សមត្ថ​កិច្ច​ប្រគល់​ទ្រព្យ​​ដែល​ប្រមូល​ពី​ផ្ទះ​ពលរដ្ឋ​មួយ​គ្រួសារ​ពេល​ឆែក​រក​គ្រឿង​ញៀន​ឱ្យ​ម្ចាស់​វិញហើយ

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ​វិច្ឆិកា ​​២០១៥ ​ខាង​សមត្ថកិច្ច​នគរបាល​ក្រុងប៉ៃលិនបាន​ហៅ​ពលរដ្ឋ​មួយ​គ្រួសារមក​យក​សម្ភារដែល​សមត្ថ​កិច្ច​ប្រមូល​យក​មក​ទុក​នៅ​ស្នង​ការ​​ត្រឡប់​ទៅផ្ទះវិញ ​បន្ទាប់​ពី​​​ឆែកឆេរ​រកគ្រឿងញៀន​មិន​ឃើញ ​កាលពី​ថ្ងៃ​ទី​១៣  ​វិច្ឆិកា ​​២០១៥ កន្លង​ទៅ ។

លោក ម៉ោ​ក ចៀន  ដែល​ជា​ម្ចាស់ទ្រព្យ​សម្បត្តិ​ទាំងនោះ បានឱ្យ​ដឹង​ថា ខាងសមត្ថកិច្ច​នគរបាល​នៃ​ស្នងការ​ខេត្ត​ប៉ៃលិនបាន​ទូរស័ព្ទ​ហៅ​គាត់​ឱ្យមក​យក​សម្ភារដែល​សមត្ថ​កិច្ច​រឹបអូស​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​រូប​គាត់​ និង​ក្រុមគ្រួសារ​ក៏​បាន​យក​រថយន្ត​ច្នៃ​មក​ដឹក​សម្ភារទាំងនោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លោក​បន្ត​ទៀត​ថា សម្ភារ​ទាំងអស់​មិន​គ្រប់​ចំនួន​ទេ ប៉ុន្តែ​លោក​មិន​បាន​ទាមទារ​អ្វី​ទេ គ្រាន់តែ​សំណូមពរយក​របស់​សំខាន់​មួយ​ចំនួន​ដូច​ជា​ឈើ ភួយ​ដណ្តប់​ចំនួន​២ ស្បែក​ជើង ​ឃ្វែ​រ​២​គូ​, ​អាវរ​ងារ​ចំនួន​៥, កង់​រថយន្ត​ធំ​១​គ្រាប់​, ក្រៅពី​នោះ​គាត់​មិន​ចង់បាន​អ្វី​ទៀត​ទេ ។

​ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ លោក ឡេ​ង ឈី​ម អធិការរង​ក្រុងប៉ៃលិនបានឱ្យ​ដឹងថា  លោក​ទទួលស្គាល់​ថា របស់​ទាំងនេះ​ពិតជា​មាន​មែន ប៉ុន្តែ​បាន​ទុក​រប៉ាត់រប៉ាយ​នៅ​កន្លែងផ្សេង​គ្នា កំពុង​តែ​ប្រមូលរបស់​ទាំងនេះ​ឱ្យទៅ​គាត់​វិញ នៅ​ពេល​ថ្ងៃស្អែក​បន្ថែម សូមកុំ​ព្រួយបារម្ភ​ខ្លាចបាត់បង់ ចំណែក​ឈើប្រណីត​ខាង​ព្រះរាជអាជ្ញា​បាន​ដកហូត​ទុ​ក​ប្រគល់​ឱ្យ​ខាង​មេព្រៃ​។

សូម​បញ្ជាក់​ថា​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​សមត្ថកិច្ច​នគរ​បាល​ក្រុងប៉ៃលិន​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង ថុ​ល​ គឹ​ម​ហ៊ឹង បាន​ចុះ​ឆែក​ឆេរ​រក​គ្រឿងញៀន​តែ​រក​មិនឃើញ ខណៈ​ម្ចាស់​មិន​នៅផ្ទះ នៅ​តែ​កូន​រត់​អស់​ទៀត​ខាង​សមត្ថកិច្ច​បាន​ប្រមូលសម្ភារជា​ច្រើន​យក​ទៅ​តុក​នៅ​ស្នងការ​ដ្ឋាន។

ពេល​នោះ​ដែរ​ខាង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក ជុំ​ សែន​សុទ្ធា បាន​ថ្លែងប្រាប់​ថា នេះ​ជា​ការ​បំបែកសម្បុក​កន្លែង​ប្រើប្រាស់​គ្រឿងញៀន​ដែល​ជា​ជំរក​ជក់ ​និង​ចែកចាយ​គ្រឿងញៀន​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ម្យ៉ាង​វិញទៀត​ពេល​កំលាំង​​ចុះ​ទៅ​ដល់​ខាង​ម្ចាស់ផ្ទះ​បាន​រត់គេច​ខ្លួន​អស់​មិន​មាន​អ្នក​នៅ​ដោះស្រាយ ទើប​លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​យក​សម្ភារទាំងនោះ​មក​ដើម្បី​ឱ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​។​

លោក​បន្ថែម​ទៀត​ថា​ ក្រោយ​ពី​បាន​ស៊ើប​សួរ​ទើប​សម្រេច​ប្រគល់​សម្ភារឱ្យទៅ​ម្ចាស់​វិញ ​តែ​ចំណែក​ឈើប្រណីត​លោក​ថា​នឹង​ប្រគល់​ឱ្យទៅ​រដ្ឋបាល​ព្រៃឈើ​៕​