បំបែកសំណុំរឿង​ឃាតកម្មបាញ់​សម្លាប់​មន្ត្រី​យោធា​ម្នាក់ដោយសារ​ស្នេហា​ត្រីកោណ

បំបែកសំណុំរឿង​ឃាតកម្មបាញ់​សម្លាប់​មន្ត្រី​យោធា​ម្នាក់ដោយសារ​ស្នេហា​ត្រីកោណ

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​បាន​ប្រឹងប្រែង​អស់​រយៈពេល​៤​ថ្ងៃ ក្នុង​ការ​ស្វែង​រកមុខ​ឃាតករ ដែល​បាញ់​សម្លាប់​មន្ត្រី​យោធា​ម្នាក់ កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ស្រុក​ភ្នំព្រឹក ទីបំផុត​សមត្ថកិច្ច​ឈាន​ដល់​ការ​បំបែកសំណុំរឿង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មន្ត្រី​យោធា​នៅ​ក្នុង​អង្គភាព​កងពលតូច​លេខ​៥៣ កាលពី​ព្រលប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ដែល​អំពើ​ឃាតកម្ម​នេះ​ត្រូវ​គេ​សង្ស័យ​ថា ផ្ដើម​ចេញពី​រឿង «​ស្នេហា​ត្រីកោណ​» ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត ដែល​បាន​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ មាន​ប្រសាសន៍​ថា ជនសង្ស័យ​ឈ្មោះ នី នឿ​ត អាយុ​៥១​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​កងពលតូច​លេខ​៥៣ ។ ជន​នេះ​ត្រូវ​បាន​ឃាត់ខ្លួន បន្ទាប់​ពី​មាន​កិច្ចសហការ​ពី​លោក​មេបញ្ជាការ​កងពលតូច​លេខ​៥៣ និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ណ​គ​របាល​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​។ លោកស្នងការ​រង​បញ្ជាក់​ថា ការ​ស៊ើបអង្កេត​ស្វែង​រកមុខ​ជនសង្ស័យ​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​មន្ត្រី​យោធា​នេះ ហាក់​មាន​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង ទម្រាំ​ឈាន​ដល់​ការ​វែកមុខ​ជនសង្ស័យ ដោយសារ​តែ​ជន​ដៃដល់​ជា​មន្ត្រី​យោធា​។ លោក ជេ​ត វណ្ណ​នី បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​នូវ​កំហុស​របស់​ខ្លួន ។ បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ជន​នេះ ការ​បាញ់​សម្លាប់​ជន​រង​គ្រោះ គឺ​ផ្ដើម​ចេញពី​រឿង «​ស្នេហា​ត្រីកោណ​» ។

សូម​បញ្ជាក់​ថា ជន​មិន​ស្គាល់​មុខ​បាន​ប្រើប្រាស់​អាវុធ​ខ្លី​ឆ្មក់​ចូល​ទៅ​បាញ់ប្រហារ​បុរស​ម្នាក់​ឈ្មោះ លី គឹ​ម​ឈុ​ន អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​កងពលតូច​លេខ​៥៣ កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា គ្រា​ដែល​កំពុង​ដេក​នៅ​លើ​គ្រែ​ក្នុង​ក្យូ​ស​ខាង​មុខ​ផ្ទះ​ម្នាក់ឯង ស្ថិត​ក្នុងភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ត្រូវ​ចំ​ក្បាល​មួយ​គ្រាប់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ម​ជ្ឍ​ដ្ឋា​ន​នានា​បាន​ដាក់​ការ​សង្ស័យ​ជំហាន​ដំបូង​ថា អំពើ​ឃាតកម្ម​នេះ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​វិវាទ​ដីធ្លី ព្រោះ​បាន​កើតឡើង​ក្រោយ​ពី​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​ចូលរួម​វាស់វែង​ដី​មាន​ជម្លោះ​មួយ​កន្លែង​នៅ​ថ្ងៃ​កើតហេតុ​នោះ ។

