ធ្លាយ​សមាសភាព​តួ​អង្គ​ស្ដេច​កន​ខ្លះៗហើយ

ធ្លាយ​សមាសភាព​តួ​អង្គ​ស្ដេច​កន​ខ្លះៗហើយ

រឿង “ស្ដេច​កន” ដែល​បាន​សាយភាយ​ព័ត៌មាន​តាំង​ពី​ដំបូងពី​ទំហំ​និយោគ​ខ្ទង់​លាន​ដុល្លារ តួ​សម្ដែង​រាប់​ពាន់​នាក់នោះ បាន​​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ជា​ទូ​ទៅ​លើ​តួ​អង្គ​ស្ដេច​កន​ ថា​នឹង​បាន​ទៅ​លើ​តារា​ប្រុស​រូប​ណា?  ប៉ុន្តែ​ថ្មី​ៗ​នេះ មាន​តម្រុយ​ពី​សមាសភាព​តួអង្គ​ស្ដេច​កន​ក្នុង​រឿង​បែប​ប្រវត្តិសាស្ត្រ​ខ្មែរ​នេះ​ហើយ។

 

ធ្លាយ​សមាសភាព​តួ​អង្គ​ស្ដេច​កន​ខ្លះៗហើយ

 

បើ​តាម​ប្រភព​មួយ​មិន​បញ្ចេញ​ឈ្មោះ​បង្ហើប​ថា តារា​សម្ដែង អ៊ុន សិទ្ធា ត្រូវ​បាន​អ្នក​ដឹក​នាំ​រឿង​ជ្រើសរើស​សម្រាប់​តំណែង​សំខាន់​នេះ​ហើយ ក្រោយ​ឆ្លង​កាត់​ធ្វើ​តេស្ដ​តួ​សម្ដែង​ជា​ច្រើន​នាក់។ ក្រៅ​ពី​បង្ហើប​ពី​សមាសភាព​តួ​អង្គ​ស្ដេច​កន ប្រភព​នោះ​នៅ​បាន​ប្រាប់​ទៀត​ថា តួ​សម្ដែង​ផ្សេង​ទៀត ក៏​រើស​បាន​ស្រេច​បាច់​អស់​ហើយ​ដែរ។ “គេ​រើស​បាន​អស់​ហើយ អ៊ុន សិទ្ធា ជា​តួ​ស្ដេច​កន គេ​ចាំ​តែ​ថ្ងៃ​ចេញ​ថត​តើ តាម​ខ្ញុំ​លឺ ដូច​ជា​ត្រៀម​ក្រុង​ពាលី​ថត ឆាប់​ៗ​នេះ​ហើយ ដោយ​គ្រោង​ធ្វើ​នៅ​សៀមរាប” ប្រភព​បន្ថែម។

 

ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្ដី សាមី​ខ្លួន អ៊ុន សិទ្ធា បាន​បដិសេធ​ទៅ​វិញ​ដោយ​អះអាង​ថា គ្រាន់​តែ​បាន​ទៅ​ចូលរួម​សាក​សមត្ថភាព​ជាមួយ​គេឯង​ប៉ុណ្ណោះ ហើយ​មិន​ទាន់​បាន​ទទួល​លទ្ធផល​យ៉ាង​ណា​នោះ​ទេ ព្រោះ​មាន​បេក្ខភាព​ជា​ច្រើន​ប្រជែង​គ្នា​ធ្វើតេស្ត​ជា​តួ​ស្ដេច​កន។ លោក​និយាយ​ថា៖”ព្រោះ​តួ​សំខាន់​គេ​មិន​មែន​ចេះ​តែ​រើស​ឯណា​បង! ហើយ​ខ្ញុំ​អត់​ទាន់​ដឹង​ទេ​ថា តួ​មួយ​ណា​ជាប់​នោះ ព្រោះ​គេ​អត់​ទាន់​ខល​ប្រាប់​ផង”។

 

ម្ចាស់​ពាន​រង្វាន់​តារា​ប្រជាប្រិយ​រូប​នេះ​បន្ថែម​ថា មាន​បេក្ខភាព​ជា​ច្រើន​បាន​ទៅ​សាក​ល្បង​សមត្ថភាព​ធ្វើ​ជា​តួ​អង្គ​ស្ដេច​កន ហើយ​មាន​បេក្ខជន​ខ្លះ​បាន​ស្កាត់​មក​ពី​ខេត្ត​សៀមរាប​ទៀត​ផង ដែល​ពួក​គេ​សុទ្ធសឹងតែ​មាន​រូបរាង​សង្ហា ហើយ​មាន​ទម្រង់​បែប​ខ្មែរ កំពុង​ស្ថិត​នៅ​ក្នុង​ជម្រើស​អ្នក​ដឹក​នាំ​រឿង​ទៀត​ផង។ ម៉្លោះហើយ​លោក​​មិន​ទាន់​ដឹង​ថា អាច​មាន​ឱកាស​សម្ដែង​ជា​តួ​ស្ដេច​កន ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​រង់​ចាំ​ទូរសព្ទ​ពី​ក្រុម​ការងារ​ផលិត។

