ក្រុម​អ្នក​តវ៉ា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នាំ​គ្នា​ហែម​ឈូស ព្រមាន​បន្ត​ធ្វើ​បាតុកម្ម​មិន​ឈប់​បើ​អាជ្ញាធរ​មិន​អើពើ

ក្រុម​អ្នក​តវ៉ា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នាំ​គ្នា​ហែម​ឈូស ព្រមាន​បន្ត​ធ្វើ​បាតុកម្ម​មិន​ឈប់​បើ​អាជ្ញាធរ​មិន​អើពើ

ខេត្តបន្ទាយមានជ័យ ៖ រឿង​ផល​ប៉ះពាល់​ដី​ចំណី​ផ្លូវ​រថភ្លើង ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ជា​បញ្ហា​ចោទ​ដដែល ដោយ​សារ​ការ​តវ៉ា​ជា​ច្រើន​លើក​របស់​ប្រជាពលរដ្ឋ​មិន​ត្រូវ​អាជ្ញាធរ​រវល់​អើពើ ហើយ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​លី​មឈូស​ទៅ​តវ៉ា ដោយ​លើក​ឡើង​ថា នេះ​ជា​លើក​ទី​១០​ហើយ ព្រោះតែ​គ្មាន​ដំណោះស្រាយ​។ អ្នក​តវ៉ា​ទាំងនោះ​ពី​សង្កាត់​ប៉ោយ​ប៉ែ​ត និង​សង្កាត់​ផ្សារ​កណ្តាល​ប្រហែល​ជាង​៥០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ដី​ចំណី​ផ្លូវ​រថភ្លើង ហើយ​មិន​ទាន់​ទទួល​បាន​គោលនយោបាយ​ដោះស្រាយ​ពី​អន្តរក្រសួង​នៅឡើយ ។

ការ​តវ៉ា​លើក​នេះ​គេ​កត់សម្គាល់​ឃើញ​ថា ខុស​ពី​ការ​តវ៉ា​លើក មុន​ៗ ព្រោះ​មាន​ទាំង​កុមារ​តូច​ៗ​មួយ​ចំនួន​ផង​ដែរ បាន​ចូលរួម​ជាមួយ​ឪពុក ម្តាយ​របស់​ពួក​គេ ។ អ្នក​តវ៉ា​ស្រែ​កថា មក​ពី​អាជ្ញាធរ​មិន​ដែល​រក​ដំណោះស្រាយ​ឲ្យ​ទើប​លើក​នេះ​នាំ​យក​ទាំង​កូន​មក​ជាមួយ ព្រោះ​ថាបើ​ពួក​គាត់​មិន​ទទួល​បាន​ដី កូនប្រុស ស្រី​របស់​ពួក​គាត់​ក៏​មិន​បាន​ដី​ដូច​គ្នា​នា​ពេល​អនាគត ។ ពិសេស​ការ​តវ៉ា​លើក​នេះ ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​ជាម​ឈូស​មួយ​ដោយ​ចារឹក​សរសេរ​អក្សរ​វាយប្រហារ​អាជ្ញាធរ​ដោយ​ចោទ​ថា ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ធ្វើ​ឲ្យ​បាត់បង់​ដី​របស់​ពួក​គាត់ ។

បុរស​ឈ្មោះ​ឆេ​ង ប៊ុ​ន​ហាក់ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ការ​តវ៉ា​លើក​នេះ​នៅ​ជា​រូបភាព​កំប៉ិកកំប៉ុក​នៅឡើយ តែបើ​អាជ្ញាធរ​នៅ​តែ​មិន​ព្រម​រក​ដំណោះស្រាយ ទេ​នឹង​បន្ត​ធ្វើ​បាតុកម្ម​ជា​រៀង​រហូត និង​ក្រោម​រូបភាព​ខ្លាំងក្លា​ជាង​នេះ ។ ការ​តវ៉ា​នេះ​មាន​២​ចំណុច ទី​១-​ចង់​ដឹង​ថា តើ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​កោះហៅ​ពួក​គាត់​ជា​តំណាង​៤​នាក់​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រោះ​កំហុស​អ្វី ? ទី​២-​សុំ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​គោរព​គោលនយោបាយ​របស់ ADB ឲ្យ​បាន​ត្រឹមត្រូវ គោរព​សិទ្ធិ​មនុស្ស និង​ដោះស្រាយ​គោលនយោបាយ​ដីធ្លី​ប៉ះពាល់​របស់​ពួក​គាត់​ជា​សំណង​ឲ្យ​ស្រប​តាម​តម្លៃ​ទីផ្សារ នា​ពេល​បច្ចុប្បន្ន ។

ឈ្មោះ​ឆេ​ង ប៊ុ​ន​ហាក់ បាន​លើក​ឡើង​ថា ការ​តវ៉ា​មាន​មឈូស គឺ​ចង់​បញ្ជាក់​អត្ថន័យ​ថា​មឈូស​នេះ​សម្រាប់​ដាក់​មន្ត្រី​ខិលខូច មន្ត្រី​រំលោភ​បំពាន​ដី​ពលរដ្ឋ និង​មន្ត្រី​ពុក​រលួយ​។ បើ​ទោះជា​ក្រុម​អ្នក​តវ៉ា​លើក​ឡើង​ថា នេះ​ជា​លើក​ទី​១០​ក៏​ដោយ ប៉ុន្តែ​សម្រាប់​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត មិន​អើពើ​នឹង​ការ​តវ៉ា ឬ​ចេញ​បកស្រាយ​អ្វី​ឡើយ​ចំពោះ​មុខ​ពលរដ្ឋ គឺ​ឃើញ​មាន​តែ​សមត្ថកិច្ច​នគរបាល​៥​ទៅ​៦​នាក់ តាម​អង្វរ​សុំ​ក្រុម​អ្នក​តវ៉ា​ឲ្យ​បញ្ឈប់​សកម្មភាព និង​យក​មឈូស​នោះ​ចេញពី​មុខ​សាលាក្រុង ព្រោះ​វា​ពិបាក​ភ្នែក​មើល ។

ថ្វី​ដ្បិតតែ​ក្រុម​អ្នក​តវ៉ា​ស្តាប់​តាម​ការ​ស្នើ​សុំ​ពី​សមត្ថកិច្ច​នាំ​គ្នា​លី​មឈូស​ទៅ​វិញ តែ​លើក​ឡើង​ថា ពួក​គេ​នឹង​បន្ត​បាតុកម្ម​ឲ្យ​កាន់តែ​ខ្លាំង​ជាង​នេះ ប្រសិនបើ​អាជ្ញាធរ​ក្រុង​នៅ​តែ​មិន​អើពើ​រក​ដំណោះស្រាយ​ទេ ៕