សម្តេច​ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​

ភ្នំពេញ: នៅវេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន  បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់​ព័​ន្ឋ​មួយចំនួន នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី រយៈពេល ៣​ថ្ងៃ ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​ការអញ្ជើញ​របស់​លោក ដា​តូ ស្រ៊ី ម៉ូដ ណា​ជីប នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។​

​គណៈប្រតិភូ​អមដំណើរ រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​ដទៃទៀត​។​

ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា នៅក្នុង​អំឡុងពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ម៉ា​ល់​ខូ​ម ធើ​ន​ប៊ូល នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​លោក​ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ឥណ្ឌា​៕​