 

ជាមួយ​គ្នា​នោះ តារា​សម្ដែង​ខាង​លើ​បាន​រំឭក​ថា រូប​លោក​ធ្លាប់​បាន​ចូលរួម​សម្ដែង​ក្នុង​រឿង​បែប​បុរាណ​ជា​ច្រើន​មក​ហើយ​ដូច​ជា​រឿង”ព្រះ​ធិនវង្ស​នាង​ពៅ” និង​រឿង”ប៉ី​ស្នេហ៍​នាង​ហង្ស” ជា​ដើម។ រឿង​ទាំង​នោះ​មាន​ឈុត​ឆាក​ទូទៅ និង​ឈុត​ឆាក​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​ជិះ​សេះ ហែល​ទឹក និង​ឈុត​ឆាក​ផ្សេង​ទៀត។ ដោយ​ឡែក​ចំពោះ​រឿង​”ស្ដេច​កន” ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​នោះ អ៊ុន សិទ្ធា អះអាង​ថា មិន​ទាន់​ដាក់​ក្ដី​សង្ឃឹម​យ៉ាង​ណា​នោះ​ទេ។

ធ្លាយ​សមាសភាព​តួ​អង្គ​ស្ដេច​កន​ខ្លះៗហើយ រូបថត៖ Sabay Magz

ក្នុង​នាម​អ្នក​ដឹក​នាំ​រឿង ឯក​ឧត្ដម ម៉ៅ អាយុទ្ធ ធ្លាប់​មាន​ប្រសាសន៍​ថា ឯកឧត្ដម​ផ្ទាល់ និង​សមាគម​អ្នក​និពន្ធ​ខ្មែរ បាន​ចំណាយ​ពេល​វេលា​សិក្សា​ស្រាវ​ជ្រាវ​ដល់​ទៅ​ជាង​៣​ឆ្នាំ​ឯណោះ​មុន​សម្រេច​ថត​ជា​សាច់​រឿង​ស្ដេច​កន​ឡើ។ លោក​ថា ទាំង​អស់​នេះ ក៏​ជា​​លទ្ធផល​នៃ​ឯកសារ​ពិគ្រោះ ដែល​បាន​ដក​ស្រង់​ចេញ​ពី​ប្រភព​នានា​រួម​មាន “ឯកសារ​មហា​បុរស​ខ្មែរ” សៀវភៅសិក្សាសង្គមថ្នាក់ទី១១ របស់​ក្រសួង​អប់រំ​ឆ្នាំ​២០០០ និង​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​លោក ត្រឹង​ងា ជា​ដើម។

 

ដោយ​ឡែក ពាក់​ព័ន្ធ​ទៅ​នឹង​តួ​អង្គ​ស្ដេច​កន​នេះ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មានដដែល​ធ្លាប់​បង្ហើប​​មក​កាន់ Sabay ថា អាច​ជា​អ្នក​មក​ពី​ខេត្ត​សៀមរាប​ម្នាក់។ ទោះ​បី​ជា​យ៉ាង​ណា លោក​ក៏​ពុំ​បាន​ដឹង​ច្បាស់ពី​បញ្ហា​​នោះ​ទេ ព្រោះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ជ្រើសរើស​នៅ​ឡើយ។ ប៉ុន្តែ​ឯកឧត្ដម​ចង់​បាន​បុគ្គល​ដែល​សក្ដិសម​ឥត​ខ្ចោះ​ដើម្បី​សម្ដែង​ជា​តួ​ក្សត្រ​អង្គ​នេះ ដោយ​មិន​ប្រកាន់​ថា បុគ្គល​នោះ​ជា​តារា​ល្បី ឬ​មិន​ល្បី​ឡើយ៕

 

ចុះបញ្ហា​នេះ ​ប្រិយមិត្ត​​យល់​យ៉ាង​ណា​ដែរ?

 

អាន​អត្ថបទ៖  ខ្លះ​ៗ ជុំវិញ​​ដំណើរ​ការ​ផលិត​ខ្សែ​ភាពយន្ត​ប្រវត្តិសាស្ត្រ​រឿង “ស្ដេច​កន”

អានអត្ថបទ៖  ព្រះរាជ​ជីវ​ប្រវត្តិ​សង្ខេប​ “ស្ដេច​កន” ដក​ស្រង់​ពី​ឯកសារ​ប្រវត្តិសាស្ត្រ

 

អត្ថបទ៖ សំ ជំនាញ