កម្លាំង​សមត្ថកិច្ច​បាន​ប្រឹងប្រែង​បំផុត ក្នុង​ការ​ស៊ើបអង្កេត​ស្វែង​រកមុខ​ឃាតករ​ក្រោយ​ពេល​កើតហេតុ ទៅ​តាម​ការ​បំភ្លឺ​នានា​ពី​សាក្សី ដែល​បាន​ប្រទះ​ឃើញ​មុខសញ្ញា​ជិះ​ម៉ូតូ​ទៅ​ឈប់​ខាង​មុខ​ផ្ទះ​ជន​រង​គ្រោះ មុន​ពេល​កើតហេតុ និង​អំពី​ប្រវត្តិ​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​រវាង​មុខសញ្ញា​នោះ និង​គ្រួសារ​ជន​រង​គ្រោះ ទើប​កម្លាំង​ជំនាញ​ផ្ដោត​សំខាន់​លើ​សំណុំរឿង​នេះ ច្រើន​ជាង​សំណុំរឿង​ដីធ្លី រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង ។

នៅ​ពេល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ ដំបូង ជនសង្ស័យ​ឈ្មោះ នី នឿ​ត បាន​ព្យាយាម​ឆ្លើយ​បដិសេធ​ចំពោះ​សកម្មភាព​របស់​ខ្លួន ប៉ុន្តែ​ក្រោយ​ពី​មានការ​បំភ្លឺ​ចំ​ៗ​របស់​សាក្សី ទើប​ជន​នេះ​ឆ្លើយ​សារភាព​នូវ​ទ​ង្វើ​របស់​ខ្លួន ។ ជន​ដៃដល់​រូប​នេះ​បាន​សារភាព​ថា ខ្លួន​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​រាប់អាន​គ្នា​ជា «​បងប្អូន​ធម៌​» យូរហើយ ។ ជន​នេះ​និយាយ​ថា រយៈពេល​នៃ​ការ​រាប់អាន​ជា​បង​ប្អូនធម៌​នេះ ខ្លួន​ក៏​បាន​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ​សឿ​ន ស៊ី​វន ហៅ​ឡា​ង ដែរ និង​បាន​ទូរស័ព្ទ​ណាត់ជួប​គ្នា​ញឹកញាប់​ទៀត​ផង​។ ប៉ុន្តែ​ចម្លើយ​ជនសង្ស័យ​ជា​បងធម៌​នេះ ត្រូវ​ប្អូនធម៌​ឈ្មោះ​សឿ​ន ស៊ី​វន ហៅ​ឡា​ង បដិសេធ​ថា គាត់​មិន​ពាក់ព័ន្ធ​រឿង​ស្នេហា​ជាមួយ​បងធម៌​ឈ្មោះ​នី នឿ​ត នេះ​ទេ គឺ​គ្រាន់តែ​រាប់អាន​គ្នា​ជា​ធម្មតា​ប៉ុណ្ណោះ​។

លោកស្នងការ​រង ជេ​ត វណ្ណ​នី  បាន​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ថា សមត្ថកិច្ច​បាន​រក​ឃើញ​មាន​ភស្ដុ​តាង​ជា​ច្រើន ដែល​អាច​បញ្ជាក់​បាន​ថា ជន​ដៃដល់ និង​ប្រពន្ធ​ជន​រង​គ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា ។ លោក​បញ្ជាក់​បន្ថែម​ថា បើ​តាម​ចម្លើយ​ជន​ដៃដល់​សារភាព​ថា ខ្លួន​បាន​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្អូនធម៌​ស្រី​(​ប្រពន្ធ​ជន​រង​គ្រោះ​)​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ តែ​ប្រពន្ធ​ជន​រង​គ្រោះ​បាន​បដិសេធ​ចំពោះ​ចម្លើយ​ជនសង្ស័យ​។

លោកស្នងការ​រង ថ្លែង​ថា ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​គ្រប់​បែប​យ៉ាង​នូវ​ទ​ង្វើ​របស់​ខ្លួន ហើយ​ករណី​បាញ់​សម្លាប់​មន្ត្រី​យោធា​ខាងលើ​នេះ គឺ​អាច​សន្និដ្ឋាន​បាន​ថា ជា​អំពើ​ឃាតកម្ម​ដែល​ផ្ដើម​ចេញពី​រឿង «​ស្នេហា​ត្រីកោណ​» ។ ពេល​នេះ មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជន​ដៃដល់​ទៅ​តុលាការ​ហើយ ៕