ​នៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ។ លុះដល់​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ ពេល​ភ្ញៀវ​មក​ហូប​ការ​បាន​ឡើង​រាំ​លេង​គ្រប់​ៗ​គ្នា​យា​៉​ង​សប្បាយ​រីករាយ ស្រាប់តែ​ក្រុម​តន្ត្រីករ​បាន​ប្រកាស​ថា ដល់​ម៉ោង​បិទ​ឈប់​លេង​ហើយ ។ ពេល​នោះ​ខាង​សាច់ញាតិ​កូនកំលោះ ក៏​បាន​ទៅ​សុំ​ឱ្យ​ភ្លេង​តន្ត្រី​ប្រគំ​៤​ទៅ​៥​បទ​ទៀត តែ​ក្រុម​តន្ត្រី​ទារ​ឱ្យ​ថែមលុយ មិន​ព្រម ក៏​កើត​ទំនាស់​ពាក្យ​សម្តី​គ្នា​ឡើង រវាង​អ្នក​សំណូមពរ​ដែល​កំពុង​រាំ​សប្បាយ និង​ក្រុម​តន្ត្រី ។

តាម​ប្រភព​ព័ត៌មាន​ជុំវិញ​បាតុភាព​នេះ បានឱ្យ​ដឹង​ថា ដោយសារ​អ្នក​រាំ​មិន​អស់ចិត្ត​បាន​សុំ​ឱ្យ​ក្រុម​តន្ត្រី​លេង​បន្ត​៤​ទៅ​៥​បទ​ទៀត​ប៉ុណ្ណោះ ព្រោះ​កំពុង​សប្បាយ តែ​ខាង​ភ្លេង​មិន​ព្រម ក៏​ផ្ទុះ​ការ​ស្រែក​ហ៊ោ​ទ្បូ​ទ្បា​ឌឺដង​ជា​ពាក្យ​សម្តី​ដាក់​ក្រុម​អ្នកភ្លេង ធ្វើ​ឱ្យ​កូន​ថៅកែ​ភ្លេង ដែល​ជា​មន្ត្រី​ប៉េ​អឹ​ម ខឹង​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​មេឃ​១​គ្រាប់ ។ បាញ់​១​គ្រាប់​ហើយ​ក៏​អា​មេ​បាញ់​ទៀត តែ​បាញ់​អត់​ចេញ ក៏​ត្រូវ​កូន​ម្ចាស់​ដើមការ ដែល​ជា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​មូលដ្ឋាន បាន​ស្ទុះ​ទៅ​ចាប់ដក​កាំភ្លើង យក​ទៅ​ប្តឹង​មេ​ប៉ុស្តិ៍ ។ បន្ទាប់​ពី​កូន​ម្ចាស់​ដើមការ​ចាប់ដក​យក​កាំភ្លើង​ទៅ​ប្តឹង​នាយ​ប៉ុស្តិ៍​រួច ថៅកែ​ភ្លេង​និង​កូនប្រុស ដែល​ជា​ម្ចាស់​កាំភ្លើង​បាន​ដើរ​ចេញ​មក​លើ​ផ្លូវជាតិ ក្រៅ​រោងការ​ក៏​ត្រូវ​ក្មេង​ស្ទាវ​ព្រួត​គ្នា​វាយ បណ្តាល​ឱ្យ​របួសធ្ងន់​ទាំង​២​នាក់ ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៥ វិច្ឆិកា នៅ​ក្នុងភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ។ ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ លី ម៉​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា​ថៅកែ​ភ្លេង បាន​រង​របួសធ្ងន់​ផ្នែក​ក្បាល​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម ។ ចំណែក​ឈ្មោះ លី ម៉េ​ង ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជា​មន្ត្រី​បេ​៉​អឹ​ម​លើ​ផ្ទៃ​ប្រទេស ប្រើប្រាស់​អាវុធ​ខ្លី​ម៉ាក​កា​៥៤​ផលិត​នៅ​ប្រទេស​ចិន គ្មាន​លេខ​នៅ​សល់​ក្នុង​បង់​៦​គ្រាប់ បាន​រង​របួសធ្ងន់​ផ្នែក​ក្បាល​និង​ដៃ ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ឪពុក​កូន​មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មោះ ផាត គ​ន្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​បន្ទាយដែក ត្រូវជា​បងប្រុស​បង្កើតកូន​ក​ម្លោះ​រស់នៅ​ភូមិ​ឃុំ​ខាងលើ និង​ជា​អ្នក​ចាប់ដក​យក​កាំភ្លើង​ពី​ឈ្មោះ លី ម៉េ​ង បាន​និយាយ​ថា នៅ​ថ្ងៃខែ​ឆ្នាំ​ខាងលើ ផ្ទះ​របស់​គាត់​បាន​រៀប​មង្គលការ​ប្អូនបង្កើត ហើយ​បាន​ជួល​តន្ត្រី​ពី​កោះធំ​មក​ប្រគំ​កំដរ​ភ្ញៀវ​ពេល​ផឹកស៊ី និង​រាំ​លេង​សប្បាយ​រហូត​ដល់​ម៉ោងជាង​១១​យប់ ក្រុម​ភ្លេង​ក៏​បិទ ។ ប៉ុន្តែ​ក្រុម​អ្នក​រាំ​ចាស់​ក្មេង បាន​សុំ​ឱ្យ​លេង​៤​ទៅ​៥​បទ​ទៀត តែ​ក្រុម​ភ្លេង​អត់​លេង ហើយ​និយាយ​ថា បើ​លេង​សុំ​លុយ​ថែម ។

