អាជ្ញាធរ​ចុះ​ធ្វើ​កិច្ចសន្យា​ឈប់​ឱ្យ​ពលរដ្ឋ​តាម​ព្រំដែន​ជួល​ដីស្រែ​ឱ្យ​វៀតណាម

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ដែល​បាន​លួច​ជួល​ដីស្រែ​ឲ្យ​កសិករ​វៀតណាម​ធ្វើស្រែ​យក​ផល ដោយ​ជួល​មួយ​រដូវ​ក្នុង​១​ហិ​កតា​តម្លៃ​៤០០​ដុល្លារ បាន​លើក​ហេតុផល​ថា ដោយសារ​ពួក​គាត់​គ្មាន​ដើមទុន គ្មាន​ឧបករណ៍​កសិកម្ម និង​ខ្វះ​បច្ចេកទេស ខ្វះ​កម្លាំង​ពលកម្ម មាន​តែ​ដី ទើបត្រូវ​បង្ខំចិត្ត​ជួល​ដីស្រែ​ឲ្យ​កសិករ​វៀតណាម ។ នៅ​ស្រុក​កំពង់​រោទ៍ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៤០​គ្រួសារ​ដែល​មាន​ដីស្រែ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន បាន​ជួល​ដី​ឲ្យ​វៀតណាម ។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឫស្សី​លៀប ឃុំ​សំ​យ៉ោ​ង ស្រុក​កំពង់​រោទ៍ និយាយ​ថា ភូមិ​ឫស្សី​លៀប មាន​ប្រជាពលរដ្ឋ​៧​គ្រួសារ​ដែលគ្មាន​លទ្ធភាព បាន​ជួល​ដីស្រែ​ឲ្យ​ប្រជាជន​វៀតណាម​ដែល​រស់នៅ​ជិត​ព្រំដែន ហើយ​មាន​ដីស្រែ​ក្បែរ​គ្នា​ធ្វើស្រែ​ក្នុង​១​ឆ្នាំ ចាប់ពី​២​ដង​ទៅ​បី​ដង និង​ជួល​ក្នុង​តម្លៃ​១​ឆ្នាំ​៤០០​ដុល្លារ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ចំណុច​ក្បែរ​ច្រករបៀង​ប៉ុស្តិ៍​សំ​យ៉ោ​ង មានឈ្មោះ ជុំ វ​ណ្ណី ជួល​ដីស្រែ​ឲ្យ​វៀតណាម​ចំនួន​៣៥​ហិ​កតា ក្រៅពី​នោះ​ក្នុង​មួយ​គ្រួសារ​១​ហិ​កតា ២​ហិ​កតា​ប៉ុណ្ណោះ​។

