ភាពតានតឹង កំពុងគ្របដណ្តប់ អ៊ីតាលី បន្ទាប់ពីរកឃើញ កាបូបសង្ស័យ បង្កប់គ្រាប់បែក

រ៉ូម៖ ប្រទេសអ៊ីតាលី កំពុងតែប្រឈមមុខ នឹងភាពតានតឹងជាខ្លាំង ទាំងផ្នែកសតិ អារម្មណ៍របស់ ប្រជាជន និង ការប្រុងជើងការខ្ពស់ របស់អាជ្ញាធរការពារសន្តិសុខ បន្ទាប់ពីប៉ុន្មានថ្ងៃមុននេះ ដែលពួករដ្ឋអ៊ីស្លាម ISIS ប្រកាសថា អ៊ីតាលី ក៏ស្ថិតនៅក្នុងគោលដៅនៃ ការវាយប្រហារ របស់ ខ្លួនផងដែរ។ នេះបើតាមការផ្សាយ របស់ស៊ិនហួ នៅ ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៥។

មិនត្រឹមតែជាការគម្រាមនោះទេ ដែលនាំឲ្យកើតមាននូវភាពតានតឹងនោះ ក៏ប៉ុន្តែកាលពីថ្ងៃ ព្រហស្បតិ៍ ម្សិល មិញនេះ កាបូបសង្ស័យចំនួន ៣ ត្រូវបានក្រុមត្រួតពិនិត្យរកឃើញនៅតាម ផ្លូវក្រោមដី នៃទីក្រុង រ៉ូម និង មីឡេន។ ក្រុមជំនាញខាងគ្រាប់បែក បានទៅដល់កន្លែង សង្ស័យ ហើយពិនិត្យមើល កាបូបទាំងនោះ ទើបដឹងថាគ្រាន់តែជា អីវ៉ាន់ ដែលអ្នកដំណើរ ភ្លេចយកទៅតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ វិថីទាំងពីរខាងលើនេះត្រូវបានដាក់ឲ្យដំណើរការឡើងវិញ បន្ទាប់ពីមាន ការត្រួតពិនិត្យសុវត្ថិភាព រួចនៅថ្ងៃដដែលនោះ។ គួរបញ្ជាក់ថា ស្ថានទូតអាមេរិក បានចាត់ទុក តំបន់ខាងលើនេះ ជាកន្លែងដែលអាចទទួល រងការវាយ ប្រហារពីពួកភេរវករ ជាពិសេសគឺ ទីលាននៃទីក្រុងរ៉ូម និង មីឡេន ដែលជាកន្លែងប្រជុំជន ដ៏សម្បើម របស់អ៊ីតាលី៕

ភាពតានតឹង កំពុងគ្របដណ្តប់ អ៊ីតាលី បន្ទាប់ពីរកឃើញ កាបូបសង្ស័យ បង្កប់គ្រាប់បែក