ខណៈនោះ​ក្រុម​អ្នក​រាំ​ចាស់​ក្មេង​ក៏​ស្រែក​ហោ​ទ្បូ​ទ្បា​ឌឺដង​ដាក់​អ្នកភ្លេង ធ្វើ​ឱ្យ​កូន​ថៅកែ​ឈ្មោះ លី ម៉េ​ង ដែល​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ខឹង បាន​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់​ទ្បើ​ង​លើ​១​គ្រាប់ បណ្តាល​ឱ្យ​ធ្លុះ​ដំបូល​រោង ហើយ​អា​មេ​កាំភ្លើង​បម្រុង​បាញ់​ទៀត តែ​បាញ់​មិន​ចេញ​ក៏​ត្រូវ​ចាប់ដក​យក​កាំភ្លើង ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ។

ប្រភព​បន្ត​ថា ក្រោយ​ដក​យក​កាំភ្លើង​ពី​ឈ្មោះ លី ម៉េ​ង បាន​ហើយ គាត់​ក៏​ឃាត់​អ្នក​រាំ​ទាំងនោះ ឱ្យ​ឈប់​មាត់ ព្រោះ​ដល់​ម៉ោង​គេ​បិទ​ហើយ នាំ​គ្នា​ទៅ​ផ្ទះ​ទៅ ប៉ុន្តែ​ពួក​គេ​មិន​ស្តាប់​ទេ ។ ដោយ​មើលឃើញ​សភាពការណ៍​មិន​ស្រួល ក៏​ធ្វើ​ពាក្យ​ប្តឹង​រាយការណ៍​ប្រាប់​នាយ​ប៉ុស្តិ៍​របស់​ខ្លួន ។

ខណៈ​សភាពការណ៍​កំពុង​ច្របូកច្របល់​ដោយសារ​ឮ​បាញ់កាំភ្លើង​មនុស្ស​ក្មេង​ចាស់​មក​កាន់តែ​ច្រើន ស្រាប់តែ​ម្ចាស់​ភ្លេង​២​នាក់ ឪពុក​និង​កូន នាំ​គ្នា​ដើរ​ទ្បើ​ង​មក​លើ​ថ្នល់ជាតិ​ក្រៅ​រោងការ ជា​កន្លែង​ងងឹត​ក៏​ត្រូវ​ក្រុម​ជន​មិន​ស្គាល់​មុខ ព្រួត​គ្នា​វាយ​ឱ្យ​របួសធ្ងន់​តែ​ម្តង ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ លោក​អនុសេនីយ៍ឯក វង សែ អធិការរង​នគរបាល​ស្រុក​កៀនស្វាយ​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ឱ្យ​ដឹង​ថា ករណី​នេះ​រូប​លោក​ទទួល​បាន​តែ​ពាក្យបណ្តឹង​ប្រើប្រាស់​អាវុធ និង​ផ្ទុះអាវុធ​ពេល​យប់​បង្ក​ការ​ភ្ញាក់ផ្អើល​ប៉ុណ្ណោះ ។ ចំណែក​ករណី​បង្ក​របួស​ស្នាម​ភាគី​រង​គ្រោះ​គេ​ប្តឹង​ទៅ​ប៉េ​អឹ​ម​ជា​អ្នក​ធ្វើ ។ ក្នុង​ករណី​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា គេ​ឃើញ​មាន​កម្លាំង​ប៉េ​អឹ​ម​ស្រុក​ខេត្ត​ជា​ច្រើន​នាក់ ដឹកនាំ​ដោយ​លោក ហេង ផង ចុះ​មក​អញ្ជើញ​ម្ចាស់​ដើមការ​ចំនួន​៣​នាក់​យក​ទៅ​សួរនាំ​នៅ​កងរាជអាវុធហត្ថ​ស្រុក ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់ ។ ទោះបីជា​បែប​ណា អ្នក​ទាំង​៣​បាន​ក្លាយទៅជា​ជនជាប់ចោទ​ទៅ​វិញ ដែល​ធ្វើ​ឱ្យ​មាន​សម្រែក «​អយុត្តិធម៌​ណាស់​» ៕​