ទាក់ទិន​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ជួល​ដីស្រែ​ឲ្យ​វៀតណាម​ធ្វើ​នេះ​ដែរ មន្ត្រី​នគរបាល​វរ​ការពារ​ព្រំដែន​ប៉ុស្តិ៍​សំ​យ៉ោ​ង បាន​ឲ្យ​ដឹង​ថា ចំពោះ​ឈ្មោះ ជុំ វ​ណ្ណី ដែល​ជួល​ដីស្រែ​ចំនួន​៣៥​ហិ​កតា​ឲ្យ​ទៅ​វៀតណាម​ធ្វើស្រែ​នោះ ការ​ពិត​គឺ​ឈ្មោះ​ជុំ វ​ណ្ណី ជួល​កម្លាំង​ពលកម្ម​ជនជាតិ​វៀតណាម​ឲ្យ​មក​ធ្វើស្រែ​ឲ្យ ដោយ​ប្រជាជន​វៀតណាម​គេ​មាន​ជំនាញ​បច្ចេកទេស​ធ្វើស្រែ​ទទួល​បាន​ទិន្នផល​ខ្ពស់​។ ដូច្នេះ​គឺ​ជួល​កម្លាំង​ពលកម្ម​វៀតណាម​ឲ្យ​ធ្វើស្រែ​ចាបតាំង់ពី​ភ្ជួរ​រាស់ ព្រោះ ថែទាំ​ដាក់​ជី​បាញ់ថ្នាំ រហូត​ច្រូតកាត់​ប្រមូល​ផល​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​ករណី​ប្រជាពលរដ្ឋ​ជួល​ដីស្រែ​ឲ្យ​ប្រជាជន​វៀតណាម​នេះ​ដែរ លោក ពេជ្រ សាវ៉ា​ន់ អភិបាលស្រុក​កំពង់​រោទ៍ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា ចំពោះ​ឈ្មោះ ជុំ វ​ណ្ណី ហៅ​ល្វៃ​នោះ គឺ​គាត់​មាន​បងប្អូន​នៅ​ប្រទេស​វៀតណាម ដូច្នេះ​គាត់​មិន​បាន​ជួល​ទេ គាត់​គ្រាន់តែ​ឲ្យ​បងប្អូន​មក​ជួយ​ថែទាំ និង​ជួល​អ្នកបច្ចេកទេស​ឲ្យ​មក​ធ្វើស្រែ​ឲ្យ​ពេល​ព្រឹក​លុះ​ល្ងាច​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ចំពោះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់​រោទ៍ ប្រមាណ​ជា​៣០​ទៅ​៤០​គ្រួសារ ដែល​មាន​ដីស្រែ​ជិត​ព្រំដែន បាន​លួចលាក់​ជួល​ដីស្រែ​ឲ្យ​ប្រជាជន​វៀតណាម​ធ្វើស្រែ​យក​ផល​ហើយ​គ្មាន​ធ្វើ​កិច្ចសន្យាជួល​ត្រឹមត្រូវ​នោះ​ទេ ។ ប៉ុន្តែ​លោក​ទើបតែ​បានដឹង​ពេល​លោក​អភិបាលខេត្ត​ឲ្យ​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ជួល​ដី​ឲ្យ​វៀតណាម​នេះ ហើយ​បាន​ឲ្យ​មន្ត្រី​នគរបាល​វរ​ការពារ​ព្រំដែន​ចុះ​ធ្វើ​កិច្ចសន្យា​ឈប់​ជួល​ឲ្យ​វៀតណាម​បន្ត​ទៀត និង​បាន​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាលខេត្ត​អស់ហើយ​ពាក់​ព​ន្ធ័​នឹង​ប្រជាពលរដ្ឋ​ជួល​ដីស្រែ​ឲ្យ​ប្រជាជន​វៀតណាម​នេះ ។

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​លេខ​០៨ សរ ចុះ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​លក់​ឬ​ជួល​ដីស្រែ ដីចម្ការ ឬ​ដី​លំនៅ​ឋាន​នៅ​តាម​ព្រំដែន​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​នៅ​ប្រទេស​ជិតខាង​ទោះបី​ក្នុង​រូបភាព​ណា​ក៏​ដោយ ។ ក្នុង​ករណី​ដែល​មានការ​ជួល​ដី​រួច​ហើយ តែ​ពុំ​មាន​ឯកសារ​គតិ​យុ​ត្ត ឬ​កិច្ចសន្យា​ត្រឹមត្រូវ អភិបាលខេត្ត​ត្រូវ​ចាត់ចែង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បញ្ឈប់​មិន​ឲ្យ​មានការ​ជួល​ដី​នោះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិតខាង​បន្ត​ទៀត ។

ហេតុនេះ​ហើយ ទើប​លោក​អភិបាលខេត្ត បាន​ចាត់​ឲ្យ​លោក​អភិបាលស្រុក​គ្រប់​ស្រុក​-​ក្រុង​ជាប់​ព្រំដែន សហការ​ជាមួយ​មន្ត្រី​នគរបាល​វរ​ការពារ​ព្រំដែន​ចុះ​ស្រង់​ស្ថិតិ និង​ពិនិត្យ​កិច្ចសន្យា និង​ឯកសារ​គតិ​យុ​ត្ត​ដែល​ប្រជាពលរដ្ឋ​បាន​ជួល​ដី​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេស​វៀតណាម បើ​មាន​ឯកសារ​ត្រឹមត្រូវ​គឺ​ឲ្យ​ជួល​បន្ត​រហូត​បញ្ចប់​សុពលភាព តែបើ​គ្មាន​កិច្ចសន្យាជួល​ស្រប​តាម​គតិ​យុ​ត្ត​ត្រូវ​បញ្ឈប់​ឲ្យ​ជួល​បន្ត​ទៀត ៕