ខ្សែ​ភាព​យន្ត​ពាន​រង្វាន់​អាស៊ី​ចំនួន​៧ នឹង​បង្ហាញ​ក្នុង​មហោ​ស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា


ខ្សែ​ភាព​យន្ត​ពាន​រង្វាន់​អាស៊ី​ចំនួន​៧ នឹង​បង្ហាញ​ក្នុង​មហោ​ស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា

ក្នុង​ឆ្នាំ​នេះ​ទស្សនិកជន​នឹង​មាន​ឱកាស​ទស្សនា​ខ្សែ​ភាពយន្ត​អាស៊ី​ល្បី​ៗ​ទាំង​៧​ ដែល​បាន​ទទួល​ពាន​រង្វាន់​ក្នុង​កម្មវិធី​ពាន​រង្វាន់​ភាព​យន្ត​​​អាស៊ី ដូច​ជា​ភាពយន្តរឿង ពន្លឺឥន្ទធនូ, អ្នកប្រមាញ់កំណាច, នាគ,​ ប៉ាម៉ាក់មិននៅផ្ទះ, រទេះ​, បាខាវ និង​ប្រអប់អាហារ។ ភាព​យន្ត​ទាំង​នោះ​មាន​បង្កប់​គ្រប់​រស​ជាតិ​ចម្រុះ​គ្នា​ រួម​មាន​រឿង​រ៉ាវ​ក្នុង​សង្គម​គ្រួសារ​ ឈុត​ឆាក​វាយ​ប្រហារ​ និង​មនោសញ្ចេតនា​ផ្អែម​ត្រជាក់ នៅ​តាម​បណ្តា​ប្រទេស​អាស៊ី​ ដូចជា​ហុងកុង​ ចិន ​សិង្ហបុរី កូរ៉េខាងត្បូង​ ហ្វីលីពីន និង​ឥណ្ឌា។
 
ខ្សែ​ភាព​យន្ត​ពាន​រង្វាន់​អាស៊ី​ចំនួន​៧ នឹង​បង្ហាញ​ក្នុង​មហោ​ស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា
 
កម្មវិធី​ដ៏​ពិសេស​នេះ​នាំ​មកជូន​ដោយ​បណ្ឌិត្យ​សភា​ទទួល​បន្ទុក​រៀបចំ​ពាន​រង្វាន់​ភាពយន្ត​អាស៊ី​ និង​មហោ​ស្រព​ភាពយន្ត​អន្តរ​ជាតិ​កម្ពុជា​ ក្រោម​ការ​គាំទ្រ​ដោយ​ទី​ភ្នាក់ងារ​ Create Hong Kong និង​មូល​និធិ​ នៃ​ការ​អភិវឌ្ឍន៍​ខ្សែ​ភាពយន្ត​ហុងកុង (Hong Kong Film Development Fund) របស់​រដ្ឋាភិបាល​ហុងកុង។
បណ្ឌិត្យ​សភា​ទទួល​បន្ទុក​រៀបចំ​ពាន​រង្វាន់​ភាព​យន្ត​អាស៊ី ​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ២០១៣​ ដោយ​មហោ​ស្រព​ភាពយន្ត​អាស៊ី​សំខាន់ៗ​ចំនួន​៣ រួម​មាន​មហោ​ស្រព​ភាព​យន្ត​​ប៊ូសាន់​អន្តរជាតិ​ មហោស្រព​ភាពយន្ត​ហុងកុង​អន្តរជាតិ​ និង​មហោស្រព​ភាពយន្ត​តូក្យូ​អន្តរជាតិ ក្នុង​គោល​បំណង​ជួយ​ផ្សព្វផ្សាយ​និង​រួម​ចំណែក​អភិវឌ្ឍន៍​ខ្សែ​ភាពយន្ត​អាស៊ី​និង​អ្នក​ជំនាញ​ដែល​ពាក់​ព័ន្ធ​ក្នុង​វិស័យ​នេះ។
 
គួរ​បញ្ជាក់​ផង​ដែរ​ថា បណ្ឌិត្យ​សភា​ទទួល​បន្ទុក​រៀបចំ​ពាន​រង្វាន់​ខ្សែ​ភាព​យន្ត​អាស៊ី (AFA Academy) តែង​តែ​ធ្វើការ​​រំលេច​ ក៏​ដូច​ជា​ពង្រឹង​ និង​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ខ្សែ​ភាពយន្ត​និង​វប្បធម៌​របស់​អាស៊ី​ តាម​រយៈ​កម្មវិធី​ពាន​រង្វាន់​ខ្សែ​ភាព​យន្ត​អាស៊ី​ប្រចាំ​ឆ្នាំ (AFA) ដោយ​ការ​រៀប​ចំ​​ផ្តួច​ផ្តើម​បង្កើត​​ថ្នាក់​ជំនាញ​ការ​អភិវឌ្ឍន៍​វិជ្ជាជីវៈ​ ក៏​ដូច​ជា​បង្កើត​កម្មវិធី​​បណ្តុះ​បណ្តាល​​និង​យុទ្ធសាស្រ្ត​នានា ​ដើម្បី​ទាក់​ទាញ​ទស្សនិក​ជន​ទាំង​ក្នុង​តំបន់ និង​ទូទាំង​ពិភព​លោក។ ជាមួយ​គ្នា​នេះ​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​អាស៊ី​នៅ​តាម​បណ្តា​ប្រទេស​នានា​​លើ​ពិភព​លោក​ជា​ពិសេស​​​​ក្នុងកម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​នឹង​ជួយ​ពង្រីក​វិសាល​ភាព​វិស័យខ្សែ​ភាពយន្ត​និងទីផ្សារ​អាស៊ី​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ។
 
ខាងក្រោមនេះគឺជាឈុតឆាកខ្លីៗនៃភាពយន្តពានរង្វាន់អាស៊ីទាំង៧ៈ
 

 
សូម​កុំ​ភ្លេច​រង់ចាំ​ទស្សនា​ភាពយន្ត​ទាំង​នេះ​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរ​ជាតិ​កម្ពុជា​លើក​ទី៦​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៤​ ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​តាម​រោង​ភាពយន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ។សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ http://cambodia-iff.com៕
 

ខ្សែ​ភាព​យន្ត​ពាន​រង្វាន់​អាស៊ី​ចំនួន​៧ នឹង​បង្ហាញ​ក្នុង​មហោ​